ការធ្វើតេស្តហោះហើរលើកទី២ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បញ្ចប់ដោយជោគជ័យ

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជោគជ័យលើការធ្វើតេស្តបច្ចេកទេសហោះហើរសាកល្បងលើកទី២របស់ខ្លួន


មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អះអាងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលត្រៀមដាក់ឱ្យដំណើរការនៅអំឡុងពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ បានបញ្ចប់ដោយជោគជ័យហើយ លើការធ្វើតេស្តបច្ចេកទេសហោះហើរសាកល្បងដំណាក់កាលទី២ នៅដើមសប្តាហ៍នេះ។ ខណៈគិតត្រឹមដំណាច់ខែឧសភាកន្លងមក អាកាសយានដ្ឋាននេះសម្រេចបានការសាងសង់ជាង៩៦% ហើយ។
ការធ្វើតេស្តហោះហើរលើកទី២ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បញ្ចប់ដោយជោគជ័យ រូបថត៖ កម្ពុជាមាតុភូមិខ្ញុំ​ - Panharoth Kim

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា មុននឹងឈានដល់ការដាក់ឱ្យដំណើរការជាផ្លូវការបាន អាកាសយានដ្ឋានសៀមរាបអង្គរ ត្រូវការធ្វើតេស្តទៅលើគ្រប់ឧបករណ៍ទាំងអស់ ពោលគឺការធ្វើតេស្តរវាងឧបករណ៍នៅលើដីទៅឧបករណ៍លើអាកាស និងតេស្តឧបការណ៍លើដីទៅនិងឧបករណ៍លើដីផងដែរ។ ឯកឧត្តម បានបញ្ជាក់ថា ជាទូទៅនៅក្នុងការធ្វើតេស្តសាកល្បងមុននឹងសម្រេចការហោះហើរជាផ្លូវការនោះ គឺត្រូវធ្វើតេស្ដជាច្រើនដំណាក់កាល គឺតេស្តលើកទី១ និងទី២ ហើយប្រសិនជាការតេស្តលើកទី២ មិនសម្រេចបានជោគជ័យទេនោះ គឺត្រូវធ្វើតេស្តលើកទី៣បន្ថែមទៀត។ ក៏ប៉ុន្ដែ សម្រាប់ការធ្វើតេស្តបច្ចេកទេសហោះហើរសាកល្បងដំណាក់កាលទី២ កាលពីដើមសប្តាហ៍នេះ គឺត្រូវបានបញ្ចប់ដោយភាពជោគជ័យ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា បើគ្មានការប្រែប្រួលទេនោះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងដាក់ឲ្យដំណើរការនៅអំឡុងពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ នេះ។ ហើយគិតត្រឹមដំណាច់ខែឧសភា ការសាងសង់ព្រលានយន្តហោះនេះសម្រេចបានជាង ៩៦% ហើយផងដែរ។

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលរូបនេះ បានគូសបញ្ជាក់ដែរថា តាមគម្រោងការធ្វើតេស្តសាកល្បងបច្ចេកទេសហោះហើរ និងឧបករណ៍បរិក្ខា និងសម្ភារៈពាក់ព័ន្ធនៅក្នុងអាកាសយានដ្ឋាននេះ គឺចាប់ផ្តើមពីថ្ងៃទី១១ ឧសភា និងបញ្ចប់ការធ្វើតេស្តទាំងអស់នៅដំណាច់ខែសីហា ឆ្នាំ២០២៣ខាងមុខ។ ក្រោយពីការធ្វើតេស្តឧបករណ៍ទាំងអស់រួចរាល់ហើយនោះ នឹងបន្តធ្វើតេស្តលើបទបង្ហាញផ្ទាល់ ពោលគឺធ្វើដូចទៅនឹងសកម្មភាពជាក់ស្តែង ពេលដំណើរការហោះហើរតែម្តង ដោយធ្វើតេស្ដសកម្មភាពពេលមនុស្សចូលទៅកន្លែងកត់ឈ្មោះចូល ( Check in ) ពេលចូលទៅផ្ញើឥវ៉ាន់ ពេលចូលឆ្លងកាត់ប្រព័ន្ធសន្តិសុខ ប្រព័ន្ធគយ សកម្មភាពឡើងទៅក្នុងយន្តហោះ និងសកម្មភាពពេលហោះហើរត្រលប់មកវិញផ្សេងៗទៀតផងដែរ។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន AIAI លើផ្ទៃដីប្រមាណ៧០០ហិកតា ដែលមានដីបម្រុងទុក១ពាន់ហិកតា ដោយគ្រោងចំណាយទុនវិនិយោគប្រមាណ១ពាន់១រយលានដុល្លារ ជាមួយរយៈពេលសាងសង់៣ឆ្នាំ ក្រោមលក្ខខណ្ឌវិនិយោគ BOT រយៈពេល៥៥ឆ្នាំ៕




អត្ថបទបន្ទាប់


ការនាំចេញរបស់ប្រទេសចិនបានធ្លាក់ចុះ ៧,៥% ក្នុងខែឧសភា

ការនាំចេញរបស់ប្រទេសចិនបានធ្លាក់ចុះកាលពីខែឧសភា ហើយនេះគឺជាការធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៣ ខែចុងក្រោយនេះ ស្របពេលដែលតម្រូវការសកលចុះ…

វិស័យឯកជនសង្ឃឹមថា រដ្ឋាភិបាលថ្មីរបស់ថៃនឹងរក្សាគម្រោងអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ចបូព៌ា

វិស័យឯកជននៅក្នុងប្រទេសថៃចង់ឲ្យរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោតកាលពីខែឧសភា បន្តគាំទ្រគម្រោងអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ចបូព៌ាដែលមានតម្លៃប្រមាណជា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ