សម្រាប់ក្រុមហ៊ុន Pfizer ការលក់របស់ក្រុមហ៊ុនមួយនេះ ត្រូវបានរំពឹងទុកថា នឹងកើនឡើងដល់ជាង ៧០ពាន់លានដុល្លារអាមេរិក ចាប់ពីពេលនេះរហូតដល់ឆ្នាំក្រោយ។ ចំនួននេះកើនឡើង ១៧% លើសពីការព្យាករណ៍ទុករបស់ក្រុមហ៊ុនកាលពីការប៉ាន់ស្មានលើកមុន។
ទន្ទឹមនឹងនេះ សម្រាប់ក្រុមហ៊ុន Moderna វិញត្រូវបានប៉ាន់ប្រមាណថា នឹងរកចំណូលបានដល់ជាង ៣៥ពាន់លានដុល្លារថែមទៀត ច្រើនជាងការព្យាករណ៍ពីមុនដល់ទៅ ២៥%។
តួលេខប៉ាន់ប្រមាណរបស់ក្រុមហ៊ុនផលិតវ៉ាក់សាំងទាំងពីរខាងលើ បានបង្ហាញឲ្យឃើញថា ជំងឺរាតត្បាតសកលកូវីដ១៩បានក្លាយជាឱកាសរកប្រាក់ដ៏សំខាន់ សម្រាប់អាជីវកម្មវ៉ាក់សាំង។ អាជីវកម្មវ៉ាក់សាំង ជាអាជីវកម្មមួយដែល ក្រុមហ៊ុនផលិតជាច្រើនបានបោះបង់ចោល ព្រោះវាត្រូវបានគេមើលឃើញថា ជាអាជីវកម្មមានការវិនិយោគនិងប្រើប្រាស់ដើមទុនច្រើន រីឯហានិភ័យផ្នែកច្បាប់វិញក៏មានខ្ពស់ដែរ ដោយហេតុថា វាទាក់ទងនឹងអាយុជីវិតរបស់មនុស្ស។
អ្វីដែលរុញច្រានឲ្យការលក់វ៉ាក់សាំងរបស់ក្រុមហ៊ុនទាំងពីរខាងលើកើនឡើង?
មានការសិក្សាក្រៅផ្លូវការនៅតាមប្រទេសមួយចំនួន បានបង្ហាញថា ប្រសិទ្ធភាពខែលការពាររបស់វ៉ាក់សាំង ទំនងជាអាចធ្លាក់ចុះទៅតាមពេលវេលាបន្ទាប់ពីយើងចាក់វ៉ាក់សាំងបានពីរដូសរួច។
ទន្ទឹមនឹងនេះ ក្រោយកូវីដ១៩បំប្លែងខ្លួនឌែលតា បានឆ្លងរាលដាលខ្លាំងក្លាយជាការព្រួយបារម្ភថ្មីមួយទៀត ប្រទេសជាច្រើន ដែលបានប្រើប្រាស់វ៉ាក់សាំវ៉ាក់សាំងទាំងពីរប្រភេទខាងលើ ដោយប្រទេសទាំងនោះ បានចាប់ផ្តើមប្រើប្រាស់យុទ្ធសាស្ត្រចាក់វា់ក់សាំងដូសជំរុញ ដល់ពលរដ្ឋរបស់ខ្លួនដែលបានចាក់វ៉ាក់សាំងទាំងពីរដូសរួច។
ប្រការទាំងនេះ បានធ្វើឲ្យតម្រូវការវ៉ាក់សាំងសម្រាប់ប្រើប្រាស់ជាដូសជំរុញនេះ មានការកើនឡើងជាបន្តបន្ទាប់ ដែលជាហេតុធ្វើឲ្យក្រុមហ៊ុនធំៗទាំងពីរគឺ Pfizer និង Moderna រកបានប្រាក់ចំណេញកាន់តែច្រើន។
សូមជម្រាបថា ទន្ទឹមនឹងការលក់វ៉ាក់សាំងកើនឡើងនេះ ក្រុមហ៊ុនទាំងពីរក៏បានដំឡើងតម្លៃលក់វ៉ាក់សាំងរបស់ខ្លួនផងដែរ ដោយគិតជាមធ្យមក្រុមហ៊ុនទាំងពីរឡើងថ្លៃពីចន្លោះ ១៥% ទៅ ២៥%ពីតម្លៃដែលគេធ្លាប់លក់ចេញកាលគ្រាមុន៕