ការនាំចេញអង្ករ​

ការនាំចេញអង្កររបស់កម្ពុជាឆ្នាំ២០២០ កំពុងមាននិន្នាការកើនឡើង ខណៈថៃ និងវៀតណាមកំពុងស្រុតចុះ


ឆ្នាំ២០២០នេះ និន្នាការនៃការនាំចេញអង្កររបស់កម្ពុជា កំពុងបង្ហាញសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ តួយ៉ាង នៅរយៈពេល១០ខែ ដំបូងនៅឆ្នាំ២០២០ កម្ពុជា សម្រេចការនាំចេញអង្ករដល់ទៅជាង ៥៣ ម៉ឺនតោន កើនឡើងជាង១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងគ្នានេះ បើក្រឡេកទៅមើលការនាំចេញអង្កររបស់វៀតណាម និងថៃវិញកំពុងបង្ហាញពីការថមថយចុះគួរឲ្យកត់សម្គាល់ ពិសេសប្រទេសថៃតែម្ដង។
ក្រុមហ៊ុនអូស្ត្រាលី ចាប់អារម្មណ៍ការវិនិយោគក្នុងវិស័យស្រូវអង្ករកម្ពុជា
ដោយ

របាយការណ៍ ដែលបង្ហាញ​ដោយ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​កម្ពុជា ឯកឧត្តម វេង សាខុន បាន​បង្ហាញ​​នាពេល​ថ្មីៗនេះថា លទ្ធផល​នៃការ​នាំចេញអង្ករ​របស់​កម្ពុជា នៅ១០ខែ​ដើមឆ្នាំនេះ នៅតែបង្ហាញ​ពី​តួលេខ​កំណើន​ពីរខ្ទង់ ពោលគឺ កើនឡើង​ដល់ទៅ​ជាង​១៧% បើធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។ ក្នុងចំណោម​បរិមាណ​អង្ករ​ដែល​កម្ពុជា​បាន​នាំចេញ​ជាង ៥៣ម៉ឺន ៦ពាន់តោននេះ ឃើញថា ប្រទេសចិន នៅតែជា​ទីផ្សារ​នាំចេញអង្ករ​ដ៏ធំ​ជាងគេបង្អស់​​របស់​កម្ពុជាដដែល ដោយចិន​បាន​នាំចូល​អង្ករ​ពីកម្ពុជា​ប្រមាណ​ជាង ១៩ម៉ឺនតោន កើនឡើងជាង ៣៦% បន្ទាប់មក គឺសហភាពអឺរ៉ុប​មាន ជាង ១៧​ម៉ឺនតោន កើនឡើងជាង​៣២% និងប្រទេស​សមាជិក​អាស៊ាន​មានជាង ៧ម៉ឺនតោន កើនជាង ១៣%។ ​ប្រមាណ ១០ខែ ដំបូង​នេះដែរ កម្ពុជា​ក៏មាន​ការនាំចេញ​ស្រូវ​ទៅកាន់​ប្រទេសវៀតណាម​ប្រមាណ​ជាង ១លាន​៤សែនតោនផងដែរ។

ស្របពេលដែល​ប្រទេស​កម្ពុជា​កំពុង​មាន​និន្នាការ​នាំចេញអង្ករ​ស្ទុះកើនឡើង បើយើង​ក្រឡេក​មកមើល​ប្រទេស​ក្បែរខាង​របស់​កម្ពុជា ដែលជា​អ្នកផលិត​ស្រូវអង្ករ​នាំចេញធំ​ជាងគេ​នៅក្នុង​តំបន់​នោះ ឃើញថា កំពុង​មាននិន្នាការ​នាំចេញធ្លាក់ចុះ​គួរឲ្យកត់សម្គាល់។ ពិសេស​គឺប្រទេស​ថៃតែម្ដង ដែលធ្លាប់តែ​មានរិមាណ​នាំចេញ​អង្ករ​ច្រើន​ជាងគេ​ក្នុង​តំបន់បាន​និង​​កំពុង​មាននិន្នាការ​នាំចេញធ្លាក់ចុះ​ខ្លាំង​នៅឆ្នាំ២០២០នេះ ដោយ​បរិមាណនាំចេញ​អង្ករ​របស់ថៃ អាចនឹងមាន​ទាបជាង​បិរមាណ​នាំចេញ​អង្ករ​របស់​វៀតណាមទៅទៀត។

តួយ៉ាង សមាគម​អ្នកនាំចេញអង្ករ​ថៃ នាពេលថ្មីៗនេះ បាន​សម្រេច​កែតម្រូវ​ការប៉ាន់ប្រមាណ​ការនាំចេញ​អង្ករ​របស់ថៃ នៅឆ្នាំ២០២០នេះ ថា​នឹង​មាន​ត្រឹមតែ ៥លាន​តោន​ប៉ុណ្ណោះ គឺជាបរិមាណ​នាំចេញ​ទាប​បំផុត​មិនធ្លាប់មាន​ក្នុងរយៈពេល ២០ឆ្នាំមកនេះ ខណៈដែល​ការព្យាករ​ពីមុន​ថា នឹងមាន​ ៦លាន ៥សែនតោន។

ដោយឡែក ប្រទេសវៀតណាម ដែលជា​ប្រទេស​នាំចេញអង្ករ​ធំបំផុត​ទី៣ក្នុងសកល​លោកនោះ សម្រាប់​ឆ្នាំ២០២០នេះ គឺបាន​នាំមុខ​ថៃ ក្នុងការ​នាំចេញ​អង្ករ។ ជាក់ស្ដែង តាមតួលេខ​ពី​ក្រសួង​កសិកម្ម និងអភិវឌ្ឍន៍​ជនបទ​វៀតណាម បាន​ឲ្យដឹងថា នៅឆ្នាំ២០២០ ការនាំចេញអង្ករ​របស់ប្រទេស​វៀតណាម នឹង​សម្រេចបាន​ដល់ ៦លាន​៥សែនតោន ទៅ៦លាន ៧សែនតោន។

ដ្បិតតែ​បែបនេះក្ដី សម្រាប់​រយៈពេល ១០ ខែដំបូង​នៅឆ្នាំ២០២០នេះ ការនាំចេញអង្ករ​របស់វៀតណាម ត្រូវបាន​ព្យាករថា នឹងមាន​ត្រឹមតែ​ជិត​ ៥លាន​៣សែនតោន​ប៉ុណ្ណោះ គឺធ្លាក់ចុះ​៤% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។

ការធ្លាក់ចុះ​នៃការ​នាំចេញអង្ករ​របស់​ប្រទេស​ក្បែរខាង​របស់កម្ពុជា​ ពិសេស​គឺប្រទេសថៃនេះ ត្រូវបានអ្នកជំនាញ​អះអាងថា គឺបណ្ដាលមកពី​បញ្ហា​បំរែបំរួល​អាកាសធាតុ​ដូចជា​ ជួបគ្រោះរាំងស្ងួត​អំឡុង​ពេល​រដូវ​ដាំដុះ និង​វិបត្តិ​កូវីដ-១៩ ដែលបាន​ធ្វើឲ្យ​តម្រូវការ​សកល​លោក​មានការចុះអន់ខ្សោយ។ អ្វីដែល គួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺបញ្ហាគ្រោះទឹកជំនន់​នាពេល​ថ្មីៗនេះ ក៏បាន​ធ្វើឲ្យប៉ះពាល់​ដល់​ផលិតកម្ម​ស្រូវអង្ករ​មួយចំនួន​របស់​ប្រទេស​ទាំងនោះ​ផងដែរ។

អគ្គលេខាធិការ​សហព័ន្ធស្រូវអង្ករ​កម្ពុជា លោក លន់ យ៉េង ធ្លាប់បាន​អះអាងថា បញ្ហា​គ្រោះទឹកជំនន់​ នឹងធ្វើឲ្យ​តម្រូវការ​ស្រូវអង្ករ​មានការកើន​ឡើងជាងមុន ពិសេស​ខាងប្រទេស​ដែលធ្លាប់ទិញ​ស្រូវអង្ករ​ពីកម្ពុជា ដូចជា​វៀតណាម និងថៃ ក៏អាច​នឹងមាន​តម្រូវការ​ស្រូវអង្ករ​កើនឡើងដែរ ដូច្នេះ លោក ជឿជាក់ថា តម្លៃស្រូវអង្ករ​អាចនឹង​មាន​ការងើបឡើង​ខ្ពស់ជាង​មុន នៅក្រោយ​បញ្ហាគ្រោះ​ទឹកជំនន់​​ត្រូវបាន​បញ្ចប់៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញថា តំបន់​ធំៗ​៣​​ មានសក្ដានុពលខ្លាំង​សម្រាប់ទីផ្សារ​ការិយាល័យ។ តើ​តំបន់ណាខ្លះ?

ព័ត៌មាន
ខណៈ​ដែល​តម្រូវការ​សម្រាប់​ការ​ជួល​ការិយាល័យ​នៅ​ពុំទាន់​ល្អប្រសើរឡើង​វិញ​នៅឡើយ ដោយសារតែកូវីដ-១៩ អ្នកជំនាញអចលនទ្រព្យសម្រាប់​វិស័យ​ការិ…

កម្ពុជាកំពុងរំពឹងអាចពង្រីកទីផ្សារ និងទាក់ទាញវិនិយោគិនជប៉ុន​កាន់តែច្រើន តាមរយៈកិច្ចព្រមព្រៀងអាស៊ាន-ជប៉ុន

ព័ត៌មាន
កម្ពុជារំពឹងពង្រីកទីផ្សារទៅកាន់ប្រទេសជប៉ុន និងទាក់ទាញបានវិនិយោគិនជប៉ុនកាន់តែច្រើនក្រោយពីកិច្ចព្រមព្រៀងស្តីពី ភាព ជាដៃគូសេដ្ឋកិច្ចទូលំទូល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ