ការស្ទង់មតិនេះត្រូវបានធ្វើឡើងលើថ្នាក់ដឹកនាំអាជីវកម្មជាង៥០០រូបមកពីប្រទេសអាស៊ានចំនួន៦ រួមមានសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន និងវៀតណាម ដោយលទ្ធផលបង្ហាញថា ថ្នាក់ដឹកនាំភាគច្រើនបានកាត់បន្ថយចំណាប់អារម្មណ៍ចំពោះទីផ្សារសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប។
ការស្ទង់មតិមួយបានបង្ហាញថា បណ្ដាក្រុមហ៊ុននៅតំបន់អាស៊ាន គ្រោងបោះទុនវិនិយោគរហូតដល់ជាង៨០% នៃទំហំទុនវិនិយោគសរុបរបស់ខ្លួននៅក្នុងតំបន់អាស៊ី និងផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់មកកាន់តំបន់។ វិស័យដែលក្រុមហ៊ុនទាំងនោះផ្តល់អាទិភាពវិនិយោគខ្ពស់បំផុតរួមមាន បច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម និងបញ្ញាសិប្បនិម្មិត (AI), ការពង្រីកទីផ្សារ និងបច្ចេកវិទ្យាព័ត៌មាន និងសន្តិសុខអ៊ីនធឺណិត។
ក្រុមអ្នកជំនាញបានលើកឡើងថា អាស៊ាន កំពុងក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់វិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដោយសារការវិនិយោគកើនឡើងលើការបង្កើតមជ្ឈមណ្ឌលទិន្នន័យ ការផលិតបន្ទះឈីប និងខ្សែច្រវាក់ផ្គត់ផ្គង់ដ៏រឹងមាំ។ បន្ថែមលើនេះ ក្នុងចំណោមក្រុមហ៊ុនចំនួន១០ គឺមាន៨ក្រុមហ៊ុនហើយដែលនិយាយថា ពួកគេនឹងរើផ្នែកខ្លះ នៃផលិតកម្ម ឬផ្លាស់ប្ដូរអ្នកផ្គត់ផ្គង់មកកាន់តំបន់អាស៊ាននៅត្រឹមឆ្នាំ២០២៨។
ប្រទេសដែលមានចំណាប់អារម្មណ៍ខ្លាំងបំផុតលើការពង្រីកខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងស្រុករួមមាន ប្រទេសវៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន។ ក្រុមហ៊ុននានា បានលើកឡើងថា ពួកគេជ្រើសរើសទីតាំងភាគច្រើនដោយផ្ដោតសំខាន់លើហេដ្ឋារចនាសម្ព័ន្ធ ការធ្វើអាជីវកម្មអំណោយផល ការចូលទីផ្សារងាយស្រួល និងភាពរឹងមាំ នៃខ្សែច្រវាក់ផ្គត់ផ្គង់។
និន្នាការនេះ បានបង្ហាញថា ក្រុមហ៊ុននានា កំពុងផ្លាស់ប្តូរពីគំរូអាជីវកម្មផលិតតាមតម្រូវការទៅជាការផលិតសម្រាប់បម្រុងទុក ដើម្បីបង្កើនសុវត្ថិភាព និងភាពរឹងមាំ នៃប្រព័ន្ធផ្គត់ផ្គង់។ ការផ្លាស់ប្តូរនេះបានជួយឱ្យប្រទេសវៀតណាម និងម៉ាឡេស៊ីជាដើម ទទួលបានផលប្រយោជន៍វិនិយោគកាន់តែច្រើន។
យោងតាមរបាយការណ៍វិនិយោគអាស៊ាន ឆ្នាំ២០២៥ បង្ហាញថា ការវិនិយោគក្នុងតំបន់អាស៊ាន បានកើនឡើងដល់៣១ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ ដែលនេះបង្ហាញពីទំនុកចិត្តកាន់តែខ្លាំងលើអាស៊ានក្នុងឋានៈជាមជ្ឈមណ្ឌលផលិតកម្ម និងពាណិជ្ជកម្មដ៏សំខាន់មួយរបស់ពិភពលោក៕
ដោយ: តែម សុខុម