សារព័ត៌មាន Al Jazeera បានរាយការណ៍កាលពីថ្ងៃទី៧ ខែឧសភា ថា តុលាការពាណិជ្ជកម្មអាម៉េរិក បានសម្រេចឱ្យក្រុមអាជីវកម្មខ្នាតតូច ដែលបានដាក់ពាក្យប្ដឹងឈ្នះក្ដីក្នុងសំឡេង២ទល់នឹង១។ ក្រុមអាជីវកម្មទាំងនេះបានតវ៉ាថា វិធានការពន្ធគយ ដែលបានចូលជាធរមានកាលពីថ្ងៃទី២៤ ខែកុម្ភៈ គឺជាការព្យាយាមគេចវេះពីសេចក្តីសម្រេចរបស់តុលាការកំពូល ដែលបានលុបចោលវិធានការពន្ធបដិការរបស់លោក ត្រាំ។
ក្នុងបទបញ្ជាកាលពីខែកុម្ភៈ លោក ដូណាល់ ត្រាំ បានសម្អាងលើមាត្រា១២២ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ ដែលអនុញ្ញាតឱ្យមានការដាក់ពន្ធគយរយៈពេល១៥០ថ្ងៃ ដើម្បីកែតម្រូវឱនភាពតុល្យភាពទូទាត់ប្រាក់ និងទប់ស្កាត់ការធ្លាក់ចុះ នៃតម្លៃប្រាក់ដុល្លារ។ ទោះជាយ៉ាងណា តុលាការបានរកឃើញថា ច្បាប់នេះមិនអាចយកមកអនុវត្តជាមួយករណីឱនភាពពាណិជ្ជកម្ម ដែលលោក ត្រាំ បានលើកឡើងនោះទេ។
លោក ចេយ ហ្វ័រមែន (Jay Foreman) នាយកប្រតិបត្តិក្រុមហ៊ុន Basic Fun បានសម្តែងការត្រេកអរចំពោះសេចក្តីសម្រេចនេះ ដោយចាត់ទុកថា ជាជ័យជម្នះដ៏សំខាន់សម្រាប់ក្រុមហ៊ុនអាម៉េរិក ដែលពឹងផ្អែកលើខ្សែច្រវាក់ផ្គត់ផ្គង់សកល ខណៈពន្ធគយ ដែលខុសច្បាប់បានធ្វើឱ្យអាជីវកម្មជួបការលំបាកក្នុងការដំឡើងថ្លៃផលិតផល និងការប្រកួតប្រជែង។
ទោះបីជារដ្ឋបាលលោក ត្រាំ បានអះអាងពីវិបត្តិឱនភាពពាណិជ្ជកម្មប្រចាំឆ្នាំរហូតដល់១,២ទ្រីលានដុល្លារក៏ដោយ ប៉ុន្តែអ្នកជំនាញសេដ្ឋកិច្ច និងមេធាវីផ្នែកពាណិជ្ជកម្ម បានអះអាងថា សហរដ្ឋអាម៉េរិក មិនស្ថិតក្នុងស្ថានភាពវិបត្តិតុល្យភាពនៃការទូទាត់ ដែលតម្រូវឱ្យប្រើប្រាស់វិធានការដំឡើងពន្ធបែបបង្ខំនេះឡើយ៕
អត្ថបទៈ សួន ឡង់ទី