កិច្ចព្រមព្រៀងពាណិជ្ជកម្ម

តើប្រទេសអាស៊ានណាខ្លះបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអារ៉ាប៊ីសាអូឌីត ?


នាឱកាសចូលរួមក្នុង“កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បណ្តាមេដឹកនាំអាស៊ាន សុទ្ធតែស្វះស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងរាជាណាចក្រនេះ។ នៅក្នុងចំណោមប្រទេសទាំងអស់ ហ្វីលីពិន បានចុះកិច្ចព្រមព្រៀងមួយជាមួយអារ៉ាប់ប៊ីសាអូឌីត ក្នុងតម្លៃទឹកប្រាក់ជាង៤ពាន់លានដុល្លារ។
កិច្ចព្រមព្រៀងពាណិជ្ជកម្ម
ដោយ

ក្រុមមេដឹកនាំអាស៊ាន ដែលបានជួបជាមួយនឹងសមភាគីអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ មូហាមេដ ប៊ិន សាលមេន ប៊ិន អាបឌុឡាស៊ីស អាល សូឌ (Mohammed Bin Salman Bin Abdulaziz Al Saud) រជ្ជទាយាទ និងជានាយករដ្ឋមន្ត្រី នៃប្រទេសដែលមានប្រជាពលរដ្ឋប្រមាណជាង៣០លាននាក់ និងអត្រាផលិតផលសរុបជាង២​២០០​ទ្រីលានដុល្លា គឺសុទ្ធតែស្វះស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគជាមួយនឹងរាជាណាចក្រនេះ នៅក្នុងជំនួបទ្វេភាគីនៅក្រៅ“កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ”។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មានបរទេស បានឲ្យដឹងថា ប្រទេសអាស៊ានយ៉ាងហោចណាស់ពីរបានឈានដល់កិច្ចព្រមព្រៀងថ្មីជាមួយនឹងរាជាណាចក្រមួយនៅតំបន់មជ្ឈឹមបូព៌ានេះ ពោលគឺហ្វីលីពិន និងវៀតណាម។

ការិយាល័យប្រធានាធិបតីហ្វីលីពីន លោក ហ្វេឌីណង់ ម៉ាកូស ( Ferdinand Marcos Jr) បានអះអាងថា គណៈប្រតិភូធុរកិច្ចហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគ ដែលមានតម្លៃសរុបជាង៤ពាន់លានដុល្លារជាមួយមេដឹកនាំអាជីវកម្មអារ៉ាប៊ីសាអូឌីត។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅខាងក្រៅ“កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” ខណៈដែលគេដឹងថា រាជាណាចក្រនេះកំពុងតែក្លាយជាគោលដៅសំខាន់សម្រាប់ពលករហ្វីលីពីន។

នៅពេលនេះគេដឹងថា អារ៉ាប៊ីសាអូឌីត ជាកន្លែងដែលកំពុងតែទទួលពលករហ្វីលីពិនប្រមាណជាជាង១លាននាក់ ដោយពួកគេកំពុងតែបំពេញការងារនៅក្នុងវិស័យសំណង់ មេផ្ទះ និងជាគិលានុបដ្ឋាយិកា។

កិច្ចព្រមព្រៀងដែលចុះហត្ថលេខានោះ គឺរួមមានកិច្ចព្រមព្រៀងសេវាកម្មពាក់ព័ន្ធនឹងវិស័យសំណង់មានតម្លៃ១២០លានដុល្លារ និងកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងសេវាកម្មធនធានមនុស្សមានតម្លៃជិត៤ពាន់លានដុល្លារ។

ដោយឡែកនាឱកាសនោះដែរ វៀតណាម និង អារ៉ាប៊ីសាអូឌីត ក៏បានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិពាណិជ្ជកម្មក្នុងវិស័យសំខាន់ៗមួយចំនួនផងដែរ។ តាមសេចក្តីរាយការណ៍ កិច្ចព្រមព្រៀងនេះ គឺពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងឧស្សហកម្មអាហារមូស្លីម ខណៈដែលគេដឹងថា វៀតណាមគឺជាប្រជាជាតិមួយ ដែលកំពុងតែស្វែងរកលទ្ធភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងអាហារមូស្លីមជាមួយនឹងមជ្ឈឹមបូព៌ា។

ពាក់ព័ន្ធនឹងកិច្ចការនេះ ព្រះនាង ហៃហ្វា ប៊ីន មូហាមេដ អាល សូដ (Princess Haifa bint Mohammed Al-Saud) អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍អារ៉ាប៊ីសាអូឌីត បានមានបន្ទូលថា គម្រោងនេះកំណត់ទិសដៅជាតិសំខាន់ៗ ដើម្បីបើកទីផ្សារហាឡាល់ដ៏មានសក្ដានុពល ដែលក្នុងនោះវិស័យទេសចរណ៍ត្រូវបានចាត់ទុកថា ជាតំបន់អាទិភាពមួយ ហើយអារ៉ាប៊ីសាអូឌីតក៏ជាដៃគូ និងទីផ្សារដ៏សំខាន់ផងដែររបស់​វៀតណាម។

ជាមួយគ្នានេះលោក ឃ្វៀន វ៉ាន់ហង (Nguyen Van Hung) រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កីឡា និងវប្បធម៌វៀតណាម បានអះអាងថា វៀតណាមតែងតែមានបំណងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ កសាង និងអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃទេសចរណ៍ហាឡាល់ ដើម្បីបំពេញរសជាតិភ្ញៀវទេសចរមកពីសហគមន៍ឥស្លាម៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


កសិករចិញ្ចឹមជ្រូកមួយចំនួនក្ស័យធន ខណៈអ្នកចិញ្ចឹមគោមួយចំនួនចាប់ផ្តើមបោះបង់ចោល

ការចរាចរសាច់បង្កកគ្មានប្រភពពីខាងក្រៅចូលមកកម្ពុជា នៅតែជាបញ្ហាចាក់ស្រេះរបស់ប្រជាកសិករចិញ្ចឹមសត្វនៅកម្ពុជា ដ្បិតកន្លងមកកសិករចិញ្ចឹមជ្រូកមួយចំន…

អ្នកស្រុកផ្តើមជម្លៀសខ្លួនខណៈសមរភូមិថ្មីត្រៀមផ្ទុះឡើង រវាងអ៊ីស្រាអែល និងក្រុមហេស្សប៊ូឡា

អ្នកស្លាប់ និងរបួសត្រូវបានរាយការណ៍កាលពីថ្ងៃសៅរិ៍ ក្នុងចំនួនមួយកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងការបាញ់ប្រហារគ្នាទៅវិញទៅមមករវាងកងទ័ពអ៊ីស្រាអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ