កាលពីថ្ងៃទី៣ខែកញ្ញា ថ្នាក់ដឹកនាំ និងអ្នកជំនាញការខាងពាណិជ្ជកម្មរបស់អាស៊ាន បានចាប់ ផ្តើមធ្វើការចរចាលើកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដែលហៅកាត់ថា (Defa) ដើម្បីបើកច្រកនៅក្នុងការជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មឌីជីថលឆ្លងព្រំដែនកាន់តែរលូននៅក្នុងតំបន់។ នេះបើតាមសេចក្តីរាយការណ៍នៅលើសារព័ត៌មាន Straits Times ។
ពាក់ព័ន្ធនឹងបញ្ហានេះក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បាននិយាយថា ក្របខណ្ឌនេះ នឹងធ្វើឱ្យមានភាពងាយស្រួលក្នុងការធ្វើអាជីវកម្មក្នុងតំបន់ ដោយការកែលម្អច្បាប់នៅក្នុងវិស័យសំខាន់ៗ ដូចជាការសម្របសម្រួលពាណិជ្ជកម្មឌីជីថល និងការទូទាត់។
ក្រសួងនេះបានបន្ថែមថា វាក៏មានគោលបំណង ដើម្បីដោះស្រាយនិន្នាការ និងការអភិវឌ្ឍ ដែលកំពុងលេចធ្លោជាងគេ ដូចជាបញ្ញាសិប្បនិម្មិតផងដែរ។
ការអភិវឌ្ឍនូវកិច្ចព្រមព្រៀងក្របខណ្ឌ ដែលរំពឹងទុកយ៉ាងទូលំទូលាយ កើតឡើងបន្ទាប់ពីប្លុកនេះ បានជួបប្រជុំគ្នានៅ ទីក្រុង ស៊ីម៉ារ៉ាង ( Semarang) ក្នុងតំបន់ហ្សាវ៉ាកណ្តាល (Central Java) កាលពីក្នុងខែសីហា ដើម្បីគាំទ្រការសិក្សាលើ កិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ។
យោងតាមការសិក្សាដែលធ្វើឡើងដោយក្រុមហ៊ុន Boston Consultancy Group បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ ត្រូវបានព្យាករថា នឹងបង្កើនសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ទ្វេដងពី ១ ទ្រីលានដុល្លារដល់ ២ ទ្រីដុល្លារនៅឆ្នាំ២០៣០ ។
លោក ហ្គា គីមយ៉ុង ( Ga Kim Yong) រដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាកម្មសិង្ហបុរី បាននិយាយថា ការបើកការចរចាស្តីពី កិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន កំពុងកសាងលើការងារដ៏ល្អ។
លោកបានបន្ថែមថា វានឹងចូលរួមជាលក្ខណៈឌីជីថលក្នុងតំបន់របស់យើង ហើយនាំយើងឱ្យកាន់តែខិតជិតក្នុងការសម្រេចបាននូវសេដ្ឋកិច្ចឌីជីថលក្នុងតំបន់បើកចំហ សុវត្ថិភាព និងប្រកួតប្រជែង។ សិង្ហបុរីទន្ទឹងរង់ចាំធ្វើការជាមួយរដ្ឋជាសមាជិកអាស៊ាន ដើម្បីបញ្ចប់ការចរចាឱ្យបានឆាប់រហ័ស និងជួយក្រុមហ៊ុនរបស់យើងឱ្យកាន់តែប្រសើរឡើងនូវឱកាសកំណើនថ្មី។
កាលពីឆ្នាំ ២០២២ពាណិជ្ជកម្មទំនិញសរុបរបស់សិង្ហបុរី ជាមួយអាស៊ានមានចំនួន ៣៤៤ ពាន់លានដុល្លារ កើនឡើងប្រហែល ១៩ ភាគរយធៀបនឹងឆ្នាំមុន។ សិង្ហបុរីបានវិនិយោគជិត ២៤ ពាន់លានដុល្លារចូលអាស៊ានក្នុងឆ្នាំ២០២២ កើនឡើង៨ភាគរយធៀបនឹងឆ្នាំមុន។
អ្នកស្រី អាណាបែល លី ( Annabel Lee) នាយកផ្នែកគោលនយោបាយសាធារណៈអាស៊ាននៅ ក្រុមហ៊ុន Amazon Web Services បាននិយាយថា កិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន មានសក្តានុពលក្នុងការជំរុញមហិច្ឆតាឌីជីថលក្នុងតំបន់ និងជំរុញឱ្យមានវឌ្ឍនភាពសេដ្ឋកិច្ចសង្គម។
លោកស្រីបានបន្ថែមថា វានឹងអនុញ្ញាតឱ្យអាស៊ានបន្តធ្វើទំនើបកម្មដោយសេរី ក្នុងការចូលទៅកាន់បច្ចេកវិទ្យាឌីជីថលទំនើបៗ តាមរយៈច្រកមួយសម្រាប់ទាំងអស់គ្នា ៕
ដោយៈ សរ សុជាតិ