នេះបើតាមការចុះផ្សាយដោយសារព័ត៌មានCNA។
ថ្លែងប្រាប់អ្នកកាសែតនៅថ្ងៃអង្គារ ទី៥ កញ្ញា រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោកស្រី Retno Marsudi បានគូសបញ្ជាក់ថា មេដឹកនាំអាស៊ានបានបញ្ជាក់ឡើងវិញពីតម្រូវការក្នុងការបញ្ឈប់អំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា និងយល់ស្របបង្កើតយន្តការត្រីភាគី ឬហៅថា យន្ដការ ត្រយកា ដែលនឹងអនុញ្ញាតឱ្យអតីតប្រធានអាស៊ាន បច្ចុប្បន្ន និងអនាគត រួមគ្នាគ្រប់គ្រង និងដោះស្រាយវិបត្តិ និងវិធីសាស្ត្រជាបន្តបន្ទាប់»។
លោកស្រី Retno បានបន្ថែមថា មេដឹកនាំក៏បានពិនិត្យមើលការអនុវត្តការគោលការណ៍ឯកភាពប្រាំចំណុច ដែលដាក់ចេញកាលពីខែមេសាឆ្នាំ២០២១ ហើយបានសម្រេចចិត្តថា វាគួរតែនៅជាយន្តការសំខាន់ ដើម្បីដោះស្រាយវិបត្តិនយោបាយ ដែលកំពុងបន្តអូសបន្លាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែរ ឬយ៉ាងណា។ ក្នុងនោះ លោកស្រីបានសង្កត់ធ្ងន់ថា ហ្វីលីពីននឹងកា្លយជាប្រធានប្តូរវេនអាស៊ានសម្រាប់ឆ្នាំ២០២៦ ជំនួសប្រទេសមីយ៉ាន់ម៉ាផងដែរ។
អ្នកវិភាគមួយចំនួនមើលឃើញថា ការសម្រេចបង្កើត«យន្តការត្រីភាគី» និងដកមីម៉ាន់ម៉ាចេញពីប្រធានប្ដូរវេអាស៊ាននេះ នឹងធានាបាននូវការរួបរួម និងការបន្តក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ព្រមទាំងកាត់បន្ថយការរំខានដល់កម្មវិធី និងសកម្មភាពផ្សេងៗរបស់ប្លុកទាំង១០ប្រទេសនេះ។ ថ្លែងប្រាប់អ្នកកាសែតនៅថ្ងៃទី៥ខែកញ្ញានោះដែរ លោក Ferdinand Marcos ប្រធានាធិបតីហ្វីលីពីនថា «ប្រទេសរបស់លោកបានត្រៀមខ្លួនរួចរាល់ក្នុងការធ្វើជាប្រធានប្ដូរវេនអាស៊ានជំនួសមីយ៉ាន់ម៉ាក្នុងឆ្នាំ២០២៦»។
ដោយឡែក ចំពោះយន្តការត្រីភាគី លើការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសឹង្ហបុរីបានប្រាប់កិច្ចប្រជុំថា យន្តការនេះ នឹងជួយដោះស្រាយបញ្ហាជាប់គាំងនាពេលអនាគតនៃការផ្លាស់ប្តូរប្រធានប្តូរវេន ហើយក៏នឹងអនុញ្ញាតអាស៊ាននឹងបន្តធ្វើការលើរបៀបវារៈសំខាន់របស់ខ្លួន ពិសេសលើបញ្ហាក្នុងប្រទេសមីយ៉ាន់ម៉ាតែម្តង»។ ជាមួយគ្នានោះ សេចក្តីថ្លែងការណ៍អាស៊ានក៏បានចេញផ្សាយដែរថា សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍នឹងបន្តគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋសមាជិកណាមួយ ក្នុងការសម្របសម្រួលជាមួយប្រធានអាស៊ាន ដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាស្របតាមការគោលការណ៍ឯកភាពប្រាំចំណុច»។
អ្នកវិភាគមើលឃើញថា វិបត្តិមីយ៉ាន់ម៉ាបានបែងចែកអាស៊ាន ប៉ុន្តែយន្តការថ្មីនេះ បានផ្តល់សញ្ញា និងសម្ទុះថ្មីសម្រាប់ការរួបរួមគ្នាវិញ។ អ្នកជំនាញផ្នែកិច្ចការទំនាក់ទំនងអន្តរជាតិ នៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) អ្នកស្រី Lina Alexandra ជឿជាក់ថា ការផ្លាស់ប្តូរប្រធានប្ដូរវេនអាស៊ានជំនួសប្រទេសមីយ៉ាន់ម៉ា ឱ្យទៅហ្វីលីពីននៅឆ្នាំ២០២៦ មានន័យថា វិបត្តិភូមានៅតែបន្តជាប់គាំងគ្មានច្រកចេញ មកទល់នឹងពេលនេះ។
អ្នកស្រី Lina យល់ថា បញ្ហានេះក៏មិននឹងអាចដោះស្រាយបាននៅរយៈពេលបីឆ្នាំទៀតដែរ។ ប៉ុន្តែការសម្រេចចិត្តប្រគល់តំណែងជាប្រធានប្ដូរវេនដល់ហ្វីលីពីន នឹងស្ដារឯកភាពអាស៊ានឡើងវិញ»។ អ្នកជំនាញរូបនេះបន្ថែមថា ហេតុដែលមីយ៉ាន់ម៉ានឹងមិនអាចបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២៦ ដោយសារបញ្ហាដឹកជញ្ជូន ការរៀបចំកិច្ចប្រជុំកំពូលជាច្រើនក្នុងពេលតែមួយ ស្របពេលស្ថានភាពក្នុងប្រទេសមិនអំណោយផល៕