វិស័យទេសចរណ៍នៅអាស៊ាននឹងរស់ឡើងវិញ?

ប្រទេសអាស៊ានណាខ្លះ ដែលត្រៀមបើកជើងមេឃទទួលទេសចរអន្តរជាតិឡើងវិញ?


ប្រទេសភាគច្រើននៅក្នុងតំបន់អាស៊ាន សុទ្ធសឹងជាប្រទេសដែលពឹងផ្អែកខ្លាំងមែនទែនទៅលើឧស្សាហកម្មទេសចរណ៍ដែលត្រូវបានចាត់ទុកថា មាសពណ៌បៃតង។ ដូច្នេះហើយ បណ្តាប្រទេសនៅអាស៊ានកំពុងដុតដៃដុតជើង សម្លឹងរកវិធី ដើម្បីចាប់ផ្តើមស្តារវិស័យដ៏សំខាន់មួយនេះ ដែលត្រូវបានបំផ្លាញដោយជំងឺរាតត្បាតកូវីដ១៩នេះឡើងវិញ។
វិស័យទេសចរណ៍នៅអាស៊ាននឹងរស់ឡើងវិញ?
ដោយ

របាយការណ៍​បង្ហាញ​ថា កាលពី​ឆ្នាំ​២០១៩ គ្រា​ដែល​មិន​ទាន់​មាន​កូ​វី​ដ​១៩ វិស័យ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​បាន​ទាក់ទាញ​ទេសចរ​សរុប​ប្រមាណ ១៤៣​លាន​នាក់ រក​ចំណូល​បាន ប្រមាណ​ជិត ៤០០​ពាន់​លាន​ដុល្លា​អា​មេ​រិ​ក ហើយ​បើ​សម្រាប់​កម្ពុជា​យើង វិស័យ​ទេសចរណ៍​តំណាង​ឲ្យ​មួយ​ភាគ​បី​នៃ​ផលិតផល​ក្នុងស្រុក​ឬ GDP ខណៈ​វិស័យ​នេះ​ដែរ​តំណាង​ឲ្យ មួយ​ភាគ​ប្រាំ​នៃ GDP របស់​ប្រទេស​ថៃ​។  ប៉ុន្តែ​នៅ​ឆ្នាំ​២០២០ ចាប់តាំងពី​កូ​វី​ដ​១៩​ផ្តើម​វាយប្រហារ​ខ្លាំង​ឡើង​ៗ ទេសចរណ៍​អាស៊ាន​ដាំ​ក្បាល​ចុះ ៨១% ដោយ​បាន​ទាញ​ទម្លាក់​ចំនួន​ភ្ញៀវ​ទេសចរ​មក​ត្រឹម ២៦​លាន​នាក់​ប៉ុណ្ណោះ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អាស៊ាន​។

ហេតុ​ដូច្នេះ​ហើយ ទោះបី​ប្រទេស​ខ្លះ​នៅ​អាស៊ាន នៅ​តែ​បន្ត​មានការ​ឆ្លង​រាលដាល ខ្លះ​ចាក់​វ៉ាក់សាំង​បាន​ច្រើន ខ្លះ​ចាក់​បាន​តិច ក៏​ពួក​គេ​ត្រូវ សង្វាត​រក​វិធីសាស្ត្រ​រៀង​ៗ​ខ្លួន ដើម្បី​បើក​ប្រទេស​ទទួលយក​ទេសចរ​បរទេស ដើម្បី​ជា​ការ​ចាប់ផ្តើម​ក្នុង​ការ​ស្តារ​វិស័យ​នេះ​ឡើង​វិញ​។

តើ​ប្រទេស​ណាខ្លះ​ក្នុង​តំបន់​អាស៊ាន កំពុងធ្វើការ​លើ​រឿង​នេះ?

យើង​ផ្តើមនិយាយ​ពី​បញ្ហា​នេះ ដោយ​ក្រឡេក​មើល​កម្ពុជា​មុនគេ​។ កម្ពុជា ទោះ​មិន​បាន​បង្ហាញ​ច្បាស់​ថា នឹង​បើក​ទទួលយក​ភ្ញៀវ​ទេសចរ​បរទេស​លើក​ដំបូង​ឡើង​វិញ នៅ​ថ្ងៃ​ណា​ខែ​ណា​ក៏​ពិតមែន ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា កំពុងធ្វើការ​យ៉ាង​សស្រាកសស្រាំ ក្នុង​ការ​រៀបចំ​ផែនការ ត្រៀម​ទទួលយក​ទេសចរ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច នៅ​ចុងឆ្នាំ​២០២១​នេះ​ហើយ​។ កន្លង​មក​រាជរដ្ឋាភិបាល​កម្ពុជា បាន​កំណត់​ថា ដើម្បី​សម្រួល​ដល់​អ្នកដំណើរ​ចូល​មក​កម្ពុជា នា​ពេល​បើក​ប្រទេស​ពេញលេញ​ឡើង​វិញ អ្នក​ទាំងនោះ​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក ត្រឹម​រយៈពេល ៧​ថ្ងៃ ប៉ុណ្ណោះ​។

ប្រទេស​ថៃ​កំណត់​យក​ថ្ងៃ​ទី​១​វិច្ឆិកា​បើក​ទទួល​ទេសចរ​បរទេស

រដ្ឋាភិបាល​ក្រុង​បាងកក បាន​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ប្រទេស​ថៃ​នឹង​បើក​ឱ្យ​ទេសចរ​បរទេស ដែល​បាន​ចាក់​វ៉ាក់សាំង​រួច មក​ពី​ប្រទេស​មាន​ហានិភ័យ​ទាប អាច​ចូល​មក​ប្រទេស​ថៃ​បាន ដោយ​មិន​ចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​ឡើយ ចាប់ពី​ថ្ងៃ​ទី​១​ខែវិច្ឆិកា​ឆ្នាំ​នេះ​តទៅ ប៉ុន្តែ​ពួក​គេ​ត្រូវធ្វើ​តេស្ត PCR ដើម្បី​ធានា​សុវត្ថិភាព​។

ផែនការ​ជំហាន​ដំបូង យ៉ាង​ហោច​ណាស់​មាន​ប្រទេស​ចំនួន ១០ ដែល​ថៃ​នឹង​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​ប្រទេស​ហានិភ័យ​ទាប រួម​មាន ចិន អា​ល្លឺ​ម៉​ង់ សិង្ហ​បុរី អង់គ្លេស និង សហរដ្ឋអាមេរិក ជាដើម ខណៈ​ប្រទេស​ផ្សេង​ទៀត​នឹង​ត្រូវ​បន្ដ​ដាក់​បញ្ចូល​ជា​បន្ដបន្ទាប់​នៅ​ត្រឹម​ថ្ងៃ​ទី ១ ខែធ្នូ​ឆ្នាំ ២០២១​។

ប្រទេស​វៀតណាម​ពន្យា​ពេល​បើក​កោះ​ភូ​គុក ឬ​កោះត្រល់ ទៅ​ខែវិច្ឆិកា

វៀតណាម ធ្លាប់​មាន​គម្រោង​បើក​កោះ​ភូ​គុក​ម្តង​រួច​មក​ហើយ នៅ​ខែតុលា​នេះ ប៉ុន្តែ​ដោយសារ​ការ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ក្នុង​តំបន់​ដ៏​មាន​សក្តានុពល​របស់​វៀតណាម​មួយ​នេះ នៅ​មិន​ទាន់​សម្រេច​បាន​តាម​គោលដៅ ជា​ហេតុ​ធ្វើ​ឲ្យ​អាជ្ញាធរ​កោះ​ភូ​គុក​ត្រូវ​បង្ខំចិត្ត​លើក​ពេល បើក​ទទួលយក​ទេសចរ​ចាក់​វ៉ាក់សាំង​រួច មក​ត្រឹម​ខែវិច្ឆិកា​ក្រោយ​នេះ​វិញ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ​។

មិន​ដូច​វៀតណាម​នោះ​ទេ ឥណ្ឌូ​នេ​ស៊ី ដែល​ជា​ប្រទេស​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​ច្រើន​ជាងគេ​នៅ​អាស៊ាន និង ទោះ​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​បាន​ថយ​ចុះ​បន្តិចបន្តួច​ក្តី ក៏​ឥណ្ឌូ​នេ​ស៊ី​នៅ​តែ​ជំនះ​បើក​កោះ​បាលី ទទួលយក​ទេសចរណ៍​ឡើង​វិញ​ផង​ដែរ​។

ឥណ្ឌូ​នេ​ស៊ី​កាលពី​ចុង​ស​ប្តា​ហ៍​មុន​នេះ បាន​សម្រេច​បើកទ្វារ​កោះ​បាលី ទួល​យក​ទេសចរ​អន្តរជាតិ​ឡើង​វិញ​ហើយ បន្ទាប់​ពី​ការ​រាលដាល​ដ៏​ខ្លាំងក្លា​នៃ​ជំងឺ​កូ​វី​ដ​១៩ បាន​បង្ខំចិត្ត​ប្រទេស​នេះ បិទ​តំបន់​ទេសចរណ៍​ដ៏​មាន​សក្តានុពល​មួយ​នេះ​អស់​ពេល​ជាង​១៨​ខែ​។

គួរ​ជម្រាប​ថា ក្រៅពី​ប្រទេស​ទាំង​៤ នៅ​អាស៊ាន​ដែល​បាន​រៀបរាប់​ខាងលើ ក៏​មាន​ដែរ ប្រទេស​ហ្វី​លី​ពី​ន និង​ម៉ា​ឡេ​ស៊ី ដែល​បាន​និង​កំពុង​គិតគូរ​ពី​គម្រោង​បើក​ទទួល​ទេសចរ​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​នេះ​។ ជាក់ស្តែង ម៉ា​ឡេ​ស៊ី បាន​បោះ​ជំហាន​ដំបូង​ដោយ​នឹង​បង្កើត​ផែនការ​ស្តារ​វិស័យ​ទេសចរណ៍ ថ្មី​មួយ​ដែល​ផ្តោ​ម​សំខាន់​ដំបូង​លើ​ទេសចរណ៍​ក្នុងស្រុក​៕

None



អត្ថបទបន្ទាប់


ចិនបញ្ជូនទូររថភ្លើងល្បឿនលឿនទៅឲ្យឡាវ និងគ្រោងដាក់ដំណើរការសាកល្បងឆាប់ៗនេះ

ក្តីសុបិន្តរបស់ប្រជាជនឡាវកំពុងក្លាយជាការពិត ខណៈដែលទូររថភ្លើងល្បឿនលឿនស្តង់ដារផលិតរបស់ចិន ត្រូវបានបញ្ជូនមកដល់រដ្ឋធានីវៀងច័ន្ទហើយកាលពីថ្ងៃទ…

អឺរ៉ុបបង្កើនការវិនិយោគវៀតណាម ទោះបីកូវីដ-១៩តាមរំខាន

វៀតណាម នៅតែស្រូបទាញបានកំណើនការវិនិយោគពីសហភាពអឺរ៉ុប បើទោះបីសេដ្ឋកិច្ចប្រទេសនេះ រងផលរំខានដោយសារជំងឺកូវីដ១៩ក៏ដោយ។ ជាក់ស្ដែង នៅ៩ខែដំប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ