
រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី លោក អ៊ែឡាំងហ្គា ហាតាតូ (Airlangga Hartarto) បានលើកឡើងនៅក្នុងសន្និសីទមួយកាលពីពេលថ្មីៗ ដោយចាត់ទុកឧស្សាហកម្មបន្ទះឈីប និងបញ្ញាសិប្បនិម្មិតជាគន្លឹះនៃការផ្លាស់ប្តូរសេដ្ឋកិច្ចសម័យឌីជីថលរបស់ឥណ្ឌូនេស៊ី។ នៅឆ្នាំ២០៤៥ ឥណ្ឌូនេស៊ី ដាក់ផែនការជំរុញកំណើន GDP ដោយពឹងផ្អែកខ្លាំងលើវិស័យឌីជីថល និង AI។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីរូបនេះ ដោយបានបន្ថែមថា ឧបករណ៍អេឡិចត្រូនិក និងបញ្ញាសិប្បនិម្មិត ជាក្បាលម៉ាស៊ីនក្នុងការធានាការរីកចម្រើននាពេលអនាគតរបស់ឥណ្ឌូនេស៊ី។
ដើម្បីឈានទៅសម្រេចគោលដៅខាងលើ បច្ចុប្បន្នក្រុមមន្រ្តីជំនាញរបស់ឥណ្ឌូនេស៊ី កំពុងពន្លឿនការបង្កើតប្រព័ន្ធអេកូឡូស៊ីបន្ទះឈីបដោយចាប់ផ្តើមពីការរចនាបន្ទះឈីប ការបណ្តុះបណ្តាលធនធានមនុស្សរហូតដល់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យ។ ជាមួយគ្នានេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី នឹងផ្តោតលើការអភិវឌ្ឍន៍ធនធានមនុស្សដោយផ្តល់អាហារូបករណ៍សម្រាប់អ្នក ដែលកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រដល់ថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការស្រាវជ្រាវក្នុងវិស័យបច្ចេកវិទ្យា។
ទាក់ទងនឹងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត រដ្ឋមន្ត្រីរូបនេះ បានសង្កត់ធ្ងន់ថា បញ្ញាសិប្បនិម្មិត មិនមែនគ្រាន់តែជាឧបករណ៍ស្វ័យប្រវត្តិកម្មប៉ុណ្ណោះទេ តែវាអាចប្រើដើម្បីជួយបង្កើនផលិតភាពនៃវិស័យផ្សេងៗផងដែរ។ នៅពេលនេះ ឥណ្ឌូណេស៊ី មានបំណងក្លាយជាប្រទេសជើងឯកខាងសេដ្ឋកិច្ចឌីជីថលដ៏ធំបំផុតរបស់អាស៊ាន ដោយសេដ្ឋកិច្ចឌីជីថលរបស់ខ្លួនត្រូវបានគេព្យាករថានឹងឈានដល់១៥០ពាន់លានដុល្លារនៅឆ្នាំ២០២៥ ហើយអាចដល់៦00ពាន់លានដុល្លារនៅឆ្នាំ២០៣០។ ហើយសម្រាប់អាស៊ានទាំងមូលសេដ្ឋកិច្ចឌីជីថលអាចមានទំហំសរុបចាប់ពី១ទ្រីលានដុល្លាររហូតដល់២ទ្រីលានដុល្លារ៕
ដោយៈ សរ សុជាតិ