ប្រទេសឥណ្ឌា

ឥណ្ឌារឹតត្បិតការនាំចេញអង្កររបស់ខ្លួន កំពុងបង្កការគំរាមកំហែងកាន់តែខ្លាំងដល់អតិផរណាពិភពលោក


ប្រទេសឥណ្ឌាដែលជាអ្នកដឹកនាំចេញអង្ករដ៏ធំបំផុតរបស់ពិភពលោកបានរឹតបន្តឹងការនាំចេញផលិតផលចំណីអាហារសំខាន់ៗមួយចំនួនដែលភាគច្រើនតែត្រូវបាននាំចេញឆ្ពោះទៅកាន់តំបន់អាស៊ី និងអាហ្រ្វិក តួយ៉ាងថ្មីៗនេះ ឥណ្ឌាបានដាក់ការរឹតត្បិតលើការនាំចេញអង្កររបស់ខ្លួនបន្ថែមទៀត។ វិធានការនេះ បានគំរាមកំហែងដល់ទីផ្សារដំណាំសកលលោក និងធ្វើឱ្យអតិផរណា និងភាពអត់ឃ្លានកាន់តែធ្ងន់ធ្ងរឡើងថែមទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg។
ឥណ្ឌារឹតត្បិតការនាំចេញអង្កររបស់ខ្លួន

រដ្ឋាភិបាលឥណ្ឌា​​បាន​ដាក់​​ពន្ធគយ ២០% លើ​ការ​នាំ​ចេញ​អង្ករធម្មតា​ និងអង្ករ​​សម្រូប​ និង​ហាម​លក់​​អង្ករគ្រាប់​បាក់​​ទៅ​បរទេស។ វិធាន​ការទប់ស្កាត់​នេះ​​ត្រូវ​បាន​អនុវត្តចំពោះអង្ករ​ប្រហែល ៦០% នៃអង្ករ​ដែលត្រូវ​នាំចេញ​​សរុបរបស់ឥណ្ឌា។ នេះបើយោងតាមការគណនារបស់ Bloomberg។

ចំណាត់ការរបស់ឥណ្ឌា ដែលមានចំណែកទីផ្សារ​​ពាណិជ្ជកម្មអង្ករ​ពិភពលោក​ចំនួន​​​ ៤០%​ នេះ​នឹង​ដាក់សម្ពាធបន្ថែមទៀត​ទៅ​លើប្រទេសដែលកំពុងប្រឹង​ប្រែង​តស៊ូ​ជាមួយភាពអត់ឃ្លាន​​ និងការកើនឡើងអតិផរណា​ស្បៀងអាហារ​ផង​ដែរ​។ អង្ករគឺ​​ជា​អាហារដ៏​​សំខាន់​សម្រាប់​​ប្រជាជន​ពិភពលោក​ប្រហែល​​ពាក់កណ្ដាល​​ដោយតំបន់​​អាស៊ីបាន​​​ផលិត និង​​ប្រើ​ប្រាស់​ច្រើន​ជាង​គេ​រហូត​ទៅ​ដល់​ប្រហែល ៩០% នៃ​ការផ្គត់ផ្គង់​សរុប​របស់​​ពិភពលោក​។

ឥឡូវនេះអង្ករ គឺជាទំនិញកសិកម្មដ៏​សំខាន់​​ទី៣​នៅក្នុងប្រទេសឥណ្ឌា​ ដែលត្រូវ​ប្រឈមនឹងការរឹតបន្តឹង​​លើការលក់នៅក្រៅប្រទេសនៅ​​ក្នុងឆ្នាំនេះ បន្ទាប់ពី​ប្រទេសអាស៊ីខាងត្បូង​មួយ​នេះ​បានទប់ស្កាត់ការនាំចេញស្រូវសាលី និងស្ករសរួច​ទៅ​ហើយនាពេលកន្លងទៅនេះ ដោយបន្ថែមទៅ​ក្នុង​ប្រព័ន្ធ​គាំ​ពារស្បៀង​អាហារ​​និយម​​ ហើយវាកាន់តែធ្វើឱ្យមានភាពវឹកវរកាន់តែខ្លាំងឡើងនៅក្នុងទីផ្សារស្បៀង​អាហារពិភពលោក ដែលបាន​រង​គ្រោះ​ដោយ​សារ​សង្រ្គាមនៅអ៊ុយក្រែនរួច​ទៅ​ហើយ​នោះ​។

បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី​នៅអ៊ុយក្រែន តម្លៃស្រូវសាលី និងគ្រាប់ពោត​បាន​កើន​ឡើង​យ៉ាង​ខ្លាំងខណៈ​ដែល​តម្លៃ​អង្ករបានធ្លាក់ចុះដោយសារតែការស្តុកទុកច្រើនពេក​ដែល​បាន​ជួយការពារវិបត្តិអាហារបាន​ច្រើន ​​ប៉ុន្តែ ​តម្លៃ​អង្ករអាចនឹងមានការប្រែប្រួលខ្លាំង ​ដោយសារ​វិធាន​ការ​ចុងក្រោយ​របស់ឥណ្ឌានេះ​។

រដ្ឋាភិបាលឥណ្ឌា​បាននិយាយកាលពីថ្ងៃទី ៨ កញ្ញាថា ការរឹតបន្តឹងនេះ​អនុវត្តចំពោះប្រភេទ​អង្ករស​​​ ​និង​អង្ករសម្រូប​​ ហើយ​អង្ករគ្រាប់​ល្អ​ និងអង្ករ​គ្រាប់​បាក់​​នឹងក៏​ត្រូវទទួលកាតព្វកិច្ចស្រដៀងគ្នា​នេះ​ដែរ​។ អង្ករបាសម៉ាទី​(Basmati) និង​អង្ករ​ផ្សេង​ទៀត​​មិន​ត្រូវ​បាន​ហាម​ឃាត់​នោះឡើយ​។

អង្ករ​ដែលឥឡូវនេះត្រូវ​បានដាក់​ពន្ធគយ​សម្រាប់​ការ​នាំចេញ​នោះ​មានចំនួនប្រហែល ៦០% នៃ​ការ​នាំ​ចេញ​អង្ករ​ដែលមិនមែនជាប្រភេទ​អង្ករ​បាស​ម៉ាទី​របស់​ប្រទេសឥណ្ឌា។​ នេះបើ​តាម​លោក​ Krishna Rao ប្រធានសមាគមអ្នកនាំចេញអង្ករ​ឥណ្ឌា​។ លោក​បាន​បន្ត​ថា ការ​រឹត​បន្តឹង​នេះ​​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រទេស​​ផ្គត់​ផ្គង់ ដែល​ជា​​គូប្រជែងផ្សេង​ទៀត​​​ដូច​ជា​ប្រទេស​​ថៃ និង​វៀតណាម​ជា​ដើម ​ដែល​កំពុងតែ​​សហការ​គ្នា​ដើម្បី​បង្កើន​តម្លៃ​អង្ករ។​

លោក Rao បាននិយាយថា វិធានការរបស់រដ្ឋាភិបាល​នេះ​​នឹងបង្កើន​តម្លៃអង្ករ​ពិភពលោក​ថែម​ទៀត​ដោយគេ​បាន​ប៉ាន់ប្រមាណថា​តម្លៃនាំចេញ​អង្ករស​​អាចកើន​ឡើង​​ពីតម្លៃ​​បច្ចុប្បន្ន​​ ៣៥០ ដុល្លារ​ក្នុង​មួយ​តោនឡើង​​​​រហូត​ដល់​ជាង​ ៤០០ ដុល្លារក្នុងមួយ​តោន។​

លោកបាន​បន្ថែម​ទៀត​ថា ក្រុម​ហ៊ុន​នាំចេញអង្ករ​​មួយ​ចំនួន​នឹងស្នើឱ្យ​រដ្ឋាភិបាល​ឥណ្ឌា​លើកលែងពន្ធលើអង្ករ​ប្រមាណ ២​ លានតោនដែលបានចុះកិច្ចសន្យានាំចេញរួច​ហើយនោះ ​​ប៉ុន្តែមិនទាន់បានដឹកជញ្ជូន​នៅ​ឡើយ​។

សូមបញ្ជាក់ថា ការដាំដុះស្រូ​វនៅឥណ្ឌា​បានធ្លាក់ចុះជាង៥% នៅក្នុងរដូវដាំដុះនៅឆ្នាំនេះ ដោយសារតែតំបន់មួយចំនួនខ្វះទឹកភ្លៀង។ ប្រទេសឥណ្ឌា គឺជាប្រទេសនាំចេញអង្ករដ៏ធំរបស់ជាងគេបង្អស់របស់ពិភពលោក​ដោយក្នុងមួយឆ្នាំៗ​នាំចេញប្រហែលជាង​២០លានតោន៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


គម្រោងអាជីវកម្មរ៉ែមាសធំមួយទៀតនៅខេត្តកំពង់ធំ មានលទ្ធភាពចម្រាញ់មាសបានប្រហែល១៨០គីឡូក្រាមក្នុងមួយឆ្នាំ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាសេនាធិការ ថ្មីៗនេះ បានសម្រេចអនុម័តលើគម្រោងនិយោគអាជីវកម្មរ៉ែមាសដ៏ធំមួយទៀត ដែលម…

គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ នឹងជួយអភិវឌ្ឍវិស័យកសិកម្មយ៉ាងណាខ្លះ?

ព័ត៌មាន
សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ ទទួលបានការអនុម័តទាំងស្រុងពីគណៈរដ្ឋមន្ត្រី ដែលធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ