នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ អនុប្រធានផ្នែកស្រាវជ្រាវប្រេងរបស់ក្រុមហ៊ុន WoodMac គឺលោក អាឡាន ហ្គែលឌ័រ (Alan Gelder) បាននិយាយថា ប្រទេសចិន និងឥណ្ឌាត្រូវបានគេមើលឃើញថា មានតម្រូវការប្រេងកើនឡើងចំនួនជាង ៥៤ម៉ឺនធុងបារ៉ែលក្នុងមួយថ្ងៃដោយចិនមានចំនួនជិត ៥០ម៉ឺនធុងបារ៉ែលក្នុងមួយថ្ងៃ ហើយឥណ្ឌាមានកំណើនចំនួនជាង ១៦ម៉ឺនធុងបារ៉ែលក្នុងមួយថ្ងៃ។
លោក ហ្គែលឌ័រ បាននិយាយថា កំណើនដ៏រឹងមាំនៅក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិក មានភាពផ្ទុយគ្នាយ៉ាងខ្លាំងបើធៀបទៅនឹងទីផ្សារប្រេងនៅតំបន់អឺរ៉ុប ដោយគេបានព្យាករថា តម្រូវការប្រេងនៅតំបន់នោះនឹងធ្លាក់ចុះអស់ជាង ៤ម៉ឺនធុងបារ៉ែលក្នុងមួយថ្ងៃដោយសារកំណើនសេដ្ឋកិច្ចខ្សោយ។
លោក ហ្គែលឌ័រ បាននិយាយថា អាស៊ីនឹងដើរតួនាទីយ៉ាងទូលំទូលាយបន្ថែមទៀតនៅក្នុងទីផ្សារពិភពលោកនៅឆ្នាំ២០២៤ ហើយ កំណើនសេដ្ឋកិច្ចពិភពលោកនៅតែមិនត្រឡប់ទៅរកកម្រិតដើមវិញនៅឡើយទេ ខណៈស្ថានភាពបែបនេះកំពុងតែបន្ដកើតមានឡើងនៅទូទាំងតំបន់អឺរ៉ុប។
លោក Gelder បាននិយាយថា ការព្យាកររបស់ក្រុមហ៊ុន WoodMac សម្រាប់កំណើនប្រេងនៅឆ្នាំ២០២៥ គឺថមថយជាងឆ្នាំ២០២៤ ពោលគឺមនៅកំណើនត្រឹម ១លាន៤សែនធុងបារ៉ែលក្នុងមួយថ្ងៃ ហើយទីផ្សារអាស៊ីប៉ាស៊ីហ្វិក នៅតែជាកត្តាជំរុញដ៏សំខាន់ដែលមានចំនួនជិត៦០%នៃចំនួនតម្រូវការប្រេងសរុបក្នុងពិភពលោក។
លោក Gelder បាននិយាយថា ពាក់ព័ន្ធនឹងផលិតកម្មប្រេង សមាជិកនៃអង្គការប្រទេសនាំចេញប្រេង (Opec) អាចរំពឹងថា នឹងត្រូវបានគេអំពាវនាវឱ្យបង្កើនបរិមាណប្រេង ដើម្បីធ្វើឱ្យមានតុល្យភាពទីផ្សារនៅឆ្នាំ២០២៤ បើទោះជាការសម្រេចចិត្តរបស់ពួកគេនៅខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីអនុវត្តការកាត់បន្ថយដោយស្ម័គ្រចិត្តនូវការផលិតប្រេងជាង២លានធុងបារ៉ែល ក្នុងមួយថ្ងៃសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤ក៏ដោយ៕
អត្ថបទ៖ សុខ ជា