វិស័យសេដ្ឋកិច្ច

ហេតុអ្វីឡាវ នៅតែបន្តជួបបញ្ហាប្រឈមសេដ្ឋកិច្ច ខណៈអតិផរណាហក់ឡើងកាន់តែខ្ពស់នៅឆ្នាំ២០២៤ ?


ប្រទេសឡាវ ភូមិផងរបងជាមួយកម្ពុជា បន្តប្រឈមមុខនឹងបញ្ហាផ្នែកសេដ្ឋកិច្ច ខណៈដែលអត្រាអតិផរណាបានហក់ឡើងខ្ពស់រហូតដល់ជាង ២៥% ក្នុងខែកុម្ភៈ ដើមឆ្នាំ២០២៤ នេះ ដោយកើនឡើងពីកម្រិតជាង ២៤% ដែលធ្លាប់មានកាលពីខែមករា។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយការិយាល័យជាតិ ស្ថិតិឡាវ កាលពីថ្ងៃទី២៩ ខែកុម្ភៈ។
វិស័យសេដ្ឋកិច្ច
ដោយ

របាយការណ៍នេះបង្ហាញថា ខណៈអត្រាអតិផរណាជាទូទៅនៅតែបន្តហក់ឡើង តម្លៃទំនិញ និងសេវាកម្មបានធ្លាក់ចុះតិចតួច​នៅក្នុងវិស័យមួយចំនួន។

នៅក្នុងខែកុម្ភៈ កន្លងទៅថ្មីៗនេះ តម្លៃនៅក្នុងវិស័យសណ្ឋាគារ និងភោជនីយដ្ឋាននៅតែមានខ្ពស់បំផុតក្នុងអត្រារហូតដល់ទៅជាង ៣៥% ដោយថយចុះតិចតួចបើប្រៀបធៀបទៅនឹងតួលេខកាលពីខែមករា។ វិស័យផ្សេងទៀត ដែលរួមចំណែកធ្វើឱ្យអតិផរណាហក់ឡើងរួមមានវិស័យសម្លៀកបំពាក់ និងស្បែកជើង ការថែទាំវេជ្ជសាស្រ្ត និងថ្នាំពេទ្យ ចំណីអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុល ការទំនាក់ទំនង និងការដឹកជញ្ជូន ដែលទាំងអស់នេះបានហក់ឡើងយ៉ាងខ្លាំងចន្លោះពីជិត២៣%ដល់ជាង ៣៥%។

របាយការណ៍​បង្ហាញ​ទៀត​ថា មានកត្តាជាច្រើនដែលបានរួមចំណែកធ្វើឱ្យអតិផរណាហក់ឡើងខ្ពស់បែបនេះ ដោយទី១ គឺកំណើនតម្រូវការអំឡុងពិធីបុណ្យធំៗដូចជាបុណ្យចូលឆ្នាំចិន-វៀតណាម ជាដើមដែលបានធ្វើឱ្យចំណីអាហារឡើងថ្លៃ ហើយទី២ ការឡើងថ្លៃប្រេងឥន្ធនៈដូចជា ប្រេងម៉ាស៊ូតឡើងថ្លៃ៧% និងប្រេងសាំងឡើងថ្លៃ ៥% បានធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។ ចុងក្រោយ ការធ្លាក់ថ្លៃនៃប្រាក់គីប (Kip) របស់ឡាវ ធៀបនឹងរូបិយបណ្ណសំខាន់ៗរួមទាំងប្រាក់ដុល្លារអាម៉េរិក និងប្រាក់បាត របស់ថៃ ផងនោះ បានធ្វើឱ្យមានភាពតានតឹងបន្ថែមទៀតដល់ស្ថិរភាពសេដ្ឋកិច្ច។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ រដ្ឋាភិបាលឡាវ បានកោះប្រជុំគណៈរដ្ឋមន្ត្រីប្រចាំខែចាប់ពីថ្ងៃទី២៨-២៩ខែកុម្ភៈ។ កិច្ចប្រជុំនេះមានគោលបំណងដោះស្រាយឧបសគ្គសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសនេះ និងរៀបចំផែនការយុទ្ធសាស្រ្ត ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព​។

កាលពីថ្ងៃទី២៩ ខែកុម្ភៈ រដ្ឋាភិបាលឡាវ បានអនុម័តជាបឋមលើសេចក្តីព្រាងច្បាប់ និងក្រឹត្យនានាដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច រួមមានច្បាប់ស្តីពីវិមជ្ឈការទេសចរណ៍ ការការពាររុក្ខជាតិឱសថបុរាណ ការប្រឆាំងការលាងលុយកខ្វក់ និងផែស្ងួតផងដែរ។

ដើម្បីទាក់ទាញរូបិយបណ្ណបរទេសចូលមកក្នុងប្រទេសនេះ ធនាគារកណ្ដាលឡាវ (BOL) ក៏បានអនុវត្តបទប្បញ្ញត្តិថ្មីមួយដែលកាលពីខែធ្នូ ចុងឆ្នាំ២០២៣ បានតម្រូវឱ្យវិនិយោគិនបរទេសបើកគណនីធនាគារវិនិយោគផ្ទាល់ពីបរទេស (FDI) ជាប្រាក់គីប (Kip) របស់ឡាវ ឬ រូបិយបណ្ណបរទេស ដែលអាចប្ដូរបានជាមួយធនាគារពាណិជ្ជ ដើម្បីសម្រួលដល់វិនិយោគិនបរទេស ដែលកំពុងស្វះស្វែងបោះទុនវិនិយោគនៅក្នុងប្រទេសឡាវ។

ធនាគារកណ្ដាលឡាវ (BOL) ក៏បានសន្យាថានឹងអនុវត្តគោលនយោបាយរូបិយវត្ថុដ៏តឹងរ៉ឹងផងដែរដើម្បីរក្សាស្ថិរភាពតម្លៃប្រាក់គីប ស្របតាមគោលដៅមហិច្ឆិតារបស់រដ្ឋាភិបាលឡាវ ដែលមានបំណងកាត់បន្ថយអតិផរណាឱ្យបាន៩% នៅក្នុងឆ្នាំ២០២៤ នេះ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះធ្វើឲ្យសន្ទស្សន៍សកម្មភាពផលិតកម្មរបស់មហាយក្សចិនបង្ហាញការធ្លាក់ចុះ៥ខែជាប់ៗគ្នា?

ព័ត៌មាន
សន្ទស្សន៍សកម្មភាពផលិតកម្មនៅតាមបណ្តារោងចក្រឧស្សាហកម្មនានា នៅក្នុងប្រទេសចិន បានបង្ហាញនូវសន្ទស្សន៍នៃការធ្លាក់ចុះ៥ខែជាប់ៗគ្នា បើគិតត្រឹមខែកុម្ភៈក…

តំបន់អាស៊ីប៉ាស៊ីហ្វិកនឹងក្លាយទីផ្សារធំ ជំរុញកំណើនតម្រូវការប្រេងនៅឆ្នាំ២០២៤-២០២៥

ព័ត៌មាន
អ្នកជំនាញរបស់ក្រុមហ៊ុនស្រាវជ្រាវ WoodMac មានមូលដ្ឋាននៅចក្រភពអង់គ្លេស បានឱ្យដឹងថា កំណើនតម្រូវការប្រេងពិភពលោកត្រូវបានគេព្យាករថានឹងកើនឡើងបន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ