សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា PATA រំពឹងថា ចរន្តភ្ញៀវទេសចរដើរលេងកម្សាន្តនៅក្នុងតំបន់នឹងទទួលកំណើនប្រចាំឆ្នាំដ៏រឹងមាំ នៅឆ្នាំ២០២៤នេះ។ សារព័ត៌មាន GGR Asia បានដកស្រង់របាយការណ៍របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ចុះផ្សាយថា ចរាចររបស់អ្នកទេសចរនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅក្នុងឆ្នាំ២០២៤ នឹងទទួលបានរហូតដល់ទៅ៧៤១លាននាក់ ពោលគឺលើសចំនួនចរន្តភ្ញៀវទេសចរកាលពីឆ្នាំ២០១៩ ដែលពេលនោះទទួលបានត្រឹមជិត៦៨៣លាននាក់។
ទោះជាយ៉ាងណាក៏ដោយ សមាគមទេសចរណ៍នេះ បាននិយាយថា បញ្ហាប្រឈមនៅតែមាន សម្រាប់ឧស្សាហកម្មទេសចរណ៍។ លោក ណរ អាមេត ហាមីត ( Noor Ahmad Hamid) ប្រធានប្រតិបត្តិសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបាននិយាយថា សេណារីយ៉ូនៃការព្យាករណ៍កំពុងរំឭកថា អ្វីៗមានភាពវិជ្ជមាននៅពេលនេះ ជាមួយនឹងការព្យាករណ៍កំណើនជាទូទៅមានការកើនឡើង តែហានិភ័យនៅតែអាចលងវិស័យនេះ។
លោកបានបន្ថែមថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច បានបង្ហាញឱ្យឃើញពីប្រភពនៃឧបសគ្គចំពោះកំណើនទេសចរណ៍នៅអាស៊ីប៉ាស៊ីហ្វិក ដូច្នេះតម្រូវការសំខាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងបន្ត គឺត្រូវស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដែលអាចប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមទាំងនោះប្រកបដោយប្រសិទ្ធភាព។
តាមរយៈសេណារីយ៉ូនេះ សម្រាប់តំបន់អាស៊ីឦសាន សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកព្យាករថា នឹងអាចទទួលភ្ញៀវទេសចរសរុបប្រមាណជា៤៤,៦លាននាក់ ហើយអាស៊ីអាគ្នេយ៍អាចទទួលបាននៅក្នុងរង្វង់៣៦,២លាននាក់៕
ដោយៈ សរ សុជាតិ