នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បណ្ដាវិនិយោគិនទូទាំងពិភពលោកបានសម្រុកងាកមកទិញសញ្ញាបណ្ណ ឬមូលបត្របំណុលនៅអាស៊ី ដោយពួកគេជឿថា ការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិក កាលពីពេលថ្មីៗ នឹងជំរុញឱ្យធនាគារកណ្តាលនានា ក្នុងតំបន់សម្រុកទិញមូលបត្របំណុល ដើម្បីជួយគាំទ្រដល់បណ្ដាក្រុមហ៊ុនក្នុងស្រុកក្នុងការបោះផ្សាយលក់មូលបត្របំណុល។
លោកស្រី ឡី ជូ (Lei Zhu) ប្រធានផ្នែកប្រាក់ចំណូលថេរប្រចាំអាស៊ី នៅក្រុមហ៊ុនផ្ដល់សេវាកម្មគ្រប់គ្រងការវិនិយោគអន្តរជាតិ បានលើកឡើងក្នុងបទសម្ភាសមួយកាលពីចុងខែកញ្ញា ថា មូលធនបានហូរចូលច្រើនមកកាន់តំបន់អាស៊ី។
ទោះជាយ៉ាងណា ខណៈដែលបណ្ដាវិនិយោគិនទូទាំងពិភពលោកវិលត្រលប់មកកាន់ទីផ្សារអាស៊ី ពួកគេយល់ថា ការផ្គត់ផ្គង់សញ្ញាបណ្ណសាជីវកម្មកម្រិតវិនិយោគគិតជាប្រាក់ដុល្លារនៅមានកម្រិត។ កង្វះខាតនេះ គឺជានិន្នាការរយៈពេលវែងដោយសារប្រាក់ដុល្លារ បានហក់ឡើងថ្លៃ ខណៈដែលបណ្ដារូបិយបណ្ណអាស៊ីធ្លាក់ថ្លៃ ដែលបានជំរុញឱ្យបណ្ដាក្រុមហ៊ុនអាស៊ី ខ្ចីប្រាក់ជារូបិយប័ណ្ណក្នុងស្រុក។ និន្នាការនេះបានចាប់ផ្តើមនៅខែមីនា ឆ្នាំ២០២២ ជាពេលដែលធនាគារកណ្ដាលអាម៉េរិក បានចាប់ផ្តើមដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ ដើម្បីទប់អតិផរណាដែលហក់ឡើងកាន់តែខ្ពស់៕
ដោយ: តែម សុខុម