ជុំវិញការព្រមាននេះ ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានគូសបញ្ជាក់ថា ទំនិញក្លែងក្លាយមិនត្រឹមតែបំផ្លាញសុខភាព និងអាយុជីវិតរបស់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងវាយប្រហារទំនុកចិត្តវិនិយោគ កេរ្តិ៍ឈ្មោះទំនិញនាំចេញ និងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ ដែលទាមទារឱ្យមានប្រតិបត្តិការបង្រ្កាបជាបន្ទាន់ និងគ្មានការលើកលែង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានណែនាំឱ្យអាជ្ញាធរគ្រប់រាជធានីខេត្តទាំងអស់យកចិត្តទុកដាក់ខ្ពស់លើការបង្រ្កាបផលិតផលក្លែងក្លាយនៅកម្ពុជា ដែលបច្ចុប្បន្នមានការកើនឡើងគួរឱ្យកត់សម្គាល់។ ថ្នាក់ដឹកនាំរូបនេះបានសង្កត់ធ្ងន់ថា ផលិតផលក្លែងក្លាយកំពុងក្លាយជាបញ្ហាប្រឈមធំទី២បន្ទាប់ពីស្គេមអនឡាញ ដែលសហគមន៍អន្តរជាតិ ជាពិសេសសហភាពអឺរ៉ុប និងអាម៉េរិកបង្ហាញការព្រួយបារម្ភ និងតាមដានឃ្លាំមើលនៅកម្ពុជា។
បើតាមឯកឧត្តម ស សុខា ការចរាចរផលិតផលក្លែងក្លែងទាំងនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើទំនាក់ទំនងជាមួយសហគន៍អន្តរជាតិ តួយ៉ាងភារធារីស្តីទីសហរដ្ឋអាម៉េរិកបានប្រាប់ ឯកឧត្តម ចំៗពាក់ព័ន្ធនឹងផលិតផលក្លែងបន្លំម៉ាករបស់សហរដ្ឋអាម៉េរិកនៅកម្ពុជា ដែលបញ្ហានេះអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងកម្ពុជា និងអាម៉េរិកនាពេលខាងមុខ ប្រសិនបើគ្មានការទប់ស្កាត់ទាន់ពេល។
លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមបានគូសបញ្ជាក់ថា ការចរាចរផលិតផលក្លែងក្លាយនៅកម្ពុជាមិនត្រឹមប៉ះពាល់ដល់កិត្តិយស និងភាពជឿជាក់លើការវិនិយោគ និងទំនាក់ទំនងពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិនោះទេ ថែមទាំងបំផ្លាញសុខភាពប្រជាពលរដ្ឋ និងការប្រកួតប្រជែងរបស់អាជីវករស្របច្បាប់ផងដែរ។
បើតាមអ្នកជំនាញរូបនេះ ការបង្ក្រាបផលិតផលក្លែងបន្លំនៅកម្ពុជាហាក់មានភាពស្មុគស្មាញ ដែលទាមទារឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធ ដោយត្រូវដាក់ទោសទណ្ឌឱ្យបានធ្ងន់ធ្ងរបំផុតលើជនប្រព្រឹត្ត និងអ្នកគប់គិត រឹតបន្តឹងការត្រួតពិនិត្យនៅតាមច្រកព្រំដែន និងទីផ្សារចែកចាយ និងបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ អាជីវករ អ្នកនាំចូល និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងធានាថា ទំនិញទាំងអស់ត្រូវតែមានការបញ្ជាក់ទទួលស្គាល់ ឬការអនុញ្ញាតត្រឹមត្រូវ មុននឹងដាក់លក់ ឬចរាចរនៅលើទីផ្សារ។
ជាមួយគ្នានេះលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាត្រូវតែពិនិត្យឱ្យបានល្អិតល្អន់ជុំវិញបញ្ហាផលិតផលក្លែងបន្លំនេះ ពិសេសទំនិញទាំងឡាយណាសម្រាប់នាំចេញទៅសហរដ្ឋអាម៉េរិក ដែលមិនមែនប្រភពដើមនៅក្នុងប្រទេសកម្ពុជា។ បន្ថែមលើនេះ កម្ពុជាត្រូវចូលរួមសហការ និងមានការឃ្លាំមើលឱ្យបានស៊ីជម្រៅបន្ថែមទៀតជុំវិញបញ្ហានេះ ដើម្បីកសាងកេរ្តិ៍ឈ្មោះទំនិញរបស់កម្ពុជា។
ឆ្លើយតបនឹងក្តីកង្វល់នេះឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានអះអាងថា ប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបទំនិញខុសច្បាប់ ខូចគុណភាព និងទំនិញក្លែងបន្លំ គឺជាបេសកកម្មអាទិភាពខ្ពស់បំផុតរបស់ស្ថាប័ន។ អគ្គនាយកដ្ឋាន ក.ប.ប. កំពុងបង្កើនកិច្ចសហការអន្តរស្ថាប័ន ដើម្បីដកហូតទំនិញប្រឈមហានិភ័យចេញពីទីផ្សារឱ្យទាន់ពេលវេលា សំដៅការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងរក្សាស្ថិរភាពពាណិជ្ជកម្មជាតិ។
ឯកឧត្តម គឹម មាសសុខសីហា បានគូសបញ្ជាក់បន្ថែមថា ចំណុចក្តៅដែលសហរដ្ឋអាម៉េរិកកំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំងបំផុត គឺការរំលោភកម្មសិទ្ធិបញ្ញា តាមរយៈការយកម៉ាកសញ្ញាពាណិជ្ជកម្មល្បីៗរបស់អាម៉េរិកមកផលិត ឬបន្លំធ្វើអាជីវកម្មខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ដែលជាបញ្ហាត្រូវតែលុបបំបាត់ឱ្យខាងតែបាន៕