ពលករ

ថៃកំពុងខ្នះខ្នែងរើសពលករពីស្រីលង្កា ក្រោយជួបបញ្ហាខ្វះកម្លាំងពលកម្មធ្ងន់ធ្ងរបន្ទាប់ពីការចាកចេញរបស់ពលករខ្មែរ


រដ្ឋាភិបាលថៃបានសម្រេចបង្វែរទិសដៅជ្រើសរើសពលករចំណាកស្រុកប្រមាណ១០,០០០នាក់ពីប្រទេសស្រីលង្កា ដែលជាជំហានប្រវត្តិសាស្ត្រដំបូងបង្អស់ក្នុងការស្វែងរកកម្លាំងពលកម្មក្រៅតំបន់អាស៊ាន។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រនេះធ្វើឡើងបន្ទាប់ពីវិបត្តិជម្លោះព្រំដែនដ៏ក្ដៅគគុកជាមួយកម្ពុជាបានឈានទៅដល់ការបង្កើតរលកស្អប់ខ្ពើមជាតិសាសន៍ និងបង្ខំឱ្យពលករខ្មែររាប់សិបម៉ឺននាក់សម្រេចចិត្តចាកចេញពីប្រទេសថៃវិលត្រឡប់មកមាតុភូមិវិញជាបន្តបន្ទាប់។
ពលករ
ដោយ
អំពី ពលករ

សារព័ត៌មាន Theedgemalaysia បានរាយការណ៍នៅថ្ងៃទី៨ ខែកញ្ញា ថា រដ្ឋមន្ត្រីក្រសួងការងារថៃលោក ជុឡាផាន់ អាម៉នវិវ៉ាត់ (Julapun Amornvivat) បានគូសបញ្ជាក់ថា គណៈរដ្ឋមន្ត្រីថៃបានអនុម័តកិច្ចព្រមព្រៀងកម្លាំងពលកម្មជាមួយស្រីលង្កាកាលពីថ្ងៃទី៧ ខែកញ្ញា ដើម្បីបង្កើតប្រព័ន្ធជ្រើសរើសពលករពីប្រទេសស្រីលង្កា។ ប្រទេសស្រីលង្កា នឹងក្លាយជាគម្រោងសាកល្បងដំបូងគេ ខណៈដែលថៃកំពុងស្វែងរកប្រភពពលកម្មថ្មីៗ ដើម្បីមកបំពេញចន្លោះប្រហោងក្នុងខែ្សច្រវាក់ផលិតកម្មរបស់ខ្លួន ដែលកំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដោយសារខ្វះកម្លាំងពលកម្មបរទេស។
រដ្ឋមន្ត្រីការងាររូបនេះបានបន្ថែមថា កិច្ចសន្យាដំបូងសម្រាប់ពលករស្រីលង្កាមានរយៈពេល២ឆ្នាំ ហើយអាចបន្តបាន២ឆ្នាំទៀត ជាមួយនឹងការធានាកិច្ចការពារផ្លូវច្បាប់ក្រោមច្បាប់ការងាររបស់ថៃ។ ផែនការនេះ គឺជាការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចដ៏ចាស់គំរិលរបស់ថៃ ដែលធ្លាប់តែពឹងផ្អែកស្ទើរទាំងស្រុងលើកម្លាំងពលកម្មពីប្រទេសជិតខាងដូចជាកម្ពុជា មីយ៉ាន់ម៉ា និងឡាវក្នុងវិស័យរោងចក្រ កសិកម្ម និងសំណង់។ ទិន្នន័យពីសភាពាណិជ្ជកម្មថៃបានបង្ហាញថា ពលករចំណាកស្រុកមានទំហំរហូតដល់១ភាគ១០ នៃកម្លាំងពលកម្មសរុបរបស់ថៃ។
ទិន្នន័យពីសមាគមអាជីវកម្មថៃបានឱ្យដឹងថា មុនពេលផ្ទុះជម្លោះព្រំដែន និងការប៉ះទង្គិចគ្នាកាលពីឆ្នាំមុន ប្រទេសថៃមានពលករកម្ពុជាស្នាក់នៅធ្វើការជាង៥០ម៉ឺននាក់។ ទោះជាយ៉ាងណារលកកំហឹងជាតិនិយម និងការរើសអើងបានរុញច្រានឱ្យពលករខ្មែរជាង៦០% សម្រេចចិត្តវេចបង្វេចចាកចេញពីថៃភ្លាមៗ។ បើតាមតួលេខដែលកត់ត្រាដោយក្រសួងមហាផ្ទៃ ពលករខ្មែរដែលបានចាកចេញពីប្រទេសថៃមានរហូតដល់ជិត១លាននាក់ឯណោះ។
ក្រុមអ្នកជំនាញសេដ្ឋកិច្ចថៃបានព្រមានថា ការបាត់បង់ពលករកម្ពុជាជាង៦០%នេះ បានវាយប្រហារយ៉ាងខ្លាំងលើរចនាសម្ព័ន្ធសេដ្ឋកិច្ចថៃ ជាពិសេសវិស័យដែលប្រើប្រាស់កម្លាំងបាយដូចជាការដ្ឋានសំណង់ធំៗត្រូវគាំងដំណើរការ សមត្ថភាពផលិតក្នុងវិស័យឧស្សាហកម្ម និងការកែច្នៃអាហារសមុទ្រធ្លាក់ចុះ ព្រមទាំងធ្វើឱ្យតម្លៃពលកម្ម និងថ្លៃដើមផលិតកម្មកើនឡើងខ្ពស់ហួសប្រមាណ ដែលកំពុងញាំញីសេដ្ឋកិច្ចថៃយ៉ាងធ្ងន់ធ្ងរ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


អ្នកវិភាគមើលឃើញថា ថៃកំពុងសម្តែងល្ខោននយោបាយដើម្បីបង្វែរដាន និងលុបលាងអំពើឈ្លានពានលើកម្ពុជា

ថ្មីៗនេះកងទ័ពអាកាសថៃបានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលមកកាន់តំបន់អូរស្មាច់ក្នុងទឹកដីកម្ព…

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអះអាងថា ផលិតផលក្លែងក្លាយជាបញ្ហាប្រឈមទី២បន្ទាប់ពីស្កេមអនឡាញ ដែលសហគមន៍អន្តរជាតិកំពុងដាក់ការឃ្លាំមើលនៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញសារព្រមានធ្ងន់ៗថា ការចរាចរទំនិញក្លែងក្លាយកំពុងក្លាយជាវិបត្តិប្រឈមធំទី២ បន្ទាប់ពីបទល្មើសស្កេមអនឡាញ ឬ Online Sc…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ