
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់កាលពីពេលថ្មីនេះថា រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់រៀបចំគិតគូរជំរុញឱ្យមានការវិនិយោគលើសំណង់អគារចាស់ៗ ដែលទ្រុឌទ្រោម និងមានអាយុកាលយូរឆ្នាំ និងផ្លាស់ប្តូរប្រជាពលរដ្ឋដែលរស់នៅក្នុងអគារចាស់ៗទាំងនោះ ឱ្យទៅរស់នៅទីកន្លែងផ្សេងជំនួសវិញ។ ការជំរុញផ្លាស់ប្តូរនេះ ត្រូវបានថ្នាក់ដឹកនាំរូបនេះអះអាងថា គឺដើម្បីរក្សាអាយុជីវិត និងសង្គមជាតិ របស់កម្ពុជា ដ្បិតថា អ្នករស់នៅតាមអគារដែលមិនមានភាពរៀបរយ និងចាស់ទ្រុឌទ្រោមទាំងនោះមួយចំនួនធំបានបង្កបរិយាកាសមិនល្អចំពោះសង្គមជាតិ។
ជុំវិញបញ្ហានេះដែរ លោក ប៉ូ អ៊ាវគង់ នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន អ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត យល់ឃើញថា កម្ពុជា គួរតែដល់ពេលហើយក្នុងការគិតគូរលើការវិនិយោគលើសំណង់អគារចាស់ៗមានសភាពទ្រុឌទ្រោមខ្លាំង ដែលភាគច្រើនមានប្រជាពលរដ្ឋរស់នៅជាសហកម្មសិទ្ធរួមគ្នា ដើម្បីទប់ស្កាត់ហានិភ័យឱ្យបានទាន់ពេលវេលា។ សម្រាប់អ្នកជំនាញរូបនេះ គោលនយោបាយសម្រាប់យកទៅអនុវត្តលើការវិនិយោគសំណង់អគារចាស់ៗទាំងនេះ គួរតែមានច្រើនជម្រើស និងមានការសិក្សាវាយតម្លៃពីស្ថាប័នពាក់ព័ន្ធឱ្យបានច្បាស់លាស់។ ទន្ទឹមនេះ រាជរដ្ឋាភិបាល ក៏គួរមានគោលនយោបាយលើកទឹកចិត្តណាមួយដល់អ្នកអភិវឌ្ឍន៍លើគម្រោងសំណង់អគារចាស់ៗនេះផងដែរ ប៉ុន្តែត្រូវមានតម្លាភាពដើម្បីចៀសវាងទំនាស់ផលប្រយោជន៍ណាមួយកើតឡើង។
ជាមួយគ្នានេះ លោក សេង សុភ័ក្រ្ត អនុប្រធានសមាគអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា កត់សម្គាល់ឃើញថា សំណង់អគារចាស់ៗដែលមានអាយុកាលច្រើនឆ្នាំនៅក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ គឺមានចំនួនច្រើនគួរសម ហើយអគារមួយចំនួន ក៏មានសភាពទ្រុឌទ្រោមផងដែរ។ ដូច្នេះហើយ តាមរយៈផែនការរបស់រាជរដ្ឋាភិបាល លើការជំរុញឱ្យមានការពិនិត្យមើលលើគុណភាពសំណង់អគារចាស់ៗ និងការវិនិយោគលើសំណង់អគារចាស់ៗទាំងនេះ ពិតជាសំខាន់ និងចាំបាច់ណាស់ ដើម្បីបង្ការគ្រោះថ្នាក់ដោយប្រការណាមួយ ពោលគឺក្រសួងពាក់ព័ន្ធនឹងបានទៅត្រួតពិនិត្យវាយតម្លៃផ្ទាល់ថា តើសំណង់អគារណាខ្លះអាចជួសជុលប្រើប្រាស់ឡើងវិញបាន ហើយអគារណាខ្លះគួរត្រូវវាយកម្ទេចចោល ដើម្បីអភិវឌ្ឍន៍ថ្មីជាដើម។
គួរជម្រាបថា កាលពីពេលថ្មីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងស្ថាប័នជំនាញ និងក្រុមហ៊ុនសាងសង់ទាំងអស់ត្រូវពិនិត្យឱ្យបានហ្មត់ចត់លើការរៀបចំស្តង់ដាគុណភាពសំណង់ ជាពិសេសសំណង់អគារខ្ពស់ៗ និងសំណង់អគារចាស់ៗ ដើម្បីបង្ការហានិភ័យណាមួយ ដែលអាចកើតមានឡើងដោយសារបញ្ហាសំណង់អគារមិនរឹងមាំ ក្រោយប្រទេសថៃ និងមីយ៉ាន់ម៉ា រងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ ដែលបណ្តាលឱ្យបាក់រលំអគារ និងសម្លាប់មនុស្សជាច្រើននាក់កាលពីកន្លងទៅនេះ៕