ដើម្បីជំរុញឱ្យស្មារតីនៃទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ក្លាយជាការពិតជាក់ស្តែង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងឱកាស«ទិវាជាតិគប់គ្រងគ្រោះមហន្តរាយ»ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ បង្កើនការយល់ដឹងអំពីមុខសញ្ញាគ្រោះថ្នាក់ ការអប់រំផ្សព្វផ្សាយព័ត៌មានព្យាករណ៍ និងការប្រកាសឱ្យដឹងមុន និងចូលរួមក្នុងសកម្មភាពទប់ស្កាត់ ការពារ និងកាត់បន្ថយគ្រោះមហន្តរាយ។
លើសពីនេះ ត្រូវរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរក្សាកំណើនសេដ្ឋកិច្ច វិនិយោគ ពង្រីកមុខរបរដែលធន់នឹងបម្រែបម្រួលអាកាសធាតុ ដើម្បីរក្សាស្ថិរភាពជីវភាពរស់នៅ ជាមួយការរស់នៅស្អាត បរិស្ថានល្អ និងភូមិ-ឃុំមានសុវត្ថិភាព ក៏ដូចជាចូលរួមចំណែកជួយគាំទ្រ ឧបត្ថម្ភធនធានសម្ភារ មធ្យោបាយ ថវិកាដល់អាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ កសាងហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាព និងឆ្លើយតបគ្រោះមហន្តរាយនានាឱ្យបានទាន់ពេល។
ជាមួយគ្នានេះ សម្តេចធិបតី បានក្រើនរំលឹកដល់ក្រសួងស្ថាប័នរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងបណ្តាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងសម្រាប់រយៈពេលវែង ក៏ដូចជាក្នុងរដូវកាលចុងឆ្នាំ២០២៤ នេះ ត្រូវពង្រឹងសមត្ថភាពស្ថាប័ន ក្នុងការអនុវត្តការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយរៀបចំឱ្យមានដំណើរការជាប្រក្រតី និងជាអចិន្ត្រៃយ៍ ក៏ដូចជាត្រូវពង្រឹង និងពង្រីកកងប្រតិបត្តិការរុករកនិងសង្គ្រោះ និងរៀបចំកញ្ចប់ថវិកាប្រើប្រាស់នៅក្នុងខ្ទង់ថវិកាក្នុងក្រសួងស្ថាប័ន ដើម្បីធានាឱ្យមានធនធានមនុស្សសម្រាប់បំពេញការងារ មានមធ្យោបាយ សម្ភារ ថវិកា សម្រាប់ដំណើរការការងារ និងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយ។
ទន្ទឹមនេះ សម្តេចធិបតី ណែនាំឱ្យបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ តាមដានឱ្យជាប់ នឹងត្រូវដោះស្រាយឱ្យបានទាន់ពេលវេលា នៅក្នុងករណីកើតមានគ្រោះមហន្តរាយ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។ ជាពិសេសយកចិត្តទុកទៅលើការជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់។
សម្តេចធិបតី បានបន្ថែមទៀតថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវតាមដានឱ្យជាប់ជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី ខេត្ត និងត្រូវកំណត់ជាស្រេចនូវទីទួលសុវត្ថិភាព ក៏ដូចជាការចាត់វិធានការសម្របសម្រួល និងត្រៀមកម្លាំងមធ្យោបាយអន្តរាគមន៍ សង្គ្រោះបន្ថែម។ យ៉ាងណាមិញ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវត្រៀមស្បៀង និងសម្ភារ បរិក្ខារចាំបាច់ ដែលត្រូវបញ្ចេញទៅឱ្យប្រជាជនរងគ្រោះដោយគ្រោះមហន្តរាយនានា ក្នុងករណីមានការស្នើសុំពីរាជធានី ខេត្ត។ ទន្ទឹមនេះ ក្រសួងធនធានទឹក និងឧតុនិយម ត្រូវតាមដានជាប្រចាំ អំពីអាកាសធាតុ ការព្យាករណ៍ ស្ថានភាពភ្លៀងនិងកម្ពស់ទឹក និងត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ដើម្បីអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។
សម្តេចធិបតី ក៏បានណែនាំដល់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀមស្រូវពូជ និងសម្ភារចាំបាច់នានាក្នុងករណីមានផលប៉ះពាល់ធំ បង្កឱ្យមានការខូចខាតស្រូវ ដំណាំរបស់ប្រជាពលរដ្ឋ ចាំបាច់ត្រូវជួយស្ដារឡើងវិញផងដែរ។ មិនតែប៉ុណ្ណោះ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ ត្រូវត្រៀមកម្លាំងមធ្យោបាយ និងសម្ភារ ដើម្បីធ្វើអន្តរាគមន៍សង្គ្រោះតាមការចាំបាច់ ពង្រឹងសមត្ថភាពកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពរាល់គ្រោះមហន្តរាយដែលកើតឡើង។
គួរជម្រាបថា ប្រធានបទសម្រាប់ទិវាអន្តរជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០២៤ គឺ«តួនាទីនៃការអប់រំក្នុងការការពារ និងផ្ដល់អំណាចដល់កុមារសម្រាប់អនាគតដែលគ្មានគ្រោះមហន្តរាយ»ដែលសំដៅកាត់បន្ថយហានិភ័យ និងការបាត់បង់ជាសាកល។ រីឯទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយផ្តោតលើមូលបទ«ការកសាងអាស៊ានដែលមានភាពធន់ តាមរយៈការស្ដារឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយប្រកបដោយបរិយាបន្ន និងនិរន្តរភាព»។ ដោយឡែកសម្រាប់កម្ពុជា «ការគ្រប់គ្រងគ្រោះមហន្តរាយ គឺសំដៅការពារការអភិវឌ្ឍន៍ និងសុខុមាលភាពរបស់ប្រជាជន» ត្រូវបានលើកយកជាប្រធានបទសម្រាប់ ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយក្នុងឆ្នាំ២០២៤ នេះ៕