ប្រសិនបើគេដើរជុំវិញមជ្ឈមណ្ឌលក្រុងស៊ីដនីនៅប្រទេសអូស្ត្រាលី នោះគេនឹងមានឱកាសបានឃើញធុងសំរាម ឬផលិតផលកែច្នៃចេញពីវត្ថុធាតុដើមដើម្បីប្រើឡើងវិញ ជាបន្តបន្ទាប់គ្នាមិនខានឡើយ។ ទោះបីជាមើលទៅហាក់ដូចជាមិនសូវសំខាន់ក៏ពិតមែន ប៉ុន្តែវាគឺជាសញ្ញាបង្ហាញ ការផ្លាស់ប្ដូររបស់អូស្ត្រាលីទាក់ទងនឹងការទុកដាក់កែច្នៃសំរាម ដ្បិតថាពេលកន្លងមកនេះប្រទេសនេះធ្លាប់តែនាំចេញកាកសំណល់ទៅបរទេស ដូចជានាំទៅចិនជាដើម ប៉ុន្ដែ ឥឡូវបានងាកមករកការកែច្នៃសំរាមទាំងនេះ សម្រាប់ការប្រើប្រាស់ឡើងវិញ។ នេះបើតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន CNA។
គិតត្រឹមរយៈពេល៥ឆ្នាំកន្លងមកនេះ ប្រទេសអូស្ត្រាលីមានសេដ្ឋកិច្ចដោយយកវត្ថុធាតុដើមមកប្រើប្រាស់សម្រាប់ការផលិតចេញជាផលិតផល លក់ប្រើប្រាស់ ហើយក្រោយពីប្រើប្រាស់រួច គឺបោះបង់ចោល មិនមានការកែច្នៃប្រើប្រាស់ឡើងវិញនោះឡើយ។
ជាក់ស្ដែង របាយការណ៍កាកសំណល់ជាតិរបស់អូស្ត្រាលីដែលបានចេញផ្សាយនៅក្នុងឆ្នាំ២០១៨បង្ហាញថា កាកសំណល់ប្រហែល៤០%នៃកាកសំណល់ទម្ងន់ ៥៤ មេហ្គាតោន ដែលគេបង្កើតឡើងនៅចន្លោះឆ្នាំ២០១៦ និងឆ្នាំ២០១៧ត្រូវបានបញ្ជូនទៅកន្លែងចាក់សំរាមដែលវាស្មើនឹងមនុស្សម្នាក់ចោលសំរាមប្រហែល ៨៨០ គីឡូក្រាមក្នុងមួយឆ្នាំ។
ទីភ្នាក់ងារវិទ្យាសាស្ត្រជាតិរបស់អូស្ត្រាលី CSIRO ធ្លាប់បានលើកឡើងថា អូស្ត្រាលី អាចនឹងបាត់បង់ចំណូលប្រចាំឆ្នាំរាប់ពាន់លានដុល្លារ បើមិនមានការកែច្នៃកាកសំណល់មកប្រើប្រាស់ឡើងវិញ ក្នុងទម្រង់ជាសេ្ឋកិច្ចវិលជុំ Circular Economy។ ទីភ្នាក់ងារដដែលនេះបានប៉ាន់ស្មានទៀតថា ប្រសិនបើអូស្ត្រាលី បង្កើនការកែច្នៃកាកសំណល់មកប្រើប្រាស់ឡើងវិញបន្ថែម ៥%ទៀត នោះ វានឹងផ្ដល់ជាប្រាក់ចំណូលប្រមាណ១ពាន់លានដុល្លារ ចូលរួមដល់ទំហំផលិតផលក្នុងស្រុកប្រទេសនេះ។
ដើម្បីគ្រប់គ្រងការកែច្នៃឡើងវិញ ប្រទេសអូស្ត្រាលីក៏ដូចជាប្រទេសអភិវឌ្ឍន៍ដទៃទៀតអ៊ីចឹងដែរ គឺពឹងផ្អែកលើការនាំចេញកាកសំណល់របស់ខ្លួនទៅក្រៅប្រទេសដូចជា ប្រទេសចិនជាដើម ប៉ុន្តែចំណុចផ្លាស់ប្ដូរបានចាប់ផ្ដើមកើតឡើងនៅឆ្នាំ២០១៧ នៅពេលប្រទេសចិនបានប្រកាសឈប់ទទួលយកកាកសំណល់ប្លាស្ទិក ពីប្រទេសដែលមានកាកសំណល់អាចកែច្នៃឡើងវិញដ៏ច្រើនបំផុតនៅក្នុងពិភពលោកមួយនេះ៕
ការដែលចិនឈប់ទទួលយកកាកសំណល់នេះ បានបង្កើតការឈឺក្បាលដ៏ធំមួយសម្រាប់ក្រុមហ៊ុនកែច្នៃសំរាមនៅប្រទេសអូស្ត្រាលី និងជុំវិញពិភពលោកព្រោះវាធ្វើឱ្យពួកគេពិបាកស្វែងរកកន្លែងផ្សេងទៀត ដើម្បីបញ្ជូនកាកសំណល់ ដែលពួកគេប្រមូលទុករួចមកហើយនោះ។
ឥឡូវប្រទេសអូស្ត្រាលីកំពុងខំប្រឹងសម្រេចគោលដៅរបស់ខ្លួនក្នុងការវេចខ្ចប់សម្ភារៈកែច្នៃឡើងវិញ ជីកំប៉ុស ឬក៏វត្ថុដែលអាចប្រើឡើងវិញឱ្យបាន១០០%នៅត្រឹមឆ្នាំ២០២៥ ហើយប្រទេសនេះក៏កំពុងស្វែងរកការបង្កើនអត្រាការកែច្នៃឡើងវិញ សម្រាប់ការទុកដាក់ប្លាស្ទិកដល់៧០%នៅក្នុងពេលវេលាដូចគ្នានេះដែរ។
តួលេខចុងក្រោយរបស់អង្គការកតិកាសញ្ញាវេចខ្ចប់អូស្ត្រាលី (APCO) ដែលទទួលភារៈកិច្ចពីរដ្ឋាភិបាលក្នុងការចែកចាយតាមគោលដៅស្ម័គ្រចិត្តបានបង្ហាញថា អត្រា៨៦%នៃការវេចខ្ចប់ផលិតផលរបស់អូស្ត្រាលី គឺជាសម្ភារៈអាចកែច្នៃឡើងវិញប្រើប្រាស់ឡើងវិញបាន៕