លោក Scott Morrison នាយករដ្ឋមន្ត្រីអូស្ត្រាលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រទេសចិនបានអះអាងជាយូរមកហើយថា ខ្លួនមានតួនាទីជាមហាអំណាចមួយក្នុងពិភពលោក និងជាអ្នករួមចំណែកដល់សន្តិភាព និងស្ថិរភាពពិភពលោក។ ប្រទេសអូស្ត្រាលីកន្លងមកនេះ បានប៉ះទង្គិចជាមួយដៃគូនាំចេញដ៏ធំបំផុតរបស់ខ្លួន គឺ ប្រទេសចិនជុំវិញបញ្ហាជាច្រើនទាំងផ្នែកការទូត និងពាណិជ្ជកម្ម។ ហើយថ្មីនេះ លោក Scott Marrison បានបង្ហាញពីការមិនពេញចិត្តជាខ្លាំង ចំពោះរដ្ឋាភិបាលចិន ដែលនៅពេលដែល មានប្រទេសធំៗជាច្រើនចេញមុខថ្កោលទោសរុស្ស៊ី ជុំវិញការឈ្លានពានប្រទេសអ៊ុយក្រែន ប៉ុន្តែ រដ្ឋាភិបាលចិនបែរជាមានភាពស្ងប់ស្ងាត់ទៅវិញ។
ប្រទេសចិនបានបដិសេធមិនហៅការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនថាជា ការឈ្លានពាន ខណៈចិនបានស្នើឱ្យប្រទេសលោកខាងលិចគោរព និង ខ្វាយខ្វល់ពីសុវត្ថិភាពស្របច្បាប់របស់រុស្ស៊ី។ ទន្ទឹមនឹងនេះ ទីក្រុងប៉េកាំងបានអំពាវនាវឱ្យមានដំណោះស្រាយ ចំពោះវិបត្តិនេះតាមរយៈការចរចាដោយសន្តិវិធី។
ក៏ប៉ុន្តែ លោក Morrison បានហៅថាទង្វើរបស់រុស្ស៊ីលើអ៊ុយក្រែនថា ជាការរំលោភច្បាប់អន្តរជាតិទាំងស្រុង និង បានលើកឧទាហរណ៍សកម្មភាពនៃស្ថានភាពបច្ចុប្បន្នតាមរយៈការគំរាមកំហែង និងអំពើហិង្សាក្នុងប្រទេសអ៊ុយក្រែន។
សូមជម្រាបថា ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រី Morrison គឺបង្ហាញពីការរិះគន់របស់អូស្ត្រាលីទៅលើប្រទេសចិនយ៉ាងចំៗ ហើយបានបន្ថែមថា ភាពស្ងៀមស្ងាត់របស់ចិនបានបង្ហាញពីភាពស្និទ្ធស្នាលផ្ទៃក្នុងជាមួយនឹងរុស្ស៊ី ដែលផ្តល់ឥទ្ធិពលកាន់តែអាក្រក់។ លោកបានព្យាករណ៍ថា ការតស៊ូនៃសង្គ្រាមនៅអ៊ុយក្រែននឹងអូសបន្លាយរយៈពេលវែង។
សូមបញ្ជាក់ថា ប្រទេសចិន ដែលគឺជាប្រទេសមួយក្នុងចំណោម ប្រទេសចំនួន៣៥ ដែលបានបោះឆ្នោតអនុប្បវាទ ចំពោះ សេចក្ដីសម្រេចរបស់សន្និបាតអង្គការសហប្រជាជាតិ ដែលបោះឆ្នោតទាមទារឲ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែន ខណៈដែលប្រទេសចំនួន១៤១ប្រទេសបានបោះឆ្នោតគាំទ្រ និងមានប្រទេសចំនួនត្រឹមតែ ៥ប៉ុណ្ណោះ បោះឆ្នោតប្រឆាំង៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន