ជំនួយវ៉ាក់សាំងកូវីដ-១៩

ជំនួយអូស្ត្រាលី នឹងជួយឲ្យកម្ពុជាឆាប់សម្រេចយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបាន៨០%


កម្ពុជាទទួលបានហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលអូស្ត្រាលីចំនួន ៣៥,៧លានដុល្លារអូស្ត្រាលី(ប្រមាណ២៨លានដុល្លារអាមេរិក) ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ចាក់ឲ្យប្រជាពលរដ្ឋ។ តាមរយៈជំនួយនេះ នឹងជួយពន្លឿនឲ្យកម្ពុជា ឆាប់សម្រេចគោលដៅ ដែលចង់ចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបាន ៨០ភាគរយ នៃចំនួនប្រជាជនសរុប។
ជំនួយអូស្ត្រាលី នឹងជួយឲ្យកម្ពុជាឆាប់សម្រេចយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបាន៨០% (រូបភាព៖ ក្រសួងសេដ្ឋកិច្ច)
ដោយ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅកម្ពុជា កាលពីថ្ងៃទី១ កុម្ភៈ ឆ្នាំ២០២១​ បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួមគ្នា​មួយពាក់ព័ន្ធ​ការផ្តល់​ជំនួយ​ហិរញ្ញប្បទាន​ឥតសំណង​របស់​រដ្ឋាភិបាល​អូស្ត្រាលី ដើម្បីចូលរួម​ក្នុងសកម្មភាព​ប្រយុទ្ធ​ប្រឆាំង​ការឆ្លង​រីករាល​នៃជំងឺ​កូវីដ-១៩ នៅ​កម្ពុជា។

រដ្ឋាភិបាល​អូស្ត្រាលី នឹងផ្តល់​ជំនួយ​ហិរញ្ញប្បទាន​ឥតសំណង​ចំនួន ៣៥,៧លាន​ដុល្លារ​អូស្ត្រាលី​ដល់កម្ពុជា ដើម្បី​ទិញ​វ៉ាក់សាំងការពារ​ជំងឺកូវីដ-១៩ ចាក់ជូន​ប្រជាពលរដ្ឋ​កម្ពុជា។​ ឯកឧត្តម ផាប្លូ កាង ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅកម្ពុជា​បាន​បញ្ជាក់ថា​ ជំនួយ​ហិរញ្ញប្បទាន​របស់​អូស្ត្រាលីនេះ អាចទិញ​វ៉ាក់សាំង​កូវីដ-១៩ ចាក់ឲ្យ​ពលរដ្ឋ​កម្ពុជា​បាន​ប្រមាណ ១,៥លាននាក់។

សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ​បានបញ្ជាក់ថា៖ «ហិរញ្ញប្បទាន​ឥតសំណង​របស់​អូស្ត្រាលីនេះ អាចរួមចំណែក​ក្នុងការ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ជូនដល់​ប្រជាជន​កម្ពុជា​ប្រមាណ ១,៥លាននាក់។ ការរួមចំណែកនេះ នឹងជួយ​ជំរុញ​ឲ្យរាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បាន​កាន់តែ​ឆាប់រហ័ស​នូវគោលដៅ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ជូន​ប្រជាជន​កម្ពុជា​ឲ្យបាន ៨០ភាគរយ នៃចំនួន​ប្រជាជន​សរុប»។ 

ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បានបង្ហាញ​អារម្មណ៍​រំភើបរីករាយ និងអរគុណ​ដល់​រាជរដ្ឋាភិបាល​​អូស្ត្រាលី ដែលបាន​បង្ហាញ​ជំហរ​ដ៏រឹងមាំ​ក្នុងការចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ-១៩ ជាមួយកម្ពុជា។ លោក ចាត់ទុកជំនួយ​នេះ​ជាការឆ្លើយតប​ដ៏ចាំបាញ់​សម្រាប់​ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចកម្ពុជា។

ឧបនាយករដ្ឋមន្ត្រីរូបនេះ​បានបន្ថែមថា៖«ការផ្តល់ជំនួយ​ជាវ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ របស់​អូស្ត្រាលី​សម្រាប់​កម្ពុជានេះ គឺជាការបង្ហាញ​ជាថ្មី អំពី​ការប្តេជ្ញាចិត្ត​ដ៏យូរអង្វែង និងការគាំទ្រ​ប្រកបដោយ​និរន្តរភាព​របស់​រដ្ឋាភិបាល​អូស្ត្រាលី ដល់ការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច និងអនាគត​ដ៏រុងរឿង​របស់កម្ពុជា»។

ឯកឧត្ដម ផាប្លូ កាង អះអាងថា  «ដ្បិតកម្ពុជា​បានចៀសផុត​នូវផលប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ពីជំងឺ​កូវីដ-១៩ ក៏ដោយ ការផ្តល់​វ៉ាក់សាំង​ជំងឺកូវីដ-១៩ ជូនប្រជាជន​កម្ពុជា​ឲ្យបាន​ទូទាំង​ប្រទេស នៅតែ​ជាកត្តា​ដ៏សំខាន់​ក្នុងការ​ទប់ស្កាត់ និងបង្ការ​ការរីករាលដាល​នៃ​ជំងឺកូវីដ-១៩ នាពេល​អនាគត និងការស្តារ​ឡើងវិញ​នូវសេដ្ឋកិច្ច​របស់កម្ពុជា»។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន អះអាងថា ការផ្តល់ជំនួយកូវីដ-១៩ របស់​អូស្ត្រាលីនេះ គឺជាជំនួយ​បន្ថែម​លើជំនួយ​អភិវឌ្ឍន៍​៦៦លាន​ដុល្លារ​អូស្ត្រាលី (ប្រមាណ៥០លានដុល្លារអាមេរិក) ដែលរដ្ឋាភិបាល​អូស្ត្រាលី​នឹងផ្តល់​ឲ្យ​កម្ពុជា​នៅក្នុង​ឆ្នាំ២០២១​ តាមរយៈ​ផែនការអភិវឌ្ឍន៍​សម្រាប់​ឆ្លើយតប​នឹងជំងឺ​កូវីដ-១៩ កម្ពុជា-អូស្ត្រាលី ដែលដាក់ឲ្យ​អនុវត្តកាលពី​អំឡុងខែ​ធ្នូ ឆ្នាំ២០២០៕   

None



អត្ថបទបន្ទាប់


អាជ្ញាធរចិនបង្ក្រាប​​រឹបអូស​​បាន​វ៉ាក់សាំងកូវីដ-១៩ក្លែងក្លាយ ជាង​៣ពាន់ដូស

ប៉ូលីសចិនបានឃាត់ខ្លួនមនុស្សជាង ៨០ នាក់ និងរឹបអូសបានវ៉ាក់សាំងកូវីដ-១៩ ក្លែងក្លាយ ចំនួនជាង៣ពាន់ដូស ដែលនេះជាផ្នែកមួយនៃយុទ្ធនាការប្រឆាំ…

ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ឆ្នាំ២០២០ សម្រេចបាន​ជាង ៧ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ២៣%

នៅឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសថៃ សម្រេចបានជាងត្រឹមតែជាង ៧ពាន់លានដុល្លារប៉ុណ្ណោះ រអិលធ្លាក់ចុះ២៣% ធៀបនឹងឆ្នាំ២០១៩ ដែលធ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ