ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានប្រកាសពីផែនការនេះ បន្ទាប់ពីបានធ្វើការពិនិត្យមើលវឌ្ឍនភាពរបស់ក្រុមសម្ព័ន្ធមិត្ត AUKUS នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលត្រូវបានបង្កើតឡើងដោយប្រទេសទាំង៣នេះកាលពីខែកញ្ញាឆ្នាំ២០២១។
ក្រុមមេដឹកនាំសម្ព័ន្ធភាព AUKUS នេះ បាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ពួកគេ«បានប្តេជ្ញាចិត្តថា នឹងចាប់ផ្តើមកិច្ចសហប្រតិបត្តិការត្រីភាគីថ្មីមួយ ស្តីពីការផលិតមីស៊ីលលឿនជាងសំឡេង និងមីស៊ីលប្រឆាំងនឹងមីស៊ីលនេះ និងសមត្ថភាពសង្គ្រាមអេឡិចត្រូនិកក៏ដូចជាការពង្រីកការចែករំលែកព័ត៌មាន ហើយនឹងបង្កើនកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើការច្នៃប្រឌិតផ្នែកការពារជាតិផងដែរ»។
សហរដ្ឋអាមេរិក រុស្សី និង ចិន សុទ្ធតែប្រទេស ដែលបានសម្លឹងរកការអភិវឌ្ឍបន្ថែមទៀតនូវប្រព័ន្ធមីស៊ីលដែលមានល្បឿនលឿនជាងសំឡេង ព្រោះវាជាប្រព័ន្ធមីស៊ីលមួយលឿនបំផុតដែលគ្មានប្រព័ន្ធការពារមីស៊ីលណាមួយអាចស្ទាក់ចាប់វាបានឡើយនាពេលបច្ចុប្បន្ននេះ។
ឧត្តមសេនីយយោធាលោក ម៉ាក មីលឡេយ៍ (Mark Milley) ប្រធានអគ្គសេនាធិការចម្រុះបានបញ្ជាក់ថា ប្រទេសចិនក៏បានធ្វើការសាកល្បងប្រព័ន្ធអាវុធលឿនជាងសំឡេងនេះដែរ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់ខ្លួន ដើម្បីឈានទៅមុខក្នុងវិស័យអវកាស និងបច្ចេកវិទ្យាយោធា។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg លោក Milley បានពណ៌នាការសាកល្បង មីស៊ីលរបស់ចិននេះថាជា«ព្រឹត្តិការណ៍សំខាន់មួយនៃការសាកល្បងប្រព័ន្ធអាវុធលឿនជាងសំឡេង ហើយវាគួរឱ្យព្រួយបារម្ភខ្លាំងណាស់»។
ចំណែកមេបញ្ជាការកំពូលរបស់សហរដ្ឋអាមេរិកប្រចាំតំបន់អឺរ៉ុបវិញ បាននិយាយថា ពេលនេះប្រទេសរុស្ស៊ីបានប្រើមីស៊ីលលឿនជាងសំឡេងជាច្រើនដងរួចហើយដែរ ក្នុងសង្គ្រាមនៅអ៊ុយក្រែន។
កាលពីឆ្នាំមុននៅពេលមន្ត្រីចារកម្មអាមេរិកព្រួយបារម្ភកាន់តែខ្លាំងឡើងពីការបង្កើនកងកម្លាំង រុស្ស៊ីនៅតាមព្រំដែនអ៊ុយក្រែន ខណៈប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានជំរុញឱ្យក្រុមហ៊ុនផលិតអាវុធរបស់ទីក្រុងម៉ូស្គូអភិវឌ្ឍមីស៊ីលលឿនជាងសំឡេងកម្រិតខ្ពស់បន្ថែមទៀត ដើម្បីរក្សាឥទ្ធិពលវិស័យបច្ចេកវិទ្យាយោធារបស់ខ្លួន។
សំណើសុំថវិកាសម្រាប់ឆ្នាំ២០២៣ របស់មន្ទីរបញ្ចកោណអាមេរិក រួមមានថវិកា ៤ពាន់៧រយលានដុល្លារ គឺសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍអាវុធល្បឿនលឿនជាងសំឡេង ដោយរួមទាំងគម្រោងផលិតម៉ាស៊ីនជំរុញមីស៊ីលលឿនជាងសំឡេង ដាក់ឱ្យដំណើរការនៅឆ្នាំក្រោយ មីស៊ីលបាញ់ចេញពីសមុទ្រនៅឆ្នាំ២០២៥ និងមីស៊ីលបាញ់តាមអាកាសនៅឆ្នាំ២០២៧ផងដែរ។
សូមបញ្ជាក់ដែរថា បើតាមមន្ត្រីយោធាអាមេរិក ដែលបានបញ្ជាក់ប្រាប់ សារព័ត៌មាន CNN ថ្មីៗនេះបានឲ្យដឹងថា អាមេរិកក៏ទើបតែបានបាញ់សាកល្បងមីស៊ីលលឿនជាងសំឡេងរបស់ខ្លួន កាលពីពាក់កណ្ដាលខែមីនាដែរ ប៉ុន្តែខ្លួនបានរក្សាភាពស្ងៀមស្ងាត់ ដោយសារមិនចង់ឲ្យទីក្រុងម៉ូស្គូមានការបកស្រាយខុស នាំឲ្យបង្កើនភាពតានតឹង៕
អត្ថបទ៖ សុខ ជា