វិស័យថាមពល

ទីភ្នាក់ងារថាមពលអន្តរជាតិ ព្រមានថា តម្លៃប្រេងឥន្ធនៈនឹងបន្តស្ថិតក្នុងកម្រិតខ្ពស់រហូតដល់ឆ្នាំក្រោយ


ទីផ្សារថាមពលពិភពលោកត្រូវបានព្យាករណ៍ថា នឹងបន្តស្ថិតក្នុងស្ថានភាពតឹងតែង និងប្រឈមមុខនឹងហានិភ័យខ្ពស់រហូតដល់ឆ្នាំ២០២៧ ខណៈមកទល់ពេលនេះគ្មានសញ្ញាណាមួយ ដែលអាចវិលត្រឡប់​ទៅរកភាពប្រក្រតី​ដូចមុនសង្គ្រាមនៅមជ្ឈិមបូព៌ាផ្ទុះឡើងកាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦ នោះឡើយ។ នេះគឺជាការព្រមានពីសំណាក់លោក ហ្វាទី ប៊ីរ៉ុល (Fatih Birol) នាយកប្រតិបត្តិទីភ្នាក់ងារថាមពលអន្តរជាតិ (IEA)។
វិស័យថាមពល
ដោយ

លោកបានគូសបញ្ជាក់ពីសម្ពាធដ៏ធ្ងន់ធ្ងរលើទីផ្សារឧស្ម័ន និងប្រេងឥន្ធនៈ ជាពិសេស គឺប្រេងម៉ាស៊ូតក្នុងបរិបទ ដែលតម្រូវការហក់ឡើងខ្ពស់នាដូវរងា ខណៈរោងចក្រចម្រាញ់ប្រេងជាច្រើនត្រូវបានបង្ខំចិត្តផ្អាកប្រតិបត្តិការដោយសារតែភ្លើងសង្គ្រាម។
ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ លោក ហ្វាទី ប៊ីរ៉ុល បានលើកឡើងថា លោកមើលមិនឃើញលទ្ធភាពណាមួយ ដែលទីផ្សារ និងតម្លៃថាមពលពិភពលោកអាចបង្វែរទ្រនិចនាឡិកាត្រឡប់ទៅរកកម្រិតទាបដូចមុនពេលសង្គ្រាមផ្ទុះឡើងសម្រាប់ឆ្នាំ២០២៧ ខាងមុខនេះឡើយ។ លោកបានគូសបញ្ជាក់ថា ជម្លោះប្រដាប់អាវុធដ៏ស្រួចស្រាល់នៅមជ្ឈិមបូព៌ា បានផ្លាស់ប្តូរជោគវាសនាទីផ្សារថាមពលសកលទាំងស្រុង ដោយបានទាញទម្លាក់ទីផ្សារ ដែលធ្លាប់តែត្រូវបានគេព្យាករណ៍ថា នឹងមានអតិរេក ឬសល់ថាមពលនៅឆ្នាំនេះឱ្យធ្លាក់ចូលទៅក្នុងវិបត្តិខ្វះខាត។ បញ្ហានេះកំពុងរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលពិភពលោក ព្រមទាំងរុញច្រានតម្លៃប្រេងឆៅ និងផលិតផលប្រេងចម្រាញ់ឱ្យហក់ឡើងថ្លៃខ្ពស់។
អ្នកជំនាញរូបនេះ បានសង្កត់ធ្ងន់ថា ការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់ក្រុមឧទ្ទាមហ៊ូធី នៅប្រទេសយ៉េមែន ដែលមានទីក្រុងតេអេរ៉ង់ ជាខ្នងបង្អែក ទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានរុញច្រានតម្លៃប្រេងឆៅប្រភេទ Brent ឱ្យហក់ឡើងដល់១១៧ដុល្លារក្នុងមួយបារ៉ែល កាលពីថ្ងៃសុក្រ សប្តាហ៍មុន ដែលជាកម្រិតថ្លៃបំផុតមិនធ្លាប់មានក្នុងរយៈពេលជិត៦ខែចុងក្រោយនេះ។ ទោះបីជាតម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចវិញកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះក៏ដោយ ប៉ុន្តែវានៅតែមានកម្រិតខ្ពស់ជាងកាលមុនផ្ទុះសង្គ្រាមរហូតដល់ទៅ៥៩%។ ទោះបីជាលោកមិនបានព្យាករណ៍ចំៗអំពីតម្លៃប្រេងឆៅនាពេលអនាគត ប៉ុន្តែលោកបានបង្ហើបថា បច្ចុប្បន្នតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ កំពុងមាននិន្នាការហក់ឡើងដល់១២០ដុល្លារក្នុងមួយបារ៉ែល។
ទន្ទឹមនឹងតម្លៃប្រេង និងឧស្ម័នកំពុងរង្គោះរង្គើ លោក ហ្វាទី ប៊ីរ៉ុល ជឿជាក់ថា វិស័យថាមពលនុយក្លេអ៊ែនឹងស្ទុះងើបឡើងវិញយ៉ាងខ្លាំងក្លា និងដើរតួជាខែលការពារថាមពលជំនួសវិញ។ លោកបានបន្ថែមថា ការស្ទង់មតិថ្មីៗរបស់ IEA បានរកឃើញថា រោងចក្រថាមពលនុយក្លេអ៊ែ ដែលមានសមត្ថភាពផលិតសរុបរហូតដល់៩០ជីហ្គាវ៉ាត់ (GW) កំពុងតែស្ថិតក្នុងដំណាក់កាលសាងសង់ និងរៀបចំដំណើរការឡើងវិញ ដែលនេះ គឺជាកំណើនខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេល៤ទសវត្សរ៍ចុងក្រោយនេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សិង្ហបុរីនឹ​ងជំរុញការតភ្ជាប់បណ្តាញអគ្គិសនីអាស៊ាន ក្រោមបាតសមុទ្រ ពេលខ្លួន​ធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ

តើអាស៊ាន អាចចែករំលែកថាមពលអគ្គិសនីឆ្លងកាត់ព្រំដែន ដើម្បីកាត់បន្ថយហានិភ័យខ្វះខាតថាមពល និងពង្រឹងសន្តិសុខថាមពលក្នុងតំបន់បានដោយរបៀបណា? សិង្…

ថៃដាក់ចេញកម្មវិធីឧបត្ថម្ភថវិកា ១,៥ពាន់លានដុល្លារ ដើម្បីជំរុញការដំឡើងបន្ទះសូឡាតាមផ្ទះ

រដ្ឋាភិបាលថៃបានប្រកាសនឹងផ្តល់ប្រាក់ឧបត្ថម្ភក្នុងទំហំរហូតដល់ ១,៥ពាន់លានដុល្លារអាម៉េរិក ដើម្បីជួយប្រជាពលរដ្ឋដំឡើងបន្ទះសូឡាសម្រាប់ផលិតអគ្គិសន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ