ឧបនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក រីឆាដ ម៉ាល់ (Richard Marles) បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិចិនលោក វ៉េ ហ្វឹងហេ (Wei Fenghe) នៅប្រទេសសិង្ហបុរីជាកន្លែងដែលមេដឹកនាំទាំង២រូបនេះ បានចូលរួមកិច្ចសន្ទនាប្រចាំឆ្នាំក្នុងកិច្ចប្រជុំកំពូលសន្ដិសុខអាស៊ី ហើយនេះគឺជាជំនួបទល់មុខសាធារណៈលើកដំបូងរវាងមន្ត្រីរដ្ឋាភិបាលអូស្ត្រាលី និងចិនក្នុងរយៈពេលជាងពីរឆ្នាំមកនេះបន្ទាប់ពីស្ថានភាពទំនាក់ទំនងការទូតទ្វេភាគី បាននិងកំពុងជួបភាពចម្រូងចម្រាស់នឹងគ្នាឥតដាច់។
លោក ម៉ាល់ ឧបនាយករដ្ឋមន្ត្រីអូស្ត្រាលី បាននិយាយថា កិច្ចប្រជុំនេះគឺជា "ការដោះដូរដោយស្មោះត្រង់ និងពេញលេញមួយ" ប៉ុន្តែក៏ជា "ជំហានដំបូងដ៏សំខាន់" ក្នុងការស្តារទំនាក់ទំនងជាមួយទីក្រុងប៉េកាំងផងដែរ ហើយនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក អាល់បានីស បាននិយាយនៅថ្ងៃទី១៤មិថុនាថា ដើម្បីកែលម្អទំនាក់ទំនងទ្វេភាគី គឺប្រទេសចិន "ចាំបាច់ត្រូវតែដកចេញទណ្ឌកម្មមួយចំនួន" ដែលខ្លួនបានដាក់មកលើការអូស្ត្រាលីជាមុនសិន។
លោក អាល់បានីស បាននិយាយថា វាតែងតែជារឿងល្អមួយដែលមនុស្សមានការសន្ទនាគ្នា និងមានការពិភាក្សាគ្នាពីអ្វីមួយ ដែលលោកបាននិយាយថា «បានបាត់បង់» នៅក្រោមរដ្ឋាភិបាលអូស្ត្រាលីអាណត្តិមុន។
ប៉ុន្តែលោក អាល់បានីស មេដឹកនាំអូស្ត្រាលីថ្មីដែលទើបបានស្បថចូលកាន់តំណែងបន្ទាប់ពីឈ្នះការបោះឆ្នោតកាលពីថ្ងៃទី២១ ខែឧសភានោះ បានសង្កត់ធ្ងន់ថា ការឡើងកម្តៅបន្ថែមទៀតនៃទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន ឬយ៉ាងណានោះ គឺវានឹងអាស្រ័យទាំងស្រុងទៅលើថា តើប្រទេសចិនបានយល់ព្រម ឬក៏អត់ក្នុងការដកទណ្ឌកម្ម និងរបាំងពាណិជ្ជកម្មមួយចំនួនលើការនាំចេញរបស់អូស្ត្រាលីនេះតែម្ដង។
សូមរំលឹកថា ប្រទេសអូស្ត្រាលីនិងប្រទេសចិនបានប្រឈមមុខដាក់គ្នាខ្លាំងនៅពេលអតីតមេដឹកនាំអូស្ត្រាលីលោក ស្កត់ ម៉ូរីសុន បានស្នើសុំឱ្យមានការស៊ើបអង្កេតជាលក្ខណៈអន្តរជាតិពាក់ព័ន្ធនឹងប្រភពដើមនៃការផ្ទុះឡើងនូវវីរុសកូរ៉ូណានៅក្នុងប្រទេសចិន។
បន្ទាប់ពីហេតុការណ៍នោះមក គេសង្កេតឃើញថា ការនាំចេញទំនិញរបស់អូស្ត្រាលីរួមមានឈើ ធ្យូងថ្ម សាច់គោ និងស្រាដើម ក៏បានចាប់ផ្ដើមជួបការលំបាកក្នុងការនាំចូលទៅកាន់កំពង់ផែរបស់ប្រទេសចិនតែម្ដង រួមទាំងការពន្យារពេលការចុះបញ្ជីពន្ធគយផងដែរ។
ដូច្នេះហើយទើបពេលនេះលោក Albanese បានបញ្ជាក់ច្បាស់ៗថា «ដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវទំនាក់ទំនងរវាងអូស្ត្រាលី និងចិននោះ គឺពួកគេចាំបាច់ត្រូវតែដកចេញនូវទណ្ឌកម្មទាំងនោះជាមុនសិន ព្រោះវាគឺជាអ្វីដែលប្រទេសចិនបានដាក់ ហើយប្រទេសចិន ដែលបានធ្វើឱ្យមានការប្រែប្រួលនេះ ដូច្នេះហើយវាគឺជាប្រទេសចិនដែលចាំបាច់ត្រូវតែដកចេញនូវទណ្ឌកម្មទាំងនោះ»៕
អត្ថបទ៖ សុខ ជា