ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា នៅក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៤ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប.បានចុះត្រួតពិនិត្យនៅតាមកន្លែងស្តុក និងចែកចាយសាច់បង្កក និងបង្ក្រាប់ការរត់ពន្ធសាច់បង្កកខុសច្បាប់ និងខូចគុណភាព មានផ្ទុកសារធាតុគីមីហាមឃាត់បានជិត១១០តោនយកមកកម្ទេចចោល។ ចំនួននេះមានការកើនឡើងប្រមាណ៩០តោនបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានប្រមាណជាង១០តោន។
ទន្ទឹមនេះ ឯកឧត្តម ផាន អូន បានគូសបញ្ជាក់ថា ដើម្បីចូលរួមតាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចផ្អាកការនាំចូលបំណែកសាច់បង្កកជាប្រភេទគ្រឿងក្នុងជាបណ្តោះអាសន្នរយៈពេល ០៦ខែ ចាប់ផ្តើមពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ អគ្គនាយកដ្ឋាន ក.ប.ប. នឹងបង្កើនសកម្មភាពឃ្លាំពិនិត្យនៅតាមបណ្តាឃ្លាំងស្តុក និងការចរាចរផលិតផលគ្រឿងក្នុង និងបំណែកសាច់បង្កក ដែលនាំចូលឱ្យបានម៉ឺងម៉ាត់បំផុត ដោយរួមទាំងកិច្ចសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធផងដែរ។
គួរបញ្ជាក់ថា ការហូរចូលសាច់បង្កកខូចគុណភាព និងខុសច្បាប់ចូលមកទីផ្សារកម្ពុជាមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគប៉ុណ្ណោះទេ តែបញ្ហានេះក៏កំពុងបង្កជាក្តីបារម្ភដល់វិស័យចិញ្ចឹមសត្វនៅកម្ពុជាផងដែរ។ ជាក់ស្ដែងការហូរចូលសាច់បង្កកខុសច្បាប់ និងខូចគុណភាពបានទាញទម្លាក់តម្លៃសត្វរស់ក្នុងស្រុកឱ្យដាំក្បាលចុះយ៉ាងខ្លាំងនៅមួយរយៈចុងក្រោយនេះ។ អ្នកជំនាញ និងអ្នកចិញ្ចឹមសត្វរំពឹងថា តាមរយៈការផ្អាកការនាំចូលបំណែកសាច់បង្កក និងគ្រឿងក្នុងបង្កកបណ្តោះអាសន្នរយៈពេល៦ខែ វានឹងជួយធ្វើឱ្យតម្លៃសត្វក្នុងស្រុកមានភាពល្អប្រសើរឡើងវិញ ដែលអាចផ្តល់ប្រាក់ចំណេញដល់កសិករនាពេលខាងមុខ៕
អត្ថបទ៖បូ ដូឡា