សារាចរណែនាំថ្មីរបស់ធនាគារកណ្ដាលវៀតណាម ដែលកែសម្រួលលើសារាចរចាស់ និងដែលមានចែងអំពីវិធានការលម្អិតជាងមុននេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នេះ។ ក្រោមសារាចរណែនាំថ្មីនេះ ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មវៀតណាម VAMC ដែលជាអង្គភាពគ្រប់គ្រងដោយរដ្ឋទាំងស្រុងក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់ធនាគារកណ្ដាលវៀតណាម អាចទិញកម្ចីខូចបាន លុះត្រាតែក្រោយការវាយតម្លៃឃើញថា កម្ចីខូចទាំងនោះអាចទារយកមកវិញបានពេញលេញ ហើយទ្រព្យបញ្ចាំអាចលក់ចេញបាន ឬ កូនបំណុលនៃកម្ចីខូចទាំងនោះមានលទ្ធភាពអាចទូទាត់សងឡើងវិញ។
ដោយផ្អែកលើផែនការទិញកម្ចីខូចទៅតាមតម្លៃទីផ្សារ ដែលត្រូវបានអនុម័តដោយធនាគារកណ្ដាលវៀតណាម សមត្ថភាពហិរញ្ញវត្ថុ ប្រសិទ្ធភាពសេដ្ឋកិច្ច និងលក្ខខណ្ឌទីផ្សារ ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មវៀតណាម VAMC នឹងជាអ្នកសម្រេចចិត្ត ហើយនឹងទទួលខុសត្រូវលើការទិញកម្ចីខូចទៅតាមតម្លៃទីផ្សារ។
ទោះជាយ៉ាងណា ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មវៀតណាម VAMC ត្រូវបានអនុញ្ញាតឱ្យទិញតែកម្ចីខូចពីបណ្ដាគ្រឹះស្ថានឥណទាន និងធនាគារបរទេសតែក្នុងតម្លៃទីផ្សារប៉ុណ្ណោះ បន្ទាប់ពីខ្លួនបានជួលស្ថាប័នវាយតម្លៃឱ្យជួយកំណត់តម្លៃទីផ្សារនៃកម្ចីខូចទាំងនោះ ក្រៅពីការវាយតម្លៃប្រសិទ្ធភាពសេដ្ឋកិច្ច ហានិភ័យ និងសមត្ថភាពក្នុងការទាញយកដើមទុនពីការទិញកម្ចីខូចទាំងនោះ។
លើសពីនេះ ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មវៀតណាម VAMC ក៏ត្រូវរៀបចំវិធានការដែលអាចអនុវត្តបានផងដែរ ដើម្បីដោះស្រាយបញ្ហាបំណុល និងទ្រព្យបញ្ចាំ មុនពេលទិញកម្ចីខូច NPLs ទាំងនោះ៕
ដោយ: តែម សុខុម