សារព័ត៌មាន VN Express បានចុះផ្សាយថា ក្រុមហ៊ុន Asia Era One ដែលជាសម្ព័ន្ធក្រុមហ៊ុនដឹកនាំដោយក្រុមហ៊ុន CP Group របស់គ្រួសារមហាសេដ្ឋីថៃ បានដាក់លិខិតជាផ្លូវការ ដើម្បីស្នើសុំបញ្ចប់កិច្ចសន្យាក្នុងគម្រោងកសាងផ្លូវដែកល្បឿនលឿនតភ្ជាប់អាកាសយានដ្ឋានធំៗចំនួនបីរបស់ប្រទេសថៃ។ មូលហេតុនៅពីក្រោយសំណើសុំបញ្ចប់កិច្ចសន្យានេះ គឺដោយសារតែក្រុមហ៊ុនជួបប្រទះនូវអសមត្ថភាពក្នុងការបន្តការសាងសង់ ក៏ដូចជាអសមត្ថភាពក្នុងការទទួលបានវិញ្ញាបនបត្រជំរុញការវិនិយោគ ពីក្រុមប្រឹក្សាវិនិយោគរបស់ថៃ។
លោក សារីត ជិនណាស៊ីត (Sarit Jinnasith) ប្រធានក្រុមហ៊ុន Asia Era One បានអះអាងថា នៅពេលនេះក្រុមហ៊ុនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយ និងផ្លូវដើរដ៏សមស្របមួយទៅមុខទៀត ដែលស្របតាមកិច្ចសន្យា ច្បាប់ និងផលប្រយោជន៍ជាតិ ទាក់ទងនឹងការប្រកាសសុំបញ្ចប់កិច្ចសន្យានេះ។
គួរបញ្ជាក់ថា គម្រោងកសាងផ្លូវដែកល្បឿនលឿនតភ្ជាប់អាកាសយានដ្ឋានទាំងបីនេះ ក្រុមហ៊ុនខាងលើទទួលបានកុងត្រាសម្បទានតាំងពីឆ្នាំ២០១៩ មកម្ល៉េះ។ ក្រោមកិច្ចសន្យានោះ ក្រុមហ៊ុនត្រូវសាងសង់ផ្លូវដែកល្បឿនលឿនប្រវែង២២០គីឡូម៉ែត្រ ដើម្បីតភ្ជាប់រវាងអាកាសយានដ្ឋានដនមឿងទៅកាន់អាកាសយានដ្ឋានសុវណ្ណភូមិ និងបន្តទៅកាន់អាកាសយានដ្ឋានយូតាប៉ាវ ដែលត្រូវបានគេព្យាករថា នឹងត្រូវចំណាយប្រាក់វិនិយោគប្រមាណជា៦.៧ពាន់លានដុល្លារអាម៉េរិក។
ចាប់តាំងពីគម្រោងនេះទទួលបានសម្បទានមក ប្រទេសថៃបានរងគ្រោះដោយវិបត្តិជាបន្តបន្ទាប់ រាប់ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ ផលវិបាកសេដ្ឋកិច្ច និងបញ្ហាប្រឈមផ្សេងៗជាច្រើនទៀត។ ពាក់ព័ន្ធនឹងវិបត្តិនេះ គណៈរដ្ឋមន្ត្រីថៃធ្លាប់បានអនុម័តលើគោលការណ៍វិធានការសង្គ្រោះមួយចំនួន កាលពីចុងឆ្នាំ២០២១ រួមទាំងគោលនយោបាយគាំទ្រផ្សេងៗផងដែរ ប៉ុន្តែមកទល់ពេលនេះ គម្រោងខ្នាតយក្សមួយនេះនៅតែមិនអាចមានលទ្ធភាពរុញច្រានឱ្យដំណើរការទៅមុខរួចដដែល៕
ដោយៈ សរ សុជាតិ