ទីផ្សារ​ទុរេន​

ក្រោយរងការរឹតត្បិតពីទីផ្សារចិន វៀតណាម បើកផ្លូវនាំចេញទុរេនទៅកាន់ទីផ្សារឥណ្ឌា


ស្របពេលដែលការប្រកួតប្រជែងទីផ្សារទុរេននៅប្រទេសចិន កាន់តែខ្លាំងក្លាទាំងលើផ្នែកគុណភាព និងតម្លៃ ពេលនេះវៀតណាម បានស្វែងរកឃើញទីផ្សារថ្មីបន្ថែមទៀតជូនដល់កសិកររបស់ខ្លួន។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News ប្រទេសឥណ្ឌា បានយល់ព្រមអនុញ្ញាតឱ្យនាំចូលផ្លែទុរេនស្រស់ពីវៀតណាម ជាផ្លូវការហើយ ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារដែលមានប្រជាជនប្រមាណជាង១,៤ពាន់លាននាក់មួយនេះ។
ទីផ្សារ​ទុរេន​
ដោយ

ប្រទេសឥណ្ឌា បានបើកទីផ្សាររបស់ខ្លួនជាផ្លូវការសម្រាប់ផ្លែទុរេនស្រស់ពីវៀតណាម ដោយផ្តល់ឱកាសឱ្យក្រុមអ្នកនាំចេញរបស់វៀតណាមអាចចូលទៅកាន់ទីផ្សារអ្នកប្រើប្រាស់ដ៏ធំបំផុតមួយនៅលើពិភពលោកមួយនេះ ខណៈដែលប្រទេសនេះកំពុងជំរុញការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់ខ្លួន។ នាយកដ្ឋានផលិតកម្ម និងការពាររុក្ខជាតិ នៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌា បានអនុម័តឱ្យនាំចូលផ្លែទុរេនស្រស់ពីវៀតណាម សម្រាប់ការប្រើប្រាស់ក្នុងស្រុកហើយ។
ភាពជោគជ័យនៃការបើកទីផ្សារទុរេនរបស់វៀតណាមនេះ កើតឡើងបន្ទាប់ពីមានការខិតខំប្រឹងប្រែងចរចា និងប្រជុំបច្ចេកទេសយ៉ាងសកម្មអស់រយៈពេលជាច្រើនខែរវាងភាគីទាំងពីរ ដែលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីកិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម និងពាណិជ្ជកម្មដ៏រីកចម្រើនរវាងវៀតណាម និងឥណ្ឌា។ តាមរយៈទីផ្សារឥណ្ឌានេះ នឹងជួយឱ្យអ្នកនាំចេញវៀតណាម អាចពង្រីកវិសាលភាពទីផ្សារ កាត់បន្ថយការពឹងផ្អែកខ្លាំងលើទីផ្សារមួយចំនួនតូច និងរួមចំណែកលើកកម្ពស់កិត្តិនាមផលិតផលទុរេនវៀតណាម នៅលើឆាកអន្តរជាតិ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះប្រទេសចិន នៅតែជាទីផ្សារនាំចេញផ្លែទុរេនធំបំផុតរបស់វៀតណាម ដោយនៅក្នុងឆមាសទី១ ឆ្នាំនេះ វៀតណាម បាននាំចេញទុរេនទៅចិន ក្នុងតម្លៃជិត៩៨៨លានដុល្លារអាម៉េរិក កើនឡើងប្រមាណជាង៤៣%។ យោងតាមទិន្នន័យស្ថិតិ ថ្វីត្បិតតែឥណ្ឌាជាប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោកក៏ដោយ ប៉ុន្តែចំណែកទីផ្សារទុរេននៅក្នុងប្រទេសនេះនៅមានទំហំតូចនៅឡើយ ដោយមានតម្លៃសរុបប្រមាណជិត១,២ពាន់លានដុល្លារតែប៉ុណ្ណោះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


​ថៃ ជិតរួចផុតពីបញ្ជីអ្នកក្រឡុកទីផ្សាររូបិយប័ណ្ណ ខណៈក្រុងវ៉ាស៊ីនតោន ប្តូរវិធីត្រួតពិនិត្យថ្មី

ប្រទេសថៃ កំពុងខិតជិតទៅរកការរួចខ្លួនពីបញ្ជីតាមដានពិសេស នៃបណ្តាប្រទេសដែលសង្ស័យថា បានក្រឡុកទីផ្សាររូបិយប័ណ្ណរបស់ក្រសួងហិរញ្ញវត្ថុអាម៉េរិកហើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ