រោងចក្រអ្នកផលិតសម្លៀកបំពាក់នៅបង់ក្លាដេស បានរួមចំណែកប្រហែលមួយភាគប្រាំនៃផលិតផលក្នុងស្រុកសរុប និងច្រើនជាង ៨០% នៃប្រាក់ចំណូលបានពីការនាំចេញសរុបរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ។
យ៉ាងណាមិញ បច្ចុប្បន្នពួកគេកំពុងប្រឈមមុខនឹងតម្រូវការបញ្ជាទិញធ្លាក់ចុះ។ ធ្លាក់ចុះក៏ដោយសារតែប្រទេសអ្នកបញ្ជាទិញសំខាន់ៗពីបង់ក្លាដេសរួមមានសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក កំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ច អតិផរណាកើនឡើង ដែលបង្កឡើងដោយសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។ គួរបញ្ជាក់ថា ៣ភាគ៤ នៃផលិតផលកាត់ដេររបស់បង់ក្លាដេសគឺមានទីផ្សារធំ នៅអាមេរិក និងអឺរ៉ុប។
ប្រទេសចំនួន៩ រួមមាន កាណាដា សហរដ្ឋអាមេរិក បែលហ្ស៊ិក បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ អេស្ប៉ាញ និងចក្រភពអង់គ្លេស ជាទីផ្សារសំខាន់ជាងគេ តំណាងឱ្យច្រើនជាង ៧០% នៃការនាំចូលផលិតផលកាត់ដេរសម្រេច ពីបង់ក្លាដែស។ ក្នុងនោះអតិថិជនសំខាន់ៗរួមមានហាងលក់សំលៀកបំពាក់ទាន់សម័យ H&M, Primark និង Zara គួបផ្សំនឹងហាងលក់រាយនៅសហរដ្ឋអាមេរិកមួយចំនួនទៀតដូចជា Walmart និង Target។ នេះបើយោងតាមទិន្នន័យពីធនាគារកណ្តាលរបស់បង់ក្លាដេស។
លោក សាហ៊ីតឌូឡា អាហ្ស៊ីម(Shahidullah Azim) អនុប្រធានសមាគមរោងចក្រកាត់ដេរបង់ក្លាដេសប្រាប់សារព័ត៌មាន Nikkei ថាបច្ចុប្បន្នរោងចក្រភាគច្រើនកំពុងទទួលបានការបញ្ជាទិញតិចជាងមុន ៣០% សម្រាប់រដូវរងា។ ប្រធានសមាគមនរូបនេះបន្តថា ដើម្បីទប់ទល់នឹងភាពអាប់អួរនៃសេដ្ឋកិច្ច និងអស្ថិរភាពនយោបាយសកល បង់ក្លាដេសបានចាប់ផ្តើមស្វែងរកទីផ្សារនាំចេញដែលនៅក្បែរតំបន់ជំនួសវិញ ក្នុងនោះគេបានសម្លឹងឃើញ ទីផ្សារប្រទេសជប៉ុន និងកូរ៉េ។
គួរជម្រាបថា ស្ថានភាពសេដ្ឋកិច្ចនៅបង់ក្លាដេសឥលូវនេះ ក៏មិនសូវជាល្អប៉ុន្មានដែរ។ ការរក្សាបរិមាណនាំចេញឱ្យបានល្អមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសបង់ក្លាដេស ដើម្បីបញ្ចៀសការធ្លាក់ចុះនៃទុនបំរុងបរទេស។ ជាក់ស្តែង ទុនបម្រុងរូបិយបណ្ណបរទេសរបស់បង់ក្លាដេសបានធ្លាក់ចុះពីជិត៤៦ពាន់លានដុល្លារកាលពីឆ្នាំមុន មកនៅក្រោម ៤០ពាន់លានដុល្លារ គិតត្រឹមចុងខែកក្កដាឆ្នាំនេះ។
រដ្ឋាភិបាលទីក្រុងដាកា កាលពីពេលថ្មីៗនេះទើបបានស្នើសុំ IMF សម្រាប់ប្រាក់កម្ចីចំនួន ៤,៥ពាន់លានដុល្លារ ដើម្បីជួយសម្រាលហានិភ័យនៃអស្ថិរភាពសេដ្ឋកិច្ចក្រោយមើលឃើញការលំបាកនៃប្រទេសជិតខាងដូចជាស្រីលង្កា និងប៉ាគីស្ថានជាដើម។
សូមបញ្ជាក់ថា ប្រទេសបង់ក្លាដែសគឺជាប្រទេសនាំចេញសម្លៀកបំពាក់ធំជាងគេទីពីររបស់ពិភពលោកបន្ទាប់ពីប្រទេសចិន។ ជាក់ស្តែង ការនាំចេញសម្លៀកបំពាក់ដែលជាផលិតផលសម្រេច បានកើនឡើងដល់ជាង ៤២ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ធៀបនឹង៥ឆ្នាំមុនការនាំចេញមានត្រឹម ៣០ពាន់លានដុល្លារប៉ុណ្ណោះ៕