សារព័ត៌មាន New Age របស់ប្រទេសបង់ក្លាដេស ចុះផ្សាយថា លោក Salim Reza លេខាធិការក្រសួងសុខុមាលភាពជនបរទេសនិងការងារក្រៅប្រទេសរបស់ប្រទេសបង់ក្លាដេស បាននិយាយថា ថ្មីៗនេះ មន្ត្រីស្ថានទូតបង់ក្លាដេសប្រចាំទីក្រុងបាងកក ប្រទេសថៃ បានបំពេញទស្សនកិច្ចមកប្រទេសកម្ពុជា ដើម្បីពិនិត្យមើលតម្រូវការកម្មករសំណង់បង់ក្លាដេស ។
លោក Salim Reza បានបន្តថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីបង់ក្លាដេស Sheikh Hasina មកកម្ពុជា កាលពីឆ្នាំ២០១៧ បានជួយត្រួសត្រាយផ្លូវសម្រាប់ការជ្រើសរើសពលករពីប្រទេសបង់ក្លាដេស។
យោងតាមសារព័ត៌មាន New Age ដដែល ក្រុមមន្ត្រីបាននិយាយថា បច្ចុប្បន្ន គេកំពុងធ្វើការរៀបចំសម្រាប់ការបញ្ជូនកម្មករសំណង់បង់ក្លាដេសមកកាន់ប្រទេសកម្ពុជា។
គួររំឭកថា កាលពីឆ្នាំ២០១៧ ក្នុងអំឡុងនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីបង់ក្លាដេសនៅកម្ពុជា ប្រទេសបង់ក្លាដេស និងកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់ការផ្លាស់ប្ដូរជំនាញ និងការជ្រើសរើសពលករ មកពីប្រទេសបង់ក្លាដេស មកធ្វើការនៅកម្ពុជា។
ប្រទេសកម្ពុជា ត្រូវគេមើលឃើញថា ជាប្រទេសដែលបញ្ជូនពលករជាច្រើនលាននាក់ ទៅធ្វើការនៅក្រៅប្រទេស ដូចជា ប្រទេសថៃ កូរ៉េខាងត្បូង និងម៉ាឡេស៊ី ជាដើម ប៉ុន្តែ ដំណឹងដែលថា កម្ពុជានឹងជ្រើសរើសពលករមកពីបង់ក្លាដេស ដើម្បីឲ្យធ្វើការជាកម្មករសំណង់នៅកម្ពុជា គឺអាចជារឿងថ្មីដែលមិនធ្លាប់មានពីមុនមក៕