ក្រោមយន្តការស្ដារវិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលបានដាក់ចេញកាលពីថ្ងៃទី២៦ ខែមករា ដើមឆ្នាំ២០២៤ បណ្ដារដ្ឋបាលក្រុងទូទាំងប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ បានណែនាំគម្រោងលំនៅឋាននានា ដល់បណ្ដាធនាគារដែលស័ក្ដិសមសម្រាប់ការជួយគាំទ្រផ្នែកហិរញ្ញវត្ថុ និងជួយសម្របសម្រួលជាមួយបណ្ដាស្ថាប័នហិរញ្ញវត្ថុ ដើម្បីបំពេញតម្រូវការគម្រោង។
យន្តការនេះ គឺជាផែនការដ៏សំខាន់មួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុងប៉េកាំង ក្នុងការធ្វើឱ្យវិបត្តិបំណុល ដែលវិស័យអចលនទ្រព្យចិនកំពុងប្រឈម វិលមកមានស្ថិរភាពឡើងវិញ និងជំរុញទំនុកចិត្តក្នុងឧស្សាហកម្មនេះ ដែលមានចំណែកគ្របដណ្ដប់ដល់ទៅ១ភាគ៤ នៃផលិតផលក្នុងស្រុកសរុប(GDP)របស់ប្រទេសចិន។
រហូតមកទល់ពេលនេះ ទីក្រុងចំនួន២១៤ទូទាំងប្រទេសចិន បានរៀបចំអនុវត្តយន្តការនេះ ដោយបានណែនាំគម្រោងជាង៥ពាន់៣រយគម្រោងដល់ធនាគារនានា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងលំនៅឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទ កាលពីល្ងាចថ្ងៃអង្គារ សប្ដាហ៍នេះ។ របាយការណ៍នេះបន្ថែមថា ក្នុងចំណោមប្រាក់កម្ចីសរុប ទំហំកម្ចីប្រមាណ៤ពាន់លានដុល្លារអាម៉េរិក ត្រូវបានបញ្ចេញរួចរាល់សម្រាប់គម្រោងចំនួន១៦២ នៅក្នុងទីក្រុងចំនួន៥២។
ក្រសួងនេះនិយាយថា ធនាគារណាដែលបដិសេធមិនផ្ដល់កម្ចីដល់ម្រោងដែលស្ថិតក្រោមយន្តការពិសេសខាងលើនេះ ត្រូវតែផ្តល់ហេតុផលសមស្របពន្យល់ទៅក្រុមនិយ័តករហិរញ្ញវត្ថុអំពីការសម្រេចចិត្តរបស់ពួកគេ។
ប្រទេសចិន មានបំណងបង្កើនការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងលំនៅឋាន ប៉ុន្តែធនាគារនានាហាក់មានការស្ទាក់ស្ទើរក្នុងការផ្តល់ប្រាក់កម្ចីដល់វិស័យនេះ ហើយស្ថានភាពនេះអាចជាឧបសគ្គដ៏ធំសម្រាប់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ដែលត្រូវការមូលនិធិចាំបាច់បំផុត។
បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ និងក្រុមអ្នកវិភាគលើកឡើងថា ប្រាក់កម្ចីបែបនេះអាចប្រើប្រាស់បានសម្រាប់តែធានាការបញ្ចប់គម្រោងដែលបានជ្រើសរើសប៉ុណ្ណោះ ហើយមិនអាចយកទៅប្រើប្រាស់ដើម្បីទូទាត់សងបំណុលបានឡើយ៕
ដោយ: តែម សុខុម