នេះជាការជួបពិភាក្សាលើកទី២ បន្ទាប់ពីមានការពិភាក្សាគ្នាយ៉ាងផុលផុសលើកទី១ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ឆ្នាំ២០១៧ ភាគីពាក់ព័ន្ធនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ហាក់បីដូចជាកើនឡើងកម្តៅជាថ្មីម្តងទៀត មិនសុខចិត្តចំពោះអាករបន្ថែមនេះ បន្ទាប់ពីពួកគេកំពុងតែវិលវល់ទៅនឹងបញ្ហាប្រឈម ដែលធនាគារជាតិនៃកម្ពុជាទម្លាក់ពិដានអត្រាការប្រាក់ មកត្រឹម ១៨ភាគរយ។
👉 គួរអាន ! ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជួប«គ្រោះ»ក្តៅគគុកមួយទៀតហើយ!
លោកឧកញ៉ា លី ហួរ សហប្រធានក្រុមការងារបច្ចេកទេសទី២ ផ្នែកហិរញ្ញវត្ថុ និងធនាគារនៃសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ប្រាប់សារព័ត៌មានអេឡិចត្រូនិក ខេមបូណូមីស នៅខាងក្រៅសន្និបាត និង ពិព័រណ៍អចលនវត្ថុកម្ពុជាឆ្នាំ២០១៧ ក្រុមការងារផ្នែកវិស័យឯកជននឹងជួបប្រជុំគ្នា ជាមួយខាងរដ្ឋាភិបាល ដែលមានដូចជា អគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ដើម្បីលើកឡើងពីបញ្ហាប្រឈមរបស់ស្ថាប័នហិរញ្ញវត្ថុដែលកំពុងតែជួបប្រទះ នៅពេលចេញប្រកាសនេះមក ហើយនឹងស្នើសុំខាងរដ្ឋាភិបាលឲ្យលុបចោលការអនុវត្តសេចក្តីប្រកាសពន្ធអាករបន្ថែមនេះ។ លោកឧកញ៉ាបន្តថា កិច្ចប្រជុំនេះនឹងធ្វើឡើងនៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧ ដើមសប្តាហ៍ក្រោយ។
សូមបញ្ជាក់ថា ប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារស្តីពីការណែនាំអនុវត្តន៍បន្ថែមចំពោះអាករបន្ថែម ដែលក្នុងនោះមានសេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ ដែលតម្រូវឲ្យជាប់អាករបន្ថែម ១០ភាគរយ។
ការយកពន្ធសម្រាប់ការផ្គត់ផ្គង់ទំនិញ ឬសេវាដែលជាការផ្គត់ផ្គង់មិនជាប់អារករ ដែលនឹងត្រូវជាប់អាករបន្ថែម ១០%នោះ រួមមានចំនួន១១ប្រភេទដែលបានចែងនៅក្នុងប្រការ៥ នៃប្រកាសថ្មីរបស់អគ្គនាយកដ្ឋានពន្ធដារនេះ។
សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ ដែលមានចែងក្នុងសេចក្តីប្រកាសដដែលនេះ ប្រការ៥ សំដៅទៅលើ សេវាប្រាតិភោគ សេវាប្តូរប្រាក់ ការជួញដូរមាសដែលមិនទាន់កែច្នៃជាគ្រឿងអលង្ការ ការបោះផ្សាយមូលបត្រក្នុងទីផ្សារដំបូង ការជួញដូរមូលបត្រ ឬឧបករណ៍ហិរញ្ញវត្ថុដទៃទៀត និងសេវាផាត់ទាត់ ក្នុងទីផ្សារមូលបត្រកម្ពុជា និងប្រតិបត្តិការទទួលប្រាក់បញ្ញើ ផ្តល់ឥណទាន ឬឲ្យខ្ចីលុយ ប៉ុន្តែ មិនរួមបញ្ចូលកម្រៃសេវាដែលទាក់ទងនឹងការផ្តល់ឥណទាន ឬខ្ចីបុលនោះទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ដើមខែមិថុនា ឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីជូនដំណឹងបញ្ជាក់ថា សេចក្តីប្រកាសស្តីពីការណែនាំអនុវត្តអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់មិនជាប់អាករ ដែលនៅក្នុងប្រកាសនោះ មានការកំណត់និយមន័យនៃពាក្យមួយចំនួន រួមទាំងពាក្យ សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ ហើយត្រូវបានអង្គភាពឯកជន និងសារព័ត៌មានមួយចំនួនយកទៅបកស្រាយពុំបានត្រឹមត្រូវ នាំឲ្យមានការភ័ន្តច្រឡំពីសំណាក់សាធារណជនថា រាជរដ្ឋាភិបាលកម្ពុជាទើបនឹងអនុវត្តអាករលើតម្លៃបន្ថែមទៅលើសេវាហិរញ្ញវត្ថុ។
សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា អាករលើតម្លៃបន្ថែមត្រូវបានដាក់ឲ្យអនុវត្តចាប់តាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ ដូច្នេះការចេញប្រកាសពីតម្លៃអាករបន្ថែមនេះ គ្រាន់តែដើម្បីពង្រឹងការអនុវត្តអាករលើតម្លៃបន្ថែមតែប៉ុណ្ណោះ មិនមែនជាការអនុវត្តថ្មីនោះឡើយ៕