ក្រុងប៉េកាំង

រដ្ឋអំណាចក្រុងប៉េកាំងបើកការស៊ើបអង្កេតក្រុមមេដឹកនាំផ្នែកឧស្សាហកម្មផលិតបន្ទះឈីបពាក់ព័ន្ធនឹងរឿងពុករលួយ និងបំពានច្បាប់


រដ្ឋអំណាចទីក្រុងប៉េកាំង កំពុងបើកការស៊ើបអង្កេតលើឥស្សរជនជាន់ខ្ពស់ចំនួន ៣ រូប ដែលទទួលខុសត្រូវលើការងារការអភិវឌ្ឍឧស្សាហកម្មបន្ទះឈីបក្នុងស្រុក ដោយក្នុងនោះរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ផងដែរ ដោយមានការសង្ស័យថា ពួកគេទាំងនេះ មានប្រព្រឹត្តអំពើដែលរំលោភបំពានវិន័យ និងច្បាប់របស់ប្រទេស។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលចិន និងត្រូវបានរាយការណ៍បន្ដដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
ប៉េកាំងបើកការស៊ើបអង្កេតក្រុមមេដឹកនាំផ្នែកឧស្សាហកម្មផលិតបន្ទះឈីបពាក់ព័ន្ធនឹងរឿងពុករលួយ និងបំពានច្បាប់

លោក Xiao Yaqing រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម​របស់ចិន​ត្រូវគេសង្ស័យថា បាន​បំពាន​លើវិន័យ​ និងច្បាប់​ ហើយត្រូវបាន​ដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេត​​តាម​បទប្បញ្ញត្តិ​។​ នេះបើតាមគណៈកម្មការកណ្តាលសម្រាប់ការត្រួតពិនិត្យវិន័យ (CCDI) របស់ប្រទេសចិន​បាននិយាយ​កាល​ពីថ្ងៃព្រហស្បតិ៍។​ ក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មាន គឺជាទីភ្នាក់ងារដ៏សំខាន់មួយ​នៅពីក្រោយការជំរុញ​របស់ប្រទេសចិន សម្រាប់ឧស្សាហកម្មបន្ទះឈីបក្នុងស្រុក​។

ការស៊ើបអង្កេត​ចុងក្រោយបំផុត ដែលផ្តោតលើមន្ត្រីជាន់ខ្ពស់របស់​បក្សកុម្មុយនិស្ត​ចិន ជាសញ្ញានៃការកើនឡើងនៅក្នុងការបង្រ្កាបរបស់ទីក្រុងប៉េកាំង​លើវិស័យបច្ចេកវិទ្យា ដោយពង្រីក​វាដល់ឧស្សាហកម្ម​​បន្ទះ​ឈីប​​​ដែលជាសមរភូមិដ៏សំខាន់​នៅក្នុងការប្រកួតប្រជែង​​បច្ចេក​វិទ្យារវាង​ក្រុង​វ៉ាស៊ីន​តោន ​និង​ក្រុង​ប៉េកាំង​។

សារព័ត៌មានចិន Caixin បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា លោក Ding Wenwu ប្រធានមូលនិធិវិនិយោគឧស្សាហកម្មបន្ទះឈីប​រួមគ្នារបស់ប្រទេសចិន​​កំពុងស្ថិតក្រោមការស៊ើបអង្កេត។​ អង្គភាព​ដែលមានឈ្មោះហៅក្រៅថា មូលនិធិធំ ឬ Big Fund នេះ​​គឺជាយន្តការផ្តល់មូលនិធិចម្បងរបស់ប្រទេសនេះ​ ក្នុងការកសាងឧស្សាហកម្មអេឡិចត្រូនិកដែលមានការប្រកួត​ប្រជែង​។ ​

ជាមួយគ្នានេះ គណៈកម្មាធិការ​ CCDI បាននិយាយកាលពីពាក់កណ្តាលខែកក្កដាថា លោក​ Lu Jun ​ដែលជាអតីត​ប្រធាន​ក្រុមហ៊ុន Sino IC Capital ​ដែលបាន​គ្រប់គ្រង​​មូល​និធិ​ Big Fund នោះ​​ត្រូវ​បានសង្ស័យថា​ មានការរំលោភច្បាប់ធ្ងន់ធ្ងរ​ ហើយកំពុងស្ថិត​នៅ​ក្រោម​ការស៊ើបអង្កេត។

ក្រៅ​ពីឥស្សរ​ជន​ទាំង​៣​នេះ​​​ក៏​នៅ​មាន​អតីតប្រធាន​ក្រុមហ៊ុនផលិតបន្ទះឈីប Tsinghua Unigroup គឺ​លោក​ Zhao Weiguo នៅ​សប្តាហ៍នេះ​ត្រូវ​គេរាយការណ៍ថា​កំពុងស្ថិតក្រោមការស៊ើបអង្កេត​ជុំវិញ​ការ​ចោទប្រកាន់​ពីបទពុករលួយ​ផង​ដែរ​។

ចំ​ពេលមានការបង្រ្កាប​របស់​​ចិនលើមេដឹកនាំ​ឧស្សាហកម្ម​បន្ទះ​ឈីប​នេះ​ដែរ​ សហរដ្ឋ​អាមេរិក​នៅសប្ដាហ៍នេះ បាន​អនុម័ត​កាល​នូវ​ច្បាប់​ពាក់ព័ន្ធនឹងការជំរុញការផលិតបន្ទះឈីប​ ដែលនឹងផ្តល់ការឧបត្ថម្ភធនក្នុងតម្លៃជាង ៥២ ពាន់​លានដុល្លារ​ ​ដើម្បីលើកទឹកចិត្ត​ដល់ការផលិត​បន្ទះឈីប​ ​​​និងកាត់បន្ថយការពឹងផ្អែក​លើខ្សែចង្វាក់ផ្គត់ផ្គង់​របស់​អាស៊ី​ផង​ដែរ។

យ៉ាងណាមិញ ប្រទេសចិន ក៏បាន​វិនិយោគ​ជាច្រើន​នៅក្នុង​ឧស្សាហកម្ម​ផលិតបន្ទះឈីប ដើម្បី​ជំរុញនូវភាពឯករាជ្យ​​នៅក្នុងឧស្សាហកម្មនេះ ខណៈដែលអាមេរិកកំពុងព្យាយាម​កាត់ផ្ដាច់ប្រទេសចិន​ចេញពី​ខ្សែចង្វាក់ផ្គត់ផ្គង់។

ប្រទេសចិន​បាន​បង្ហាញពីផែនការកាលពីឆ្នាំ២០១៥ វិនិយោគប្រមាណ ១,៤ទ្រីលានដុល្លារ ចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២៥ លើវិស័យ​បច្ចេកវិទ្យាជឿនលឿន ដូចជាការផលិតបន្ទះឈីប ដោយ​រំពឹងនឹង​បង្កើតចំណែក​ការផលិតបន្ទះឈីបក្នុងស្រុក​ឲ្យបាន​ដល់ ៤០% នៅឆ្នាំ២០២០ និង​៧០% នៅឆ្នាំ២០២៥៕

អត្ថបទ៖ សុខ ជា​




អត្ថបទបន្ទាប់


ក្រុមហ៊ុនជីធំៗនៅវៀតណាមទទួលបានប្រាក់ចំណេញយ៉ាងសន្ធឹកសន្ធាប់ នៅចំពេលដែលតម្លៃជីឡើងថ្លៃ

ព័ត៌មាន
ក្រុមហ៊ុនជីធំៗនៅវៀតណាមបានរាយការណ៍ពីកំណើនប្រាក់ចំណេញ ៣ ទៅ ៤ ខ្ទង់ នៅក្នុងឆមាសទីមួយឆ្នាំនេះ ដោយសារតម្រូវការជីកើនឡើងចំពេលមានការងើបឡើង…

មន្ត្រីIMFផ្តល់អនុសាសន៍ឲ្យប្រទេសនៅអាស៊ីមួយចំនួនដំឡើងអត្រាការប្រាក់ឱ្យបានឆាប់រហ័សដើម្បីទប់ទល់អតិផរណា

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានផ្តល់ជាអនុសាសន៍ថា ធនាគារកណ្តាលនៅក្នុងប្រទេសតំបន់អាស៊ីមួយចំនួន ត្រូវតែដំឡើងអត្រាកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ