លោក ពូទីន

តើអ៊ុយក្រែន កំពុងទន់ជើងនឹងសង្គ្រាម ឬយ៉ាងណា បានជាសរសេរលិខិត​សុំជួបចរចាទល់មុខជាមួយលោក ពូទីន ដើម្បីបញ្ចប់សង្គ្រាម?


ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី បាន​ធ្វើឱ្យ​ពិភព​លោក​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី​លោកបានសរសេរលិខិតចំហផ្ញើជូនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយស្នើសុំជួបចរចាទល់មុខគ្នា​​នៅ​ប្រទេសអព្យាក្រឹតដូចជា ស្វីស ឬតួកគី ដើម្បីស្វែងរកផ្លូវបញ្ចប់សង្គ្រាមដែលអូសបន្លាយជាង៤ឆ្នាំមក​នេះ។ ទោះជាយ៉ាងណា វិមានក្រឹមឡាំង មិនទាន់ទទួលយកសំណើនេះនៅឡើយទេ​។ ​​នេះ​បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ តើអ៊ុយក្រែន កំពុងទន់ជើងនឹងសង្គ្រាម ឬយ៉ាងណា ឬក៏គ្រាន់តែជាយុទ្ធសាស្ត្រការទូតថ្មីបានជាធ្វើបែបនេះ?
លោក ពូទីន
ដោយ

លោក ហ្សេឡិនស្គី បានបញ្ជាក់ក្នុងលិខិតចំហខាងលើថា អ៊ុយក្រែន មិនគួររង់ចាំឱ្យសហរដ្ឋអាម៉េរិក ត្រលប់មកផ្តោតលើសង្គ្រាមអ៊ុយក្រែនវិញនោះទេ ខណៈដែលរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងយកចិត្តទុកដាក់ខ្លាំងលើវិបត្តិនៅអ៊ីរ៉ង់។ លោកអះអាងថា សន្តិភាពអាចសម្រេចបានលុះត្រាតែមានការចរចាដោយផ្ទាល់រវាងអ៊ុយក្រែន និងរុស្ស៊ី។
ទោះជាយ៉ាងណាការស្នើសុំចរចានេះមិនមែនមានន័យថា អ៊ុយក្រែន កំពុងចុះចាញ់ ឬទន់ជើងនោះឡើយ។ ផ្ទុយទៅវិញបានវាបង្ហាញពីភាពរឹងមាំរបស់អ៊ុយក្រែន។ លោក ហ្សេឡិនស្គី បានរិះគន់លោក ពូទីន ដោយលើកឡើងថា ក្រោយកាន់អំណាច២៦ឆ្នាំ មេដឹកនាំរុស្ស៊ីរូបនេះ កំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំង។ លោក ក៏រំឭកពីការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនចូលជ្រៅក្នុងទឹកដីរុស្ស៊ី ដែលបានបង្កការខូចខាត និងសម្ពាធលើសេដ្ឋកិច្ចរុស្ស៊ី ផងដែរ។
នៅក្នុងលិខិតដដែលនោះ លោក ហ្សេឡិនស្គី បានស្នើឱ្យមានបទឈប់បាញ់ពេញលេញអំឡុងពេលចរចា និងបានអញ្ជើញលោក ពូទីន ជួបពិភាក្សានៅប្រទេសអព្យាក្រឹតដូចជា ស្វីស ឬតួកគី ជាដើម។ ប៉ុន្តែវិមានក្រឹមឡាំង មិនទាន់ទទួលយកសំណើនេះនៅឡើយទេ ខណៈលោក ពូទីន បានបញ្ជាក់ថា ការឈប់បាញ់អាចកើតមានបានលុះត្រាតែអ៊ុយក្រែន ធ្វើសម្បទានមួយចំនួនជាមុនសិន។ ជំហររបស់រុស្ស៊ី នៅតែដដែល គឺទាមទារឱ្យអ៊ុយក្រែន បោះបង់ការចូលជាសមាជិកអង្គការបក្សសម្ព័ន្ធយោធា NATO និងទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៊ី លើតំបន់ Donetsk និងតំបន់មួយចំនួនទៀត។ ចំណែកឯអ៊ុយក្រែន វិញបានបដិសេធដាច់ខាតចំពោះការបោះបង់ទឹកដី ដោយអះអាងថា ការធ្វើបែបនេះនឹងលើកទឹកចិត្តឱ្យរុស្ស៊ីបន្តឈ្លានពានអ៊ុយក្រែនទៀតនាពេលអនាគត។
ការស្នើសុំជួបទល់មុខគ្នារបស់លោក ហ្សេឡិនស្គី ក៏កើតឡើងក្នុងពេលដែលការចរចាសន្តិភាពជាច្រើនលើកកន្លងមកមិនទទួលបានលទ្ធផលផ្លែផ្កា។ ទន្ទឹមនេះ សហរដ្ឋអាម៉េរិក ក៏កំពុងជាប់ដៃផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើស្ថានការណ៍នៅមជ្ឈិមបូព៌ា ដែលធ្វើឱ្យទីក្រុងកៀវ ព្យាយាមស្វែងរកគំនិតផ្តួចផ្តើមថ្មីៗដោយខ្លួនឯង។ ជារួម អ្នកវិភាគមើលឃើញថា លិខិតរបស់លោក ហ្សេឡិនស្គី គឺជាការព្យាយាមបើកច្រកការទូតថ្មីមួយ ដើម្បីសាកល្បងលទ្ធភាពបញ្ចប់សង្គ្រាម គឺមិនមែនជាសញ្ញាបង្ហាញថា អ៊ុយក្រែន កំពុងទន់ជើង ឬត្រៀមចុះចាញ់នោះឡើយ។ ផ្ទុយទៅវិញ វាបង្ហាញថា អ៊ុយក្រែន កំពុងព្យាយាមប្រើទាំងសម្ពាធយោធា និងការទូតក្នុងពេលតែមួយ ដើម្បីបង្ខំឱ្យរុស្ស៊ី ចូលតុចរចា៕

អត្ថបទ៖ តែម សុខុម




អត្ថបទបន្ទាប់


ភ្ញៀវទេសចរចិន កំពុងមានការភ័យខ្លាចក្នុងការទៅកម្សាន្តនៅប្រទេសថៃ ក្រោយផ្ទុះករណីចាប់ជំរិតជាបន្តបន្ទាប់

ក្តីសង្ឃឹមរបស់ប្រទេសថៃ ក្នុងការស្ដារវិស័យទេសចរណ៍ឱ្យងើបឡើងវិញ កំពុងរង្គោះរង្គើយ៉ាងខ្លាំង ដោយសារតែក្តីបារម្ភជាថ្មីជុំវិញបញ្ហាសុវត្ថិភាព។ ស្ថា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ