ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់គ្រូបង្គោល និងសិក្ខាកាមដែលកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ នៅខេត្តកំពង់ធំ


(កំពង់ធំ)៖ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អញ្ជើញ​​ជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ និងសំណេះសំណាលជាមួយសិក្ខាកាមបញ្ចប់វគ្គបណ្តុះបណ្តាល នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត
ដោយ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្តែងការអបអរសាទរចំពោះសិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលទាំងអស់ ហើយនឹងបន្តគាំទ្រ និងលើកទឹកចិត្តដល់សកម្មភាពបណ្តុះបណ្តាល មិនថាតែក្នុងវិស័យទេសចរណ៍នាពេលនេះ ឬក៏វិស័យផ្សេងៗទៀតទេ ដើម្បីជាថ្នាលបណ្តុះបណ្តាលកងទ័ពនៃវិស័យឯកជនក្នុងសេដ្ឋកិច្ចកម្ពុជា។ បើគ្មានការបណ្តុះបណ្តាលទេ គឺពិតជាគ្មានការកសាងថ្មី ការបង្កើតថ្មី និងតម្លៃបន្ថែមថ្មីទេ ហើយយើងក៏មិនអាចនិយាយពីការអភិវឌ្ឍបានឡើយ បើខ្វះធនធានមនុស្សប្រកបដោយគុណភាព។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ការអភិវឌ្ឍធនធានមនុស្ស គឺជាបេះដូងនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកក្នុង ក្របខណ្ឌកំពង់ធំរបស់យើង ការអភិវឌ្ឍធនធានមនុស្សទាំងក្នុងវិស័យសាធារណៈនិងឯកជន គឺជាចំណុចដៅមួយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍរបស់ខេត្ត ពិសេសដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លែងឱ្យខេត្តកំពង់ធំជាកន្លែងទៅហួសមកហួស ទាំងក្នុងវិស័យទេសចរណ៍ វិនិយោគ ពាណិជ្ជកម្ម និងគម្រោងអភិវឌ្ឍន៍ ដើម្បីផ្ដល់ផលប្រយោជន៍ជាក់ស្ដែងដល់ប្រជាជនក្នុងខេត្តកំពង់ធំ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានមានប្រសាសន៍លើកឡើងថា ខេត្តកំពង់ធំមានសក្តានុពលច្រើន ហើយស្ថិតនៅចំចំណុចកណ្តាលនៃប្រទេស មានផ្ទៃដីធំ និងសម្បូរទឹក ដែលអំណោយផលខ្លាំងដល់វិស័យកសិកម្ម កសិ-ឧស្សាហកម្ម ពិសេសវិស័យទេសចរណ៍ ទាំងទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏សម្បូរបែប។ ដោយមើលឃើញពីសក្តានុពលទាំងនេះ ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំក៏បានរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ ២០២៦-២០៣០ ហើយផែនការនេះ ក៏ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយក្រសួងទេសចរណ៍ផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានស្នើឱ្យក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធបន្តចូលរួម និងគាំទ្រដល់ការអនុវត្តផែនការអភិវឌ្ឍន៍នេះ ពិសេសការជំរុញអនុវត្តគម្រោង និងអនុគម្រោងដែលបានដាក់ចេញពាក់ព័ន្ធនឹងការអភិវឌ្ឍប៉ូលទេសចរណ៍ទាំង ៣ គឺ៖ ១.តំបន់ទេសចរណ៍វប្បធម៌ប្រាសាទសំបូរព្រៃគុកនិងការតភ្ជាប់ ២.តំបន់ភ្នំសន្ទុកជាគោលដៅទេសចរណ៍សាសនានិងសុខុមាលភាព (Wellness Tourism) និង ៣.តំបន់ទីក្រុងពេលរាត្រីក្រុងស្ទឹងសែន ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានធ្វើការកត់សម្គាល់ផងដែរថា ចំនួនភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកាន់ខេត្តកំពង់ធំកំពុងមាននិន្នាការងើបឡើង ទោះបីគោលដៅទេសចរណ៍ផ្សេងៗទៀតហាក់មានការថមថយក្តី។ ក្នុងន័យនេះ សូមក្រសួង ស្ថាប័ន អាជ្ញាធរ និងវិស័យឯកជនក្នុងវិស័យទេសចរណ៍ ត្រូវរួមគ្នាខិតខំប្រឹងប្រែងបង្កើនភាពទាក់ទាញបន្ថែមទៀត ដោយយកចំណុចវិជ្ជមានដែលមានស្រាប់ មកធ្វើការបំពេញបន្ថែម និងកែលម្អចំណុចខ្វះខាត ដោយរួមទាំងការពង្រឹងគុណភាពសេវាកម្ម និងការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដូចជាទេសចរណ៍ផ្សារភ្ជាប់នឹងស្វាយចន្ទី, កសិ-សុខភាពទេសចរណ៍ និងអេកូទេសចរណ៍ជាដើម។ ទន្ទឹមនេះ ត្រូវតភ្ជាប់ទៅបណ្តាខេត្តជុំវិញ ដូចជាតភ្ជាប់ទៅសៀមរាប និងព្រះវិហារ ដើម្បីបង្កើតជាកញ្ចប់នៃប្រព័ន្ធអេកូឡូស៊ីមួយ ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តកំពង់ធំឱ្យមានសន្ទុះរីកចម្រើនកាន់តែខ្លាំង ហើយអាចជាកម្លាំងអូសវិស័យពាណិជ្ជកម្ម និងកសិ-ឧស្សាហហកម្មឱ្យរីកចម្រើនផងដែរ ដើម្បីពង្រឹងនិងលើកកម្ពស់មូលដ្ឋានសេដ្ឋកិច្ចខេត្តឱ្យកាន់តែរឹងមាំ និងអាចរួមចំណែកជាចន្ទល់គាំទ្រដល់សេដ្ឋកិច្ចជាតិផងដែរ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានមានប្រសាសន៍ផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ឱ្យចូលរួមលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តកំពង់ធំ ព្រោះបើវិស័យទេសចរណ៍រីកចម្រើន នោះវិស័យផ្សេងៗទៀត ទាំងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងពាណិជ្ជកម្ម ក៏រីកចម្រើនជាមួយគ្នាដែរ ព្រមទាំងបានផ្ដល់ការណែនាំឱ្យរៀបចំបង្កើតជាសមាគម តាមរយៈក្រុមតេលេក្រាម ដើម្បីផ្លាស់ប្ដូរបទពិសោធ ហើយអ្នកប្រកបមុខរបរដូចគ្នា ត្រូវចេះប្រជែងគ្នាផង និងសហការគ្នាផង ប៉ុន្តែមិនមែនប្រកួតប្រជែងស្លាប់រស់ទេ។




អត្ថបទបន្ទាប់


បន្ទាប់ពីយកជ័យជម្នះលើក្រុមកូរ៉េ ៣ ទល់នឹង ២ ក្រុម អេស៊ីលីដា នឹងត្រូវបន្ដជួបជាមួយក្រុមជប៉ុននៅថ្ងៃស្អែក

ក្រុមបាល់ទាត់របស់ធនាគារ អេស៊ីលីដា (ACLEDA) បានយកជ័យជម្នះលើក្រុមកូរ៉េ ៣ ទល់នឹង ២ នៅក្នុងការប្រកួតពានរង្វាន់ Cambodian Business Worl…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ