ឯកឧត្តម វង្សី វិស្សុត៖

ឯកឧត្តម វង្សី វិស្សុត៖ កម្ពុជាត្រូវបង្កើនសមត្ថភាពផលិតក្នុងស្រុក និងបណ្តុះមេទ័ពសេដ្ឋកិច្ចជំនាន់ថ្មី ដើម្បីកសាងសេដ្ឋកិច្ចជាតិដ៏រឹងមាំ


(កំពង់ធំ)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការអភិវឌ្ឍសហគ្រិនភាព និងការពង្រឹងសមត្ថភាពផលិតក្នុងស្រុក គឺជាកត្តាគន្លឹះសម្រាប់កសាងសេដ្ឋកិច្ចជាតិដែលមានភាពធន់ រឹងមាំ និងអាចប្រកួតប្រជែងបានក្នុងបរិបទពិភពលោកដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស។
ឯកឧត្តម វង្សី វិស្សុត៖
ដោយ

ថ្លែងក្នុងពិធីសម្ពោធ «ចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព» សម្រាប់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និងសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅខេត្តកំពង់ធំ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបានលើកឡើងថា កម្មវិធីនេះមានសារៈសំខាន់ក្នុងការបណ្តុះ និងពង្រឹងសមត្ថភាពសហគ្រិនជំនាន់ថ្មី ដើម្បីបង្កើតអាជីវកម្ម បង្កើនផលិតភាព និងបង្កើតតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចជាតិ។

ឯកឧត្តមបានកត់សម្គាល់ថា ទោះបីខេត្តកំពង់ធំមានសក្តានុពលខ្ពស់ទាំងផ្នែកកសិកម្ម ធនធានដីធ្លី និងធនធានមនុស្សក៏ដោយ ក៏កម្រិតសកម្មភាពសហគ្រិនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចនៅមានកម្រិតនៅឡើយ។ ដូច្នេះ ការបង្កើនចំនួនសហគ្រិន និងការលើកកម្ពស់សហគ្រាសក្នុងស្រុក គឺជាកត្តាចាំបាច់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាកម្លាំងស្នូលនៃការបង្កើតតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច។ ហេតុនេះ ការគាំទ្រសហគ្រិនភាព គឺជាការបណ្តុះ «មេទ័ពសេដ្ឋកិច្ច» ដែលអាចបង្កើតអាជីវកម្មថ្មី ពង្រីកទីផ្សារ និងបង្កើតប្រាក់ចំណូលសម្រាប់សង្គម។ ទន្ទឹមនឹងនេះ វិស័យសាធារណៈត្រូវបន្តដើរតួនាទីជាអ្នកសម្របសម្រួល និងបង្កើតប្រព័ន្ធអេកូឡូស៊ីអំណោយផល តាមរយៈគោលនយោបាយ ការអប់រំ ហិរញ្ញវត្ថុ និងក្របខណ្ឌច្បាប់ ដើម្បីជួយឱ្យវិស័យឯកជនអាចរីកចម្រើនបានកាន់តែខ្លាំង។

ក្នុងបរិបទដែលភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យា និងបរិស្ថានពិភពលោកកំពុងផ្លាស់ប្តូរជាបន្តបន្ទាប់ ឯកឧត្តមវង្សី វិស្សុតបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការធ្វើបច្ចុប្បន្នភាពការបណ្តុះបណ្តាលសហគ្រិន និងការកសាងសមត្ថភាពធុរកិច្ចឱ្យស្របតាមតម្រូវការថ្មីៗ។ ជាពិសេស កម្ពុជាត្រូវពង្រឹងសមត្ថភាពផលិតដោយខ្លួនឯង បង្កើនការប្រកួតប្រជែង កាត់បន្ថយការពឹងផ្អែកលើការនាំចូល និងជំរុញការផលិតទំនិញ និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់។
ឯកឧត្តមបានបន្ថែមថា កម្មវិធីគាំទ្រសហគ្រិនភាពនេះ មិនត្រឹមតែជាការជួយបង្កើតអាជីវកម្មថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាការកសាងមូលដ្ឋានផលិតកម្មជាតិ និងជំរុញការផ្លាស់ប្តូរផ្នត់គំនិតពីការពឹងផ្អែក ទៅជាការបង្កើតសមត្ថភាពរកចំណូលដោយខ្លួនឯង ស្របតាមគោលការណ៍ «បង្រៀនឱ្យចេះរកត្រី ជាជាងឱ្យត្រី»។

ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត
បានលើកទឹកចិត្តដល់សិស្ស-និស្សិត និងយុវជនឱ្យមានមហិច្ឆតា ការតស៊ូ និងភាពជឿជាក់លើខ្លួនឯង ដោយណែនាំឱ្យ «ស្រមៃឱ្យធំ តែចាប់ផ្តើមពីកិច្ចការតូចៗ» និងបង្ហាញក្តីសង្ឃឹមថា កម្មវិធីនេះនឹងជួយបណ្តុះសហគ្រិនខ្មែរជំនាន់ថ្មី ដែលអាចក្លាយជាកម្លាំងដឹកនាំសេដ្ឋកិច្ច និងចូលរួមជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើននាពេលអនាគត៕




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់គ្រូបង្គោល និងសិក្ខាកាមដែលកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ នៅខេត្តកំពង់ធំ

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ