លោក ថាណាផុន ឈីវ៉ារ៉ាតាណាផន (Thanapol Cheewarattanaporn) ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ថៃ រំពឹងថា ប្រទេសថៃនឹងអាចស្រូបទាញភ្ញៀវទេសចរចិន បានប្រមាណ៧លាននាក់ នៅឆ្នាំ២០២៦ នេះ ដែលតួលេខនេះទាបជាងការព្យាករណ៍កាលពីដើមឆ្នាំដោយរំពឹងទទួលបានរហូតដល់ទៅ៩លាននាក់។ កត្តាដែលជំរុញឱ្យប្រធានសមាគមរូបនេះបន្ទាបក្តីរំពឹង គឺដោយសារបញ្ហាចម្បងៗចំនួន២ រួមមាន រូបភាពជារួម នៃប្រព័ន្ធសុវត្ថិភាពរបស់ប្រទេសថៃ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងចំណោមអ្នកទេសចរចិន និងការកើនឡើង នៃថ្លៃដើមធ្វើដំណើរ ដែលបណ្តាលមកពីតម្លៃប្រេងហក់ឡើងខ្ពស់ ដោយសារឥទ្ធិពលនៃវិបត្តិជម្លោះនៅមជ្ឈិមបូព៌ា។
ប្រធានសមាគមរូបនេះ បានសង្កត់ធ្ងន់ថា ការបារម្ភពីបញ្ហាសុវត្ថិភាពបានក្លាយជាឧបសគ្គដ៏ធំធេងបំផុតសម្រាប់ប្រទេសថៃ ក្នុងការទាក់ទាញភ្ញៀវទេសចរចិន។ ការព្រួយបារម្ភនេះកើតឡើងក្រោយមានពលរដ្ឋចិន ជាច្រើន ត្រូវបានចាប់ឃុំខ្លួន ដើម្បីជំរិតទារប្រាក់ ឬបានបាត់ខ្លួនដោយអាថ៌កំបាំងភ្លាមៗ បន្ទាប់ពីធ្វើដំណើរមកដល់ប្រទេសថៃ។ ក្រៅពីនេះ ការព្រួយបារម្ភជុំវិញបណ្តាញឆបោកតាមទូរសព្ទ និងអនឡាញ ក៏កាន់តែបន្ថែមការភ័យខ្លាចដល់ភ្ញៀវទេសចរចិន ផងដែរ។ អ្វីដែលគួរឱ្យព្រួយបារម្ភ រឿងរ៉ាវអវិជ្ជមានទាំងនេះបានរីករាលដាលយ៉ាងលឿននៅលើបណ្តាញសង្គម និងកម្មវិធីវីដេអូខ្លីៗរបស់ចិន ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសថៃ ដែលធ្លាប់ជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាព។
ទំនុកចិត្តរបស់ភ្ញៀវទេសចរចិន កាន់តែធ្លាក់ចុះដុនដាបថែមទៀត បន្ទាប់ពីមានការចែកចាយព័ត៌មានតាមអ៊ីនធឺណិតថា មានមន្ត្រីរដ្ឋ និងប៉ូលិសថៃ ខិលខូចមួយចំនួន មានការពាក់ព័ន្ធនឹងការបើកដៃឱ្យក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើស។ ប្រធានសមាគមរូបនេះ បានសង្កត់ធ្ងន់ថា ទីផ្សារចិន តែងតែចាត់ទុកសុវត្ថិភាពជាអាទិភាពចម្បងបំផុតក្នុងការដើរកម្សាន្តទៅក្រៅប្រទេស។ ដូច្នេះ ព័ត៌មានអវិជ្ជមានអំពីឧក្រិដ្ឋកម្ម និងភាពកម្សោយ នៃការការពារសន្តិសុខបានជះឥទ្ធិពលអាក្រក់ភ្លាមៗដល់តម្រូវការធ្វើដំណើរ ខណៈវិធានការឆ្លើយតបរបស់រដ្ឋាភិបាលថៃ ហាក់នៅមានភាពទន់ជ្រាយ និងមិនទាន់ច្បាស់លាស់គ្រប់គ្រាន់ក្នុងក្រសែភ្នែករបស់ជនជាតិចិន នៅឡើយ។
បច្ចុប្បន្នសមាគមទីភ្នាក់ងារទេសចរណ៍ថៃ កំពុងដេញជើង និងជំរុញយ៉ាងទទូចឱ្យរដ្ឋាភិបាលថៃ ដាក់ចេញនូវវិធានការសន្តិសុខជាក់ស្តែង និងម៉ឺងម៉ាត់ជាងមុន។ អាជ្ញាធរចាំបាច់ត្រូវតែបង្ហាញសកម្មភាពឱ្យឃើញច្បាស់ៗថា ប្រទេសថៃ កំពុងយកចិត្តទុកដាក់ខ្លាំងលើរឿងនេះតាមរយៈផែនការទប់ស្កាត់ជាប្រព័ន្ធ ការឆ្លើយតបឱ្យបានទាន់ពេលវេលា និងការចេញមុខបកស្រាយបំភ្លឺរាល់ឧប្បត្តិហេតុផ្សេងៗ ដើម្បីស្រោចស្រង់ទំនុកចិត្ត និងសេដ្ឋកិច្ចទេសចរណ៍ឱ្យត្រឡប់មកវិញ៕
អត្ថបទៈ សួន ឡង់ទី