នៅក្នុងការផ្ដើមសុន្ទរកថាទៅកាន់និស្សិតដែលទើបបញ្ចប់ការសិក្សានៅបណ្ឌិតសភាទ័ពអាកាសក្នុងរដ្ឋ ខូឡូរ៉ាដូ, ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងដ៏ខ្លាំងក្លាជាមួយប្រទេសចិន ហើយនឹងក្រោកឈរឡើងដើម្បីផលប្រយោជន៍របស់ខ្លួន ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនមិនស្វែងរក«ជម្លោះឬការប្រឈមមុខដាក់គ្នា»ជាមួយទីក្រុងប៉េកាំងទេ។
លោកបានលើកឡើងយ៉ាងដូច្នេះថា សហរដ្ឋអាមេរិកគួរតែធ្វើការរួមគ្នាជាមួយប្រទេសចិន លើគោលការណ៍មួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមជាសាកល ដូចជាការប្រែប្រួលអាកាសធាតុ ខណៈដែលការសម្របសម្រួលក្នុងចំណោមក្រុមប្រទេស G-7 នឹងជួយកាត់បន្ថយការគំរាមកំហែងដល់សន្តិសុខជាតិ និងជំរុញការទប់ទល់នឹងការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចពីប្រទេសមហាអំណាចអាស៊ីមួយនេះ។
ការកត់សម្គាល់របស់លោក បៃដិន ធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិក និងប្រទេសចិន កំពុងតែតស៊ូស្តារទំនាក់ទំនងឡើងវិញ បន្ទាប់ពីទំនាក់ទំនងទ្វេភាគីមានភាពតានតឹងខ្លាំងជុំវិញបញ្ហាតៃវ៉ាន់ និងការបាញ់ទម្លាក់ពោងហោះដែលគេសង្ស័យថាធ្វើចារកិច្ចក្នុងដែនអាកាសសហរដ្ឋអាមេរិកកាលពីខែកុម្ភៈ។
កាលពីពាក់កណ្តាលខែឧសភា មេដឹកនាំក្រុមប្រទេស G7 បានប្រមូលផ្តុំគ្នានៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ហើយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេត្រៀមខ្លួនដើម្បីកសាងទំនាក់ទំនងប្រកបដោយភាពស្ថាបនានិងស្ថិរភាពជាមួយប្រទេសចិន ដោយទទួលស្គាល់ពីសារៈសំខាន់នៃការចូលរួមដោយស្មោះត្រង់។ ពួកគេក៏បាននិយាយផងដែរថា វិធីសាស្រ្តគោលនយោបាយរបស់ពួកគេមិនមែនរចនាឡើងដើម្បីបង្កគ្រោះថ្នាក់ដល់ប្រទេសចិនទេ ហើយក៏មិនព្យាយាមរារាំងចំពោះវឌ្ឍនភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិនដែរ។ ពួកគេបានបញ្ជាក់ថា ប្រទេសចិនដែលរីកចម្រើនស្របតាមច្បាប់អន្តរជាតិនឹងមានប្រយោជន៍ជាសកលសម្រាប់ពិពភលោក។
សុន្ទរកថារបស់លោក បៃឌិន នៅក្នុងសេចក្ដីផ្ដើម បង្ហាញឱ្យឃើញអំពីចំណាប់អារម្មណ៍ជាបន្តទៀតរបស់លោកក្នុងការឈានទៅរកទំនាក់ទំនងជាមួយប្រទេសចិន មុនពេលដែលរូបលោកទំនងជានឹងកាន់តែមមាញឹកជាមួយនឹងយុទ្ធនាការរបស់គាត់សម្រាប់ការបោះឆ្នោតឡើងវិញនៅឆ្នាំ ២០២៤។ ការលើកឡើងរបស់លោក បៃឌិន បានធ្វើឡើងក្រោយពេលដែលប្រទេសចិនបានច្រានចោលសំណើររបស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) ដែលចង់ជួបទល់មុខគ្នាជាមួយសមភាគីចិន លោក លី សាងហ្វូ (Li Shangfu) នៅឯវេទិកាសន្តិសុខប្រចាំឆ្នាំរយៈពេលបីថ្ងៃដែលចាប់ផ្តើមនៅថ្ងៃសុក្រក្នុងប្រទេសសិង្ហបុរី៕