ក្រុមហ៊ុនផលិតឈីបធំៗប្រឈមនឹងការលក់ធ្លាក់ចុះ

កត្តាអ្វីខ្លះធ្វើឲ្យការលក់ឈីបរបស់ក្រុមហ៊ុនធំៗអាចនឹងធ្លាក់ចុះនៅត្រីមាសខាងមុខ?


ក្រុមហ៊ុនផលិតបន្ទះឈីបកំពូលៗចំនួន ៧ នៅក្នុងចំណោម ៩ ក្រុមហ៊ុន ទំនងជានឹងលក់បន្ទះឈីបមិនសូវដាច់ដូចមុនទេនៅក្នុងត្រីមាសទី២នេះ ខណៈដែលក្រុមហ៊ុនជាអតិថិជនមួយចំនួនបានបន្តគ្រប់គ្រងសមត្ថភាពវិនិយោគរបស់ពួកគេ នៅចំពោះមុខទីផ្សារបន្ទះឈីបកាន់តែអាក្រក់ទៅៗ។ ទោះជាយ៉ាងណា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនទាំងនេះកំពុងកើនឡើង ដែលឆ្លុះបញ្ចាំងពីក្តីសង្ឃឹមរបស់វិនិយោគិនចំពោះបញ្ញាសិប្បនិមិត្ត និងកំណើនទីផ្សារឡើងវិញ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ក្រុមហ៊ុនផលិតឈីបធំៗប្រឈមនឹងការលក់ធ្លាក់ចុះ

ក្រុមហ៊ុន អ៊ឹបផ្លាយ មែធឺរៀល (Applied Materials) របស់សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភាថា ការលក់សម្រាប់ត្រីមាសពីខែឧសភាដល់ខែកក្កដាទំនងជានឹងមានចំនួនពី ៥,៧៥ ពាន់លានដុល្លារ ទៅ ៦,៥៥ ពាន់លានដុល្លារដោយបានព្យាករថា វាអាចនឹងមានការធ្លាក់ចុះ ១២% ទៅដល់កម្រិតខ្ពស់ជាងនេះបន្តិច។ ការធ្លាក់ចុះនេះនឹងមានជាលើកដំបូងចាប់តាំងពីត្រីមាសខែសីហាដល់ខែតុលាឆ្នាំ២០១៩។

និយាយជារួម អ្នកវិភាគបានរំពឹងថានឹងមានការលក់ធ្លាក់ចុះនៅក្រុមហ៊ុនចំនួន ៧ ក្នុងចំណោមក្រុមហ៊ុនទាំង ៩ នៅក្នុងត្រីមាសពីខែមេសាដល់ខែមិថុនា (ឬខែឧសភាដល់ខែកក្កដា) រួមទាំងក្រុមហ៊ុន ឡាំ រីស៊ើច (Lam Research) របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន តូក្យូ អេឡិចត្រុង (Tokyo Electron) របស់ប្រទេសជប៉ុនផងដែរ។ នេះជាសញ្ញាច្បាស់ដែលបង្ហាញពីការធ្លាក់ចុះទីផ្សារបើធៀបនឹងត្រីមាសមុន នៅពេលដែលក្រុមហ៊ុនចំនួន ៦ បានរាយការណ៍ពីកំណើនប្រាក់ចំណូលរបស់ខ្លួន។

ការធ្លាក់ចុះនូវការវិនិយោគរបស់ក្រុមហ៊ុនផលិតបន្ទះឈីបទាំងនេះ គឺជាមូលហេតុចម្បងដែលនៅពីក្រោយការរកប្រាក់ចំណូលមិនសូវល្អ។ ជាពិសេសក្រុមហ៊ុនផលិតបន្ទះអង្គចងចាំបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយការធ្លាក់ចុះនៃតម្រូវការស្មាតហ្វូន និងម៉ាស៊ីនមេ (ស៊ើវើ) ក៏ដូចជាតម្លៃធ្លាក់ចុះផងដែរ។

លោក ហ្គារី ឌិកឃឺសុន (Gary Dickerson) នាយកប្រតិបត្តិក្រុមហ៊ុន អ៊ឹបផ្លាយ មែធឺរៀល (Applied Materials) បាននិយាយអំឡុងពេលរាយការណ៍តាមទូរស័ព្ទអំពីប្រាក់ចំណូលកាលពីថ្ងៃព្រហស្បតិ៍ថា ប្រសិនបើគិតតាមភាគរយនៃគ្រឿងបន្ទះឈីបសរុបវិញ គឺថាការចំណាយលើអង្គចងចាំកំពុងដំណើរការនៅកម្រិតទាបបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។

លោក ឌិកឃើសុន (Dickerson) បានបន្ថែមថា នៅក្នុងវិស័យបន្ទះឈីបដ៏ឈានមុខគេ ក្រុមហ៊ុនរបស់លោកក៏បានឃើញក្រុមហ៊ុនជាអតិថិជនកាត់បន្ថយផែនការចំណាយរបស់ពួកគេសម្រាប់ឆ្នាំនេះផងដែរ។

ប្រឈមមុខនឹងទីផ្សារធ្លាក់ចុះបែបនេះក្រុមហ៊ុន តូក្យូ អេឡិចត្រុង (Tokyo Electron) បានបន្ទាបការព្យាកររបស់ខ្លួនសម្រាប់ទីផ្សារគ្រឿងបន្ទះឈីបជាសកលឆ្នាំ២០២៣ ដល់អត្រាពី២៥% ទៅ៣០% ពោលគឺអាចធ្លាក់ចុះជាងការព្យាករពីលើកមុនដែលថាធ្លាក់ត្រឹមតែ ២០% ប៉ុណ្ណោះ។

ការរឹតបន្តឹងដែលដឹកនាំដោយសហរដ្ឋអាមេរិកលើការនាំចេញទៅកាន់ប្រទេសចិនក៏ជាហេតុនាំឱ្យមានការកាត់បន្ថយការលក់ឧបករណ៍សម្រាប់ផលិតផលិតផលទំនើបៗទៅឱ្យប្រទេសចិនផងដែរ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងភាគហ៊ុន អេស៊ីលីដា កាន់តែមានភាពទាក់ទាញ ក្រោយការបែងចែកភាគលាភដល់ភាគហ៊ុនិកក្នុងខែឧសភានេះ

ធនាគារ អេស៊ីលីដា ដែលជាធនាគារខ្មែរពាណិជ្ជដ៏ធំមួយដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជាបានបែងចែកភាគលាភចំនួន៤០% នៃប្រាក់ចំណេញក្នុងឆ្នាំ២០…

ក្រុមហ៊ុនផ្សារទំនើបជប៉ុន AEON គ្រោងបើកមជ្ឈមណ្ឌលលក់ទំនិញ ២០សាខាបន្ថែមទៀតនៅវៀតណាម

ក្រុមហ៊ុនលក់រាយដ៏ធំមួយរបស់ជប៉ុន AEON គ្រោងនឹងបើកមជ្ឈមណ្ឌលលក់ទំនិញបន្ថែម ២០កន្លែងទៀតនៅក្នុងប្រទេសវៀតណាម ព្រមទាំងពង្រីកការនាំចូលផលិតផលវៀ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ