 
      ប្រសិនបើគាត់ចាយមួយថ្ងៃ ១លានដុល្លារ លោក ហ្គេតស៍ ត្រូវប្រើពេល ២៤៥ឆ្នាំ ទើបអាចចាយលុយគាត់អស់។ តើគាត់ធ្វើម៉េចទើបមានលុយច្រើនម្ល៉ឹងៗ?
យោងអត្ថបទចុះផ្សាយដោយសារព័ត៌មាន Business Insider កាលពីពេលថ្មីៗនេះ លោក ប៊ីល ហ្គេតស៍ បានចាប់ផ្ដើមបង្កើតក្រុមហ៊ុន Microsoft ជាមួយសហស្ថាបនិកផ្សេងទៀតនៅឆ្នាំ១៩៧៥។ នៅអាយុត្រឹមតែ ៣១ឆ្នាំ លោក ហ្គេតស៍ បានក្លាយជាមហាសេដ្ឋីពិភពលោកក្មេងជាងគេបំផុត នៅគ្រានោះ។
ឆ្នាំ១៩៩៥ ក្រុមហ៊ុន Microsoft របស់លោក ហ្គេតស៍ បានបញ្ចេញកម្មវិធីដំណើរការម៉ាស៊ីនកុំព្យូទ័រ Windows 95 និងបានក្លាយជាបុរសដែលមានទ្រព្យច្រើនជាងគេបំផុត នៅលើពិភពលោក។ ហើយតាំងពីនោះមក លោកស្ថិតនៅកំពូលតារាងនៃកំពូលមហាសេដ្ឋីលើពិភពលោក។ លោក ហ្គេតស៍ ក៏ជាសប្បុរសជនឈានមុខគេមួយរូប នៅលើពិភពលោកនេះផងដែរ។
លោកបានលាលែងពីមុខតំណែងជា CEO របស់ក្រុមហ៊ុន Microsoft ដើម្បីផ្ដោតការងារសំខាន់ទៅលើមូលនិធិ ប៊ីល និង មែលីនដា ហ្គេតស៍។ មូលនិធិនេះបានបរិច្ចាគប្រាក់ជាង ៤១ពាន់លានដុល្លារ ទៅឲ្យបុព្វហេតុមនុស្សធម៌នានា។
ទោះបីថា លោក ហ្គេតស៍ ជាមនុស្សចិត្តល្អបរិច្ចាគលុយច្រើនសន្ធឹកសន្ធាប់ក្ដី ក៏គាត់គឺជាអ្នកចាយខ្ជះខ្ជាយផងដែរ។ ឆ្នាំ១៩៩៧ លោក ប៊ីល ហ្គេតស៍ ទិញយន្តហោះផ្ទាល់ខ្លួនមួយតម្លៃ ២១លានដុល្លារ។ គាត់មានឡានប្រណីតទំនើបៗជាច្រើនគ្រឿងរាប់មិនអស់។ មានពេលមួយនោះ លោក ហ្គេតស៍ ធ្លាប់ត្រូវប៉ូលិសចាប់ខ្លួនដោយសារតែបើកឡានម៉ាក Porsche 911 លើសល្បឿនកំណត់ដោយច្បាប់។
លោក ហ្គេតស៍ ក៏ជាអ្នកស្រលាញ់វត្ថុសិល្បៈផងដែរ។ ឆ្នាំ១៩៨៨ គាត់ចាយលុយ ៣៦លានដុល្លារ ទិញគំនូរ Winslow Homer មួយផ្ទាំង ព្យួរនៅជញ្ជាំងផ្ទះរបស់លោកក្នុងទីក្រុង Seattle ដែលផ្ទះនោះមានតម្លៃ ៦៣លានដុល្លារ។ ផ្ទះនោះមានបន្ទប់ទឹក ២៤ ផ្ទះបាយ ៦ សាលទទួលភ្ញៀវមួយដែលអាចផ្ទុកមនុស្ស ២០០នាក់ រោងកុននៅក្នុងផ្ទះមួយ និងស្រះសិប្បនិម្មិតចិញ្ចឹមត្រីមួយ៕
 
              
              
             
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              