
ស្ថិតក្នុងវ័យ៦៩ឆ្នាំ មហាសេដ្ឋីអាម៉េរិក លោក ប៊ីល ហ្គេត សហស្ថាបនិកក្រុមហ៊ុន Microsoft បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា លោកកំពុងពន្លឿនផែនការបែងចែកទ្រព្យសម្បត្តិរបស់លោកស្ទើរតែទាំងអស់ចំនួន២០០ពាន់លានដុល្លារដល់មូលនិធិសម្បុរសធម៌របស់លោក ហើយលោកនឹងបិទបញ្ចប់កម្មវិធីមូលនិធិនេះ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៤៥ ពោលគឺលឿនជាងការគ្រោងទុកពីមុនជាច្រើនឆ្នាំ។
លោក ហ្គេត ជឿជាក់ថា ចំនួនទឹកប្រាក់នេះនឹងជួយសម្រេចបាននូវគោលដៅជាច្រើនរបស់លោកដូចជាការលុបបំបាត់ជំងឺមួយចំនួនដូចជាជំងឺស្វិតដៃជើង និងគ្រុនចាញ់ ការបញ្ចប់ការស្លាប់ ដែលអាចការពារបានក្នុងចំណោមស្ត្រី និងកុមារ និងការកាត់បន្ថយភាពក្រីក្រជាសកលផងដែរ។
ការប្រកាសរបស់លោក ហ្គេត នេះបានធ្វើឡើងក្រោយពីមានចំណាត់ការរបស់រដ្ឋាភិបាលអាម៉េរិក រួមទាំងរដ្ឋការរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកផង ដើម្បីកាត់បន្ថយថវិកាជំនួយអន្តរជាតិ ដែលប្រើដើម្បីការពារជំងឺដ៏សាហាវ និងគ្រោះទុរ្ភិក្សលើសកលលោក។
ការកាត់បន្ថយថវិការបស់អាម៉េរិកនេះ ត្រូវបានត្រួតពិនិត្យដោយនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដឹកនាំដោយមហាសេដ្ឋី អេឡិន ម៉ាស់ ដែលបានអួតក្ដែងៗជាសាធារណៈថាជាការជួយសន្សំថវិការបស់សហព័ន្ធ ដែលប៉ះពាល់ដល់ថវិកាប្រហែល៨០% នៃកម្មវិធីជំនួយបរទេសរបស់អាម៉េរិក USAID ខណៈទីភ្នាក់ងារនេះបានចំណាយ៤៤ពាន់លានដុល្លារ នៅទូទាំងពិភពលោកក្នុងសារពើពន្ធ២០២៣។
លោក ហ្គេត បានប្រាប់សារព័ត៌មាន Finacial Times ក្នុងបទសម្ភាសមួយថា លោក អេឡិន ម៉ាស់ ដែលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោក កំពុងសម្លាប់កុមារក្រីក្របំផុតរបស់ពិភពលោក។ លោកបានព្រមានថា វានឹងមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេលពី៤ទៅ៦ឆ្នាំខាងមុខ ចំពោះវឌ្ឍនភាពដែលមានរយៈពេលជាច្រើនទសវត្សរ៍មកនេះក្នុងការកាត់បន្ថយអត្រាមរណភាពលើពិភពលោកដោយសារតែការកាត់បន្ថយមូលនិធិរបស់រដ្ឋាភិបាលអាម៉េរិក នៅទូទាំងពិភពលោក៕
ដោយ៖ សុខ មង្គល