ប៉ូលិសឥណ្ឌា កំពុងបើកការស៊ើបអង្កេតដោយស្នើសុំក្រុមហ៊ុនអ៊ីនធឺណិតផ្កាយរណប Starlink របស់លោក Elon Musk ផ្តល់ព័ត៌មានលម្អិត ស្ដីពីអតិថនដែលបានទិញឧបករណ៍អ៊ីនធឺណិតរបស់ខ្លួនយកទៅប្រើប្រាស់ ក្រោយពីសមត្ថកិច្ចឥណ្ឌា រឹបអូសបានគ្រឿងញៀនមេតំហ្វេតាមីន (Methamphetamine) មានតម្លៃរហូតដល់ទៅជាង៤ពាន់លានដុល្លារអាម៉េរិក ដែលជាករណីរត់ពន្ធគ្រឿងញៀនដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រឥណ្ឌា។
យោងតាមសេចក្ដីរាយការណ៍ឱ្យដឹងថា ឧបករណ៍អ៊ីនធឺណិតរបស់ក្រុមហ៊ុន Starlink ត្រូវបានក្រុមឧក្រិដ្ឋជនគ្រឿងញៀនប្រើប្រាស់សម្រាប់នាវាចរណ៍ ឬការស្ទង់មើលទិសដៅនៅសមុទ្រអំឡុងប្រតិបត្តិការរត់ពន្ធ។
ប៉ូលិសឥណ្ឌា ដែលមកពីកោះអានដាម៉ាន់ (Andaman) និងកោះនីកូបា (Nicobar) បានស្នើសុំក្រុមហ៊ុន Starlink នូវព័ត៌មានលម្អិតរបស់អតិថិជនរួមទាំងឈ្មោះរបស់អ្នកទិញឧបករណ៍អ៊ីនធឺណិតរបស់ខ្លួន វិធីទូទាត់ប្រាក់ ការចុះឈ្មោះ និងទីតាំងប្រើប្រាស់ឧបករណ៍អ៊ីនធឺណិតនោះ នៅពេលក្រុមឧក្រិដ្ឋនជនគ្រឿងញៀន ធ្វើដំណើរលើដែនសមុទ្រអន្តរជាតិ ពីប្រទេសមីយ៉ាន់ម៉ា ទៅកាន់ប្រទេសឥណ្ឌា។
សូមបញ្ជាក់ថា នេះជាករណីដំបូងហើយដែលឧបករណ៍អ៊ីនធឺណិតរបស់ក្រុមហ៊ុន Starlink ត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការរត់ពន្ធគ្រឿងញៀនបែបនេះ។ ករណីនេះ ក៏បានបង្កការព្រួយបារម្ភអំពីការប្រើប្រាស់សេវាទូរគមនាគមន៍ផ្កាយរណបដែលគ្មានច្បាប់អនុញ្ញាតនៅក្នុងដែនទឹកឥណ្ឌាផងដែរ ពីព្រោះក្រុមហ៊ុន Starlink មិនត្រូវបានអនុញ្ញាតឱ្យដំណើរការផ្ដល់សេវាអ៊ីនធឺណិតនៅក្នុងប្រទេសឥណ្ឌាជាផ្លូវការនោះឡើយ៕
ដោយ: តែម សុខុម