គិតត្រឹមចុងត្រីមាស២ ឆ្នាំ២០២៤ ក្រុមហ៊ុន Berkshire Hathaway របស់មហាសេដ្ឋីដ៏ល្បីល្បាញ វ៉រ៉េន បាប់ហ្វេត បានកាន់កាប់មូលបត្របំណុលរយៈពេលខ្លីរបស់រដ្ឋាភិបាលអាម៉េរិក រហូតដល់ជាង២៣៤ពាន់លានដុល្លារ មានការកើនឡើង៨១% បើធៀបនឹងបណ្ណបំណុលដែលក្រុមហ៊ុននេះ បានកាន់កាលពីចុងឆ្នាំ២០២៣ ដែលមានត្រឹមតែ១៣០ពាន់លានដុល្លារ។
ទំហំបណ្ណបំណុលដែលក្រុមហ៊ុនខាងលើ បានកាន់កាប់ គឺមានទំហំធំជាងមូលបត្របំណុលដែលកំពុងកាន់កាប់ដោយធនាគារកណ្តាលអាម៉េរិកទៅទៀត ពោលគឺធនាគារនេះ កាន់កាប់តែជាង១៩៥ពាន់លានដុល្លារតែប៉ុណ្ណោះ។
កត្តាដែលជំរុញឱ្យក្រុមហ៊ុនរបស់លោក វ៉រ៉េន បាប់ហ្វេត កាន់កាប់មូលបត្របំណុលរយៈពេលខ្លីរបស់រដ្ឋាភិបាលអាម៉េរិក ដ៏ច្រើនលើសលប់នេះ គឺដោយសារមហាសេដ្ឋីរូបនេះ មានការជឿជាក់ខ្ពស់លើមូលបត្របំណុលរបស់រដ្ឋាភិបាលអាម៉េរិក ដ្បិតវា មានសុវត្ថិភាពខ្ពស់ក្នុងការវិនិយោគ ហើយវាបានផ្តល់អត្រាការប្រាក់ខ្ពស់ក្នុងរង្វង់ជាង៥% ក្នុង១ឆ្នាំ។ ក្នុងនោះបើវិនិយោគលើមូលបត្របំណុលរយៈពេល១ខែអ្នកវិនិយោគនឹងទទួលបានអត្រាការប្រាក់៥,៣៣% រយៈពេល៣ខែទទួលបាន៥.២២% និង៦ខែទទួលបានជិត៥%។
តាមរយៈទំហំអត្រាការនេះ ក្រុមហ៊ុន Berkshire Hathaway អាចទទួលបានប្រាក់ចំណេញប្រមាណ១២ពាន់លានដុល្លារក្នុង១ឆ្នាំ ឬប្រមាណ៣ពាន់លានដុល្លារក្នុងរយៈពេល៣ខែ៕
អត្ថបទ៖ សុខ មង្គល