រដ្ឋប្រហារនៅមីយ៉ាន់ម៉ា

ប្រទេសក្បែរខាងភូមាផ្តើមរឹតត្បិតតាមព្រំដែនក្រោយពលរដ្ឋកាន់តែច្រើនរត់ភៀសខ្លួន


បាតុកម្មនិងអំពើហិង្សាបន្តអូសបន្លាយក្នុងប្រទេសភូមា ជាហេតុនាំឲ្យពលរដ្ឋកាន់តែច្រើនរត់ចោលផ្ទះសម្បែងនៅទីក្រុង មកនៅតាមជនបទ និងខ្លះភៀសខ្លួនទៅតាមព្រំដែនជាមួយប្រទេសជិតខាង។ អ្នកគេចខ្លួនទៅតាមព្រំដែនភាគច្រើន ជាសកម្មជន ឬអ្នកដែលរត់គេចពីការចាប់ខ្លួនរបស់របបយោធាមីយ៉ាន់ម៉ា។
អតីតក្រុមយោធាភូមាដែលរត់ចោលជួរ គេចទៅប្រទេសឥណ្ឌានិងថៃ ដោយសារមិនចង់ធ្វើតាមបញ្ជាថ្នាក់លើឲ្យបាញ់សម្លាប់បាតុករ រូបភាព៖ AP
ដោយ

សារព័ត៌មាន Nikkei បាន​ចុះ​ផ្សាយ​ថា ប្រទេស​ដែល​មាន​ព្រំដែន​ជាប់​ជាមួយនឹង​ភូមា​រួម​មាន ឥណ្ឌា ថៃ និង​បង់​ក្លា​ដេ​ស សុទ្ធតែ​បាន​បង្កើន​ការ​យាមកាម​ខ្ពស់ ជៀសវាង​មាន​អ្នក​លួច​រត់​ឆ្លង​ដែន​ពី​ភូមា​ចូល​ទៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។

តើ​មូលហេតុ​អ្វី​បានជា​ប្រទេស​ទាំងនេះ មិន​ចង់​ទទួលយក​ជនភៀសខ្លួន​ពី​ភូមា?

ប្រទេស​ភូមិ​ផង​របង​ជាមួយ​ភូមា​ដូច​ជា ថៃ បង់​ក្លា​ដេ​ស និង ឥណ្ឌា​សុទ្ធតែ​កំពុង​ប្រឈម​នឹង​បញ្ហា​ក្នុង​ប្រទេស​រៀង​ៗ​ខ្លួន​។ ប្រសិនបើ​ពួក​គេ​ទទួលយក​ចំនួន​ដ៏​ច្រើន​នៃ​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​មក​ពី​ប្រទេស​ភូមា​នោះ ហិរញ្ញវត្ថុ​សាធារណៈ ដែល​កំពុង​មាន​ភាព​តានតឹង​ស្រាប់ នឹង​ត្រូវ​ក្លាយជា​បន្ទុក​បន្ថែម​ទៀត​សម្រាប់​រដ្ឋ​នីមួយ​ៗ ប៉ុន្តែ​ប្រសិនបើ​ពួក​គេ​បញ្ជូន​ប្រជាជន​ដែល​បាន​រត់គេច​ទៅ​ប្រទេស​ភូមា​វិញ នោះ​ពួក​គេ​នឹង​រង​ការ​រិះគន់​ពី​អន្តរជាតិ​ជាក់​ជា​មិន​ខាន​។

ជំងឺ​កូ​វី​ដ​១៩ ក៏​ជា​មូលហេតុ​មួយ ដែល​ធ្វើ​ឲ្យ​ប្រទេស​ទាំងនេះ​ស្ទាក់ស្ទើរ​ក្នុង​ការ​ទទួលយក​ជនភៀសខ្លួន​ទាំងនេះ ព្រោះ​វា​ប្រឈម​នឹង​ការ​ចម្លង​កូ​វី​ដ​១៩​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​។

ជាក់ស្តែង ថៃ​ទើបនឹង​មានការ​ចម្លង​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​កាលពី​ខែមករា ដោយ​រាលដាល​ចេញពី​ផ្សារ​លក់​គ្រឿង​សមុទ្រ​មួយ​កន្លែង​ក្នុង​ខេត្ត​សា​មុត​សា​ខន​ប្រទេស​ថៃ ដែល​កាលនោះ​ត្រូវ​បាន​គេ​ជឿ​ថា​ចម្លង​ចេញពី​ពលករ​ចំណាកស្រុក​ភូមា​ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​។

ទោះ​យ៉ាងណា​ថៃ ក៏​ព្រម​ទទួលយក​អ្នក​រត់គេច​ខ្លះ ដោយ​អនុញ្ញាត​ឲ្យ​ស្នាក់​នៅ​ក្នុង​ជុំរំ​បណ្តោះអាសន្ន​ជា​ច្រើន​តាម​បណ្តោយ​ព្រំដែន ក្នុង​ខេត្ត​រា​នុ​ន និង ឆុំ​ប៉ុន​។ ប៉ុន្តែ​រដ្ឋាភិបាល​ថៃ​បាន​បញ្ជាក់​ហើយ​ថា​ជុំរំ​នេះ​ជា​ជុំរំ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។

អ្នក​រត់គេច​នៅ​បន្ត​រត់គេច ចំណែក​អ្នក​ធ្វើ​បាតុកម្ម​នៅ​បន្ត​ធ្វើ​បាតុកម្ម​ដដែល​។ ជាក់ស្តែង កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ទី​២៥​មីនា​ម្សិលមិញ​នេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​រាយការណ៍​ថា បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​រាប់​ពាន់​នាក់ បាន​ចេញ​ផ្លូវ​ធ្វើ​បាតុកម្ម​នៅ​ពាសពេញ​ទីក្រុង យ៉ង់​ហ្គោ​ន និង​តំបន់​ជុំវិញ​នោះ​ជា​ច្រើន​ទៀត​។

យោធា​បាន​ព្យាយាម​បំបែក​ក្រុម​បាតុករ​ដែល​ធ្វើ​បាតុកម្ម​នៅ​តាម​ផ្លួ​វ  ដោយ​បាន​ចាប់ខ្លួន​មនុស្ស​២០​នាក់​បន្ថែម​ទៀត នាំ​ឲ្យ​ចំនួន​បាតុករ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​មាន​ដល់​ជាង ២៥០០​នាក់ និង​អ្នក​ស្លាប់​អស់​ជាង​២៥០​នាក់​។

តើ​មក​ទល់​ពេល​នេះ សហគមន៍​អន្តរជាតិ​មានការ​ថ្កោលទោស និង​ដាក់​ទណ្ឌកម្ម​អ្វី​ខ្លះទៅ​លើ​របស់​យោធា​ភូមា?

គេ​នៅ​មិន​ទាន់​ឃើញ​មាន​ចំណាត់ការ​ថ្មី​ណាមួយ​ពី​អន្តរជាតិ​នោះ​ទេ ក្រៅ​តែ​ពី​ការ​ថ្កោលទោស​ពី​ប្រទេស​នានា និង​ជា​ពិសេស​អង្គការសហប្រជាជាតិ ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប​បាន​ត្រឹម​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​យោធា​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​។ រីឯ​អា​មេ​រិ​ក​វិញ ក៏​កំពុង​មាន​ផែនការ​ក្នុង​ការ​ដាក់​ប​ញ្ជូ​ល​ក្រុមហ៊ុន​ធំ​ៗ​ចំនួន​២ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​យោធា​មី​យ៉ា​ន់​ម៉ា ចូល​ទៅ​ក្នុង​បញ្ជីខ្មៅ​របស់​អា​មេ​រិ​ក​ផង​ដែរ ខណៈ​ដែល​អា​មេ​រិ​ក​កន្លង​ទៅ ក៏​ទើបតែ​បាន​បង្កក​លុយ​១​ពាន់​លាន​ដុល្លារ​របស់​ធនាគារកណ្ដាល​ភូមា​ដែល​បាន​ទុក​នៅ​ធនាគារកណ្ដាល​នៃ​ក្រុង​ញ៉ូ​វ​យ័​ក​ផង​ដែរ​។

យ៉ាងណាមិញ កាលពី​ស​ប្តា​ហ៍​មុន​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​នេ​ស៊ី​បាន​អំពាវនាវ​ជា​ថ្មី​ទៀត ឱ្យ​មាន​កិច្ចប្រជុំ​កំពូល​ពិសេស​បន្ទាន់​មួយ​របស់​អាស៊ាន ដើម្បី​ដោះស្រាយ​ស្ថានការណ៍​នៅ​ភូមា ខណៈ​ការ​បង្ក្រាប​ដ៏​សាហាវ​ទៅ​លើ ក្រុម​បាតុករ​ប្រឆាំង​រដ្ឋប្រហារ នៅ​តែ​បន្ត​កើត​មាននៅ​ក្នុង ប្រទេស​សមាជិក​អាស៊ាន​មួយ​នេះ​៕

None



អត្ថបទបន្ទាប់


អាជ្ញាធរហុងកុងប្រាប់រដ្ឋាភិបាលបរទេសឲ្យឈប់ទទួលស្គាល់លិខិតឆ្លងដែនពិសេសរបស់អង់គ្លេស

អាជ្ញាធរហុងកុង បានប្រាប់ទៅកាន់ស្ថានកុងស៊ុលបរទេសមួយចំនួន ឲ្យឈប់ទទួលយកឯកសារធ្វើដំណើររបស់អង់គ្លេស ដែលយុវជនហុងកុងជាច្រើនបានប្រើប្រាស់ដើម្ប…

ច្រើនបំផុតមិនធ្លាប់មាន! អ្នកឆ្លងថ្មីកូវីដ-១៩ ចំនួន​១៧៩នាក់ កម្ពុជារកឃើញត្រឹមតែរយៈពេល១ថ្ងៃ!

ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញអ្នកឆ្លងថ្មីកូវីដ-១៩ ដល់ទៅ ១៧៩នាក់ ត្រឹមតែរយៈពេល១ថ្ងៃប៉ុណ្ណោះ គិតត្រឹមព្រឹកថ្ងៃទី ២៧ ខែមីនាឆ្នាំ២០២១នេះ ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ