លោក ជួន ណារិន បាននិយាយថា អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ បានរកឃើញសាកសពនាង Amelia Bambridge ដែលមានរយៈពេល២ម៉ោង ពីដីគោក ហើយពេលនេះកំពុងតែដឹកមកដើម្បីធ្វើកោសល្យវិច័យបន្ថែម។
លោក ជួន ណារិន បាននិយាយដូច្នេះថា «ឥឡូវ កំពុងតែដឹកចេញពីព្រំដែនថៃមក ព្រោះទៅទើនៅថ្មដៃដឹក នៅកោះឆ្លាម ព្រំដែនថៃ កោះកុង ឥឡូវគេកំពុងដឹកលើនាវាមកហើយ។
នាង Amelia Bambridge បានបាត់ខ្លួននៅលើកោះរ៉ុង កាលពីថ្ងៃទី២៤ ខែតុលា វេលាម៉ោង៣ភ្លឺ ដោយបន្សល់តែកាបូបរបស់នាងនៅលើថ្មក្បែមាត់សមុទ្រ បន្ទាប់ពីបានចាកចេញពីកន្លែងជប់លៀងនៅលើឆ្នេរដែលមានឈ្មោះថា ឆ្នេរប៉ូលិស។
ការស្វែងរកនាង Amelia Bambridge រួមមាន អ្នកមុជទឹកស្ម័គ្រចិត្តនិងអាជ្ញាធរមូលដ្ឋានរាប់រយនាក់ ដោយមានទាំងប្រើយន្តហោះដ្រូនផង ហើយការស្វែងរកបានធ្វើឡើងនៅលើផ្ទៃសមុទ្រ ក្នុងព្រៃ តាមផ្ទះនានា និងតាមរយៈឧទ្ធម្ភាគចក្រ។
លោក នួន ប៉ុនថុល អភិបាលក្រុងកោះរ៉ុង បាននិយាយថា យោងតាមកាមេរ៉ាមួយដែលគេដាក់នៅមុខផ្លូវហ្នឹង គេឃើញនាង Amelia Bambridge ទៅកន្លែងជប់លៀងជាមួយគ្នា ៣ ឬ ៤នាក់ ប៉ុន្តែ នាងមិនបានវិលត្រលប់មកវិញទេ។
បើយោងតាមលោក ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ មនុស្សចំនួនជាង ២០នាក់ហើយ ត្រូវបានអាជ្ញាធរហៅមកសាកសួរអំពីករណីបាត់ខ្លួន នាង Amelia Bambridge នេះ ប៉ុន្តែមិនមានការឃុំខ្លួននោះទេ។
មុនដំណឹងស្លាប់របស់ប្អូនស្រីខ្លួន លោក Harry Bambridge ដែលជាបងប្រុសនាង Amelia Bambridge បានអរគុណសាធារណជនចំពោះការគាំទ្រដ៏ពេញទំហឹង ហើយក៏បាននិយាយផងដែរថា លោកនឹងធ្វើឲ្យប្រាកដថា នឹងមានការស៊ើបអង្កេតយ៉ាងដិតដល់ចំពោះការបាត់ខ្លួននេះ។
លោក Harry Bambridge បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី២៩ ខែតុលា ដូច្នេះថា «ជាថ្ងៃរំជួលចិត្តដ៏យូរហើយ យើងនៅតែធ្វើការដោយមិននឿយហត់ ដើម្បីឈានដល់ការរកឲ្យឃើញមូលហេតុនៃការបាត់ខ្លួនរបស់ប្អូនស្រីខ្ញុំ។»
លោក Harry Bambridge បានសរសេរបន្តថា «ខ្ញុំកំពុងធ្វើឱ្យប្រាកដថា ករណីនេះត្រូវបានស៊ើបអង្កេតយ៉ាងត្រឹមត្រូវ។ គ្មានការដកថយ គ្មានការចុះចាញ់ យើងនឹងរកនាងឲ្យឃើញ»៕