ជាក់ស្ដែង នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) នៅថ្ងៃពុធសប្ដាហ៍នេះ បានធ្វើទស្សនកិច្ចនៅប្រទេសអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទទួលបានលំហូរប្រេងបន្ថែមពីមជ្ឈិមបូព៌ា និងបង្កើនសម្ពាធលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជុំវិញសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន។
នៅពេលដែលចក្រភពអង់គ្លេសនិង ប្រទេសលោកខាងលិចជាច្រើនទៀតកំពុងតែប្រឈមនឹងតម្លៃថាមពលឡើងថ្លៃឥតឈប់ឈរ ក្រោយទម្លាក់ទណ្ឌកម្មផ្ទួនៗទៅលើរុស្ស៊ីនោះ លោក ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេសកំពុងអន្ទៈសាមែនទែន ក្នុងការជំរុញឱ្យប្រទេសផលិតប្រេងបង្កើនការផលិតរបស់ខ្លួន និងធានាការផ្គត់ផ្គង់ផ្សេងទៀត ដើម្បីព្យាយាមជួយប្រទេសជាអ្នកប្រើប្រាស់ប្រេងពិសេសនៅអឺរ៉ុប។ ការផ្គត់ផ្គង់ប្រេងពីប្រទេសផលិតប្រេង ពិសេសពីមជ្ឍិមបូព៌ាកាន់តែច្រើន នោះវានឹងជួយកាត់បន្ថយការពឹងផ្អែកទៅលើការនាំចូលប្រេងពីប្រទេសរុស្ស៊ីផងដែរ។
អ្នកនាំពាក្យរដ្ឋាភិបាលរបស់លោក បូរីស ចនសុន បាននិយាយថា មេដឹកនាំអង់គ្លេសក៏នឹងលើកឡើងពីបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសអារ៉ាប៊ីសាអូឌីត រួមទាំងការប្រហារជីវិតបុរស ៨១ នាក់ផងដែរ ប៉ុន្តែក្រុមអ្នករិះគន់និយាយថា រដ្ឋាភិបាលទីក្រុងឡុងដ៍ មិនគួរងាកទៅរកប្រទេស ដែលបានប្រព្រឹត្តការប្រហារជីវិតដ៏ធំបំផុតរបស់ខ្លួនក្នុងប៉ុន្មានទសវត្សរ៍នេះទេ។
នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះនឹងជួបព្រះអង្គម្ចាស់ ម៉ូហាម៉េត ប៊ីន ហ្សាយ៉េដ (Mohammed bin Zayed) នៅប្រទេសអារ៉ាប់រួមមុនពេលធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចូលគាល់ព្រះអង្គម្ចាស់ ម៉ូហាម៉េត ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។លោក ចនសុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយមុនពេលកិច្ចប្រជុំមួយថា ចក្រភពអង់គ្លេសកំពុងបង្កើតសម្ព័ន្ធភាពអន្តរជាតិមួយ ដើម្បីដោះស្រាយបញ្ហាដែលអង់គ្លេសកំពុងជួបថ្មីៗនេះ។ ពិភពលោកត្រូវតែផ្តាច់ខ្លួនចេញពីការពឹងផ្អែកលើការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ីដើម្បីផ្ដាច់អាហារដ៏សែនឆ្ងាញ់របស់លោក ពូទីន។
លោក ចនសុន បានបន្ថែមទៀតថា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម គឺជាដៃគូអន្តរជាតិដ៏សំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។ អង់គ្លេសនឹងធ្វើការជាមួយប្រទេសទាំងនេះ ដើម្បីធានាសន្តិសុខក្នុងតំបន់ ការគាំទ្រកិច្ចខិតខំប្រឹងប្រែងសង្គ្រោះមនុស្សធម៌ និងការធ្វើឱ្យមានស្ថិរភាព នៃទីផ្សារថាមពលពិភពលោកសម្រាប់រយៈពេលកាន់តែវែង។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអង់គ្លេសនេះ ប្រទេសអារ៉ាប៊ីសាអូឌីតដែលជាអ្នកផ្គត់ផ្គង់ប្រេងម៉ាស៊ូតធំជាងគេទីបីទៅឱ្យចក្រភពអង់គ្លេសនោះ ក៏នឹងមានការបញ្ជាក់ដែរថា ក្រុម Alfanar Group របស់អារ៉ាប់ប៊ីសាអូឌីតនឹងវិនិយោគទឹកប្រាក់ប្រហែល ១ពាន់៣រយលានដុល្លារអាមេរិកនៅក្នុងគម្រោងផលិតប្រេងបៃតង ឬហៅថា Lighthouse Green Fuels Project នៅតំបន់ ធីសាយ (Teeside) នៅភាគឦសានប្រទេសអង់គ្លេសផងដែរ៕
អត្ថបទ៖ សុខ ជា