វិបត្តិសង្គ្រាមនៅអ៊ុយក្រែន

ចិនចោទកោះតៃវ៉ាន់ថា កំពុងទាញយកប្រយោជន៍ពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន


រដ្ឋាភិបាលចិននៅថ្ងៃពុធ ទី១៦ ខែមីនា បានថ្កោលទោសជំនួយមនុស្សធម៌របស់តៃវ៉ាន់សម្រាប់អ៊ុយក្រែន និងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីថាជា «ការទាញយកប្រយោជន៍លើការលំបាករបស់អ្នកដទៃ»។ ការអះអាង របស់ក្រុងប៉េកាំងនេះ ធ្វើឡើងនៅបន្ទាប់ពី ទីក្រុងតៃប៉ិ បានប្រកាសថា ខ្លួនកំពុងបញ្ជូនមូលនិធិបន្ថែម ដែលផ្តល់ទៅឲ្យតាមរយៈសាធារណៈជន សម្រាប់ផ្ដល់ជូនជនភៀសខ្លួនអ៊ុយក្រែនកាន់តែច្រើនបន្ថែមទៀត។ នេះបើតាមការចុះផ្សាយសារព័ត៌មាន CNA។
ចិនចោទកោះតៃវ៉ាន់ថា កំពុងទាញយកប្រយោជន៍ពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន

បើ​ទោះបីជា​មិន​មាន​សំឡេង​ធ្ងន់​ទៅ​លើ​ឆាក​អន្តរជាតិ និង​មាន​ឥទ្ធិពល​ខ្លាំងក្លា​លើ​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​រុ​ស្ស៊ី​ក្ដី ប៉ុន្ដែ កោះ​តៃវ៉ាន់ បាន​ចូលរួម​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន ក្នុង​ការ​ជួយ​ដល់​ជនភៀសខ្លួន​នៅ​អ៊ុយ​ក្រែ​ន និង​ការ​ដាក់​ទណ្ឌកម្ម​មួយ​ចំនួន​លើ​រុ​ស្ស៊ី​ផង​ដែរ​។ ទន្ទឹម​នឹង ការ​ជួយ​ដល់​អ៊ុយ​ក្រែ​ន កោះ​តៃវ៉ាន់ ក៏​កំពុង​តាមដាន​មើល​ពី​ស្ថានការណ៍​សង្គ្រាម​នេះ យ៉ាង​ដិត​ដល់​ផង​ដែរ ដ្បិតថា ដែន​កោះ​មួយ​នេះ បារម្ភ​ថា​ខ្លួន​ក៏​អាច​នឹង​ត្រូវ មហាអំណាច​ចិន​វាយប្រហារ​នៅ​ពេល​ណាមួយ​ផង​ដែរ ដ្បិតថា កន្លង​មក​ចិន​បាន​ប្រើប្រាស់​ការ​គំរាមកំហែង​ដោយ​យោធា ដូច​ជា​ការ​បញ្ជូន​យន្ដហោះ​ចម្បាំង​ហោះ​ចូល​ក្នុង​ដែនអាកាស​កោះ​តៃវ៉ាន់​ជា​ញឹកញាប់​។ ភាគី​ចិន​វិញ បាន​អះអាង​យ៉ាង​ដាច់​ណាត់​ជា​រឿយ​ៗ​ថា កោះ​តៃវ៉ាន់ គឺជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន ហើយ​គ្មាន​ថ្ងៃ​កាត់​ផ្ដាច់ខ្លួន​ចេញពី​ចិន​បាន​ឡើយ​។ 

យ៉ាងណាមិញ នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​ប៉េ​កាំ​ង លោកស្រី ឈូ ហ្វេ​ង​ឡាំង (Zhu Fenglian) អ្នកនាំពាក្យ​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​របស់​ប្រទេស​ចិន​បាន​លើក​ឡើង​ថា ការ​ដាក់​ទណ្ឌកម្ម​រុ​ស្ស៊ី និង ផ្តល់​ជំនួយ​ដល់​អ៊ុយ​ក្រែ​ន ពី​សំណាក់​កោះ​តៃវ៉ាន់ គឺ​កំពុង​សម្លឹង​ឃើញ​នូវ​ផលប្រយោជន៍​ផ្ទាល់​អំពី​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នេះ​។ លោកស្រី​បន្ថែម​ថា មេដឹកនាំ​កោះ​តៃវ៉ាន់ កំពុង​ប្រើប្រាស់​បញ្ហា​អ៊ុយ​ក្រែ​ន ដើម្បី​បញ្ជាក់​អំពី​ស្ថានភាព​របស់​ខ្លួន​ឲ្យ​ពិភពលោក​បានដឹង ហើយ​នាំ​យក​បញ្ហា​ស្មុ​ក​ស្មាញ​មក​ឲ្យ​ប្រទេស​ចិន​។ ក្នុង​នោះ លោកស្រី​បាន​សង្កត់ធ្ងន់​ថា ការ​បង្កើត​នូវ​ឧបាយកល​នយោបាយ​បែប​នេះ គឺ​នឹង​មិន​ជោគជ័យ​ឡើយ​។

ទោះបីជា​យ៉ាងនេះ​ក្តី មេដឹកនាំ​តៃវ៉ាន់​អះអាង​ថា អ៊ុយ​ក្រែ​ន​មាន​កាតព្វកិច្ច​ឈរ​ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេង​ទៀត​។ ក្នុង​នោះ កាលពី​ល្ងាច​ថ្ងៃ​អង្គារ កោះ​តៃវ៉ាន់​ក៏​បាន​ប្រកាស​ផ្តល់​ជំនួយ​ជា​លើក​ទី​ពីរ​ចំនួន​ជិត ១២ លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត ដើម្បី​ជួយ​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន បន្ទាប់​ពី​ការ​បរិច្ចាគ​លើក​ដំបូង​ក្នុង​ខែ​នេះ ចំនួន​ជិត ៤ លាន​ដុល្លារ​។ មេដឹកនាំ​កោះ​តៃវ៉ាន់​លោកស្រី Tsai Ing-wen ក៏​បាន​ផ្តល់​ប្រាក់ខែ​របស់​លោកស្រី​នៅ​ក្នុង​មូលនិធិ​នេះ​ផង​ដែរ​។ 

គួរ​ជម្រាប​ថា បើ​ទោះបីជា ប្រទេស​ចិន​ដែល​បាន​បដិសេធ​ថ្កោលទោស​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​ទៅ​លើ​អ៊ុយ​ក្រែ​ន ប៉ុន្ដែ ចិន​កាលពី​ស​ប្តា​ហ៍​មុន​នេះ​បាន​បញ្ជាក់​ថា កាកបាទក្រហម​ចិន នឹង​ផ្តល់​ជំនួយ​មនុស្សធម៌​ក្នុង​ទឹកប្រាក់​ជិត ៨ សែន​ដុល្លារ​អា​មេ​រិ​ក ដល់​អ៊ុយ​ក្រែ​ន ដែល​នេះ​ជា​ជំនួយ​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​លើក​ដំបូង ដែល​ចិន​បាន​ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​រាប់​តាំងពី​សង្គ្រាម​កើតឡើង​មក​៕ 

អត្ថបទ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


UN ថាយោធាភូមា មានជាប់ទាក់ទងនឹងការប្រព្រឹត្តអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

ព័ត៌មាន
អង្គការសហប្រជាជាតិបានចេញរបាយការណ៍ចុងក្រោយមួយកាលពីថ្ងៃអង្គារទី១៥មីនា ដោយបានបញ្ជាក់ថា ការប្រព្រឹត្តដោយកងទ័ពភូមា ទៅលើប្រជាពលរដ្ឋស្លូតត្រង់ដែ…

អង់គ្លេសតាមចែចូវទិញប្រេងពីតំបន់មជ្ឈិមបូព៌ា ក្រោយឈប់នាំចូលប្រេងពីរុស្ស៊ី

ព័ត៌មាន
បើទោះបីជា ប្រទេសលោកខាងលិចមិនសូវជាល្អូកល្អើនជាមួយនឹងប្រទេសនៅតំបន់មជ្ឈិមបូព៌ាក៏ពិតមែន ប៉ុន្ដែ នៅក្រោយពេលសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ