លោកបណ្ឌិត អុិន ចាន់នី ប្រធានសមាគមធនាគារកម្ពុជា និងជាប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដាបានវាយតម្លៃខ្ពស់ចំពោះគម្រោងសាជីវកម្មធានាឥណទានរបស់រាជរដ្ឋាភិបាលក្នុងការជួយផ្តល់ទំនុកចិត្តបន្ថែមទៀត ក្នុងការផ្តល់ឥណទានដល់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ។ ជាពិសេស ជួយបង្កើនលទ្ធភាពកាន់តែខ្ពស់ដល់ម្ចាស់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យមក្នុងការទទួលបានកម្ចីបន្ថែម ដើម្បីទ្រទ្រង់ដំណើរការ និងពង្រីកអាជីវកម្មរបស់ខ្លួនក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩។
លោកបណ្ឌិត អុិន ចាន់នី បានវាយតម្លៃថា កញ្ចប់ថវិកា២០០លានដុល្លារអាមេរិក ដែលជាទុនដំបូងរបស់រាជរដ្ឋាភិបាល នឹងជួយបង្កើនលទ្ធភាពផ្តល់កម្ចីឥណទាន ដល់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុរហូតដល់២ពាន់លានដុល្លារ។ យ៉ាងណាមិញ សម្រាប់ធនាគារអេស៊ីលីដា ដែលជាដៃគូសហការរបស់គម្រោងសាវជីវកម្មធានាឥណទាននេ រំពឹងថា ការផ្តល់ឥណទានរបស់ខ្លួននឹងកើនឡើងបន្ថែមទៀតផងដែរ។
ជាមួយគ្នានេះ លោក គា បូរាណ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងនាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានបង្ហាញក្តីរំពឹងថា តាមរយៈគម្រោងនេះ ការផ្តល់កម្ចីឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ក៏ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ផងដែរនឹងមានការកើនឡើង។ ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងពីអត្ថប្រយោជន៍ នៃគម្រោងសាជីវកម្មធានាឥណទាន ក្នុងការជួយស្តារជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិឲ្យកាន់តែល្អប្រសើរផងដែរ។
ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាជីវកម្មធានាឥណទានកម្ពុជាបានបញ្ជាក់ថា គម្រោងសាជីវកម្មធានាឥណទាន គឺជាក្រុមហ៊ុនធានាឥណទានដំបូងគេបង្អស់ ដែលផ្តួចផ្តើមដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាសហគ្រាសសាធារណៈ ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអាណាព្យាបាល។ បេសកកម្មចម្បងរបស់ BRGS គឺផ្តល់ការធានាឥណទានដល់គ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូ ដើម្បីគាំទ្រដល់អាជីវកម្ម ដែលមានលទ្ធភាពសង តែខ្វះទ្រព្យបញ្ចាំនៅពេលស្នើសុំឥណទាន។
បើតាមរដ្ឋលេខាធិការរូបនេះ គ្រោង BRGS នឹងដើរតួជាទ្រព្យបញ្ចាំចាប់ពី៧០% ទៅ៨០% នៃទំហំឥណទានដែលផ្តល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម។
បច្ចុប្បន្ន គ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាដៃគូសហការជាមួយសាជីវកម្មធានាឥណទានរួមមានធនាគារអេស៊ីលីដា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, ធនាគារអាស៊ា ប៉ាស៊ីហ្វិក ឌីវេឡុបមេន, ធនាគារប្រៃសនីយ៍កម្ពុជា, ធនាគារកាណាឌីយ៉ា, ធនាគារហ្វីលីព និងធនាគារព្រីនស៍៕