កាលពីពេលថ្មីៗនេះមហាយក្សចិន និងរុស្ស៊ី ដែលសុទ្ធតែជាសមាជិកស្ថាបនិកនៃប្លុកប្រទេស BRICS បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំសម្បើមមួយ ដោយក្នុងនោះប្រទេសមហាអំណាចទាំងពីរនឹងប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុករហូតដល់ទៅ២៦០ពាន់លានដុល្លារអាម៉េរិក សម្រាប់ការទូទាត់ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ជំនួសឱ្យប្រាក់ដុល្លារអាម៉េរិក។
ប្រភពព័ត៌មានដដែលបានបង្ហាញថា ៩៥%នៃទំហំពាណិជ្ជកម្ម២៦០ពាន់លានដុល្លារខាងលើនេះនឹងត្រូវទូទាត់ជាប្រាក់យន់ (Yuan) របស់ប្រទេសចិន ខណៈ៥%ទៀតនឹងត្រូវទូទាត់ជារូបិយប័ណ្ណរុស្ស៊ី និងប្រាក់អឺរ៉ូ។ ស្ថានការណ៍វិវត្តន៍នេះ បានបង្ហាញថា ប្លុកប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខ្លាំងហៅកាត់ថា BRICS ដែលមានសមាជិកសំខាន់ៗចំនួន៥ រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា មហាយក្សចិន និងអាហ្វ្រិកខាងត្បួង មានការតាំងចិត្តយ៉ាងមោះមុត ហើយនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីជំរុញចលនាធ្វើបដិដុល្លារនីយកម្ម ឬការឈប់ប្រើប្រាស់ប្រាក់ដុល្លារ សម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរជាតិ។
ជាការពិតណាស់ ប្រសិនបើប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនផ្សេងទៀតចាប់ផ្តើមអនុវត្តតាមរបៀបវារៈរបស់ប្លុកប្រទេស BRICS នោះប្រាក់ដុល្លារអាម៉េរិក នឹងទទួលរងសម្ពាធ ហើយនឹងបាត់បង់អានុភាពរបស់ខ្លួនកាន់តែខ្លាំងក្នុងនាមជារូបិយប័ណ្ណបម្រុងរបស់ពិភពលោក។
សូមបញ្ជាក់ថា គិតត្រឹមខែមេសា ឆ្នាំ២០២៤ នេះ ប្រទេសប្រមាណ៣៥បានបង្ហាញពីចំណាប់អារម្មណ៍ចង់ចូលរួមជាសមាជិកនៃប្លុកប្រទេស BRICS។ ប្រទេសខ្លះបានបង្ហាញចំណាប់អារម្មណ៍របស់ពួកគេជាផ្លូវការតាមរយៈការដាក់ពាក្យស្នើសុំ ខណៈប្រទេសខ្លះទៀតបានបង្ហាញចំណាប់អារម្មណ៍ក្រៅផ្លូវការ។
លើសពីនេះ ខណៈដែលប្លុកប្រទេស BRICS នឹងរីកកាន់តែធំ ពោលគឺមានសមាជិកកាន់តែច្រើននៅឆ្នាំ២០២៤ នេះ ប្រាក់ដុល្លារអាម៉េរិក នឹងប្រឈមសម្ពាធ ហើយនឹងបាត់បង់អានុភាពរបស់ខ្លួនកាន់តែខ្លាំងក្នុងនាមជារូបិយប័ណ្ណបម្រុងរបស់ពិភពលោក ខណៈដែលចលនាធ្វើបដិដុល្លារនីយកម្មកាន់តែផុសផុលខ្លាំង៕
ដោយ: តែម សុខុម